នៅក្រៅប្រទេស ក្រុមមន្ត្រីសហជីពនិង EDC បានជួបជជែកគ្នាពីការសម្របសម្រួល ជាមួយកម្មករ និងផ្តល់ព័ត៌មានជាក់លាក់ស្តីពីការចុះថ្លៃអគ្គិសនីនេះ រហូតត្រឹម៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ជាមួយគ្នានេះដំណោះស្រាយផ្សេងៗជាមួយនឹងម្ចាស់ផ្ទះជួល ក៏ត្រូវលើកឡើងផងដែរនៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមមេដឹកនាំសហជីពនានានៅក្នុងប្រទេសកម្ពុជាកំពុងចុះធ្វើការផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន នៅតាមបណ្តារោងចក្រពីដំណឹងដែលថា អគ្គិសនីកម្ពុជា(EDC)នឹងចុះតភ្លើងដោយផ្ទាល់ឲ្យពួកគេព្រមទាំងបញ្ចុះតម្លៃដល់៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងទៀតផង ចំពោះការប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ក្នុងមួយខែ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍ទី១៧ មករានេះថា លោកបានចាប់ផ្តើមចុះពន្យល់សមាជិករបស់ខ្លួន ដែលមាននៅទូទាំងប្រទេសប្រមាណជា៣ម៉ឺននាក់ កំពុងបំរើការនៅតាមវិស័យការងារនានា។ការពោល បែបនេះបានធ្វើឡើងបន្ទាប់ពីតំណាងសហជីពជាច្រើនក្រុម បានចូលជួបជាមួយ អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ផ្តើមចេញពីជំនួបនេះ លោក ប៉ាវ ស៊ីណា ឲ្យដឹងទៀតថា EDCបានស្នើឲ្យអ្នកសហជីព សហការសម្របសម្រួលជាមួយកម្មករ ដោយEDC ស្នើឲ្យមានការដាក់ប្រាក់កក់ចំនួន ៦១៥០០រៀល សម្រាប់កម្មករមួយបន្ទប់ជួលដែលស្នាក់នៅរួមគ្នា។ ក៏ប៉ុន្តែការដាក់ប្រាក់កក់នេះត្រូវបានស្នើសុំដោយសហជីពឲ្យទម្លាក់តម្លៃមកត្រឹម ៣០៥០០រៀលវិញ ដោយសំអាងថាបន្ទប់ជួលនីមួយៗកម្មករប្រើមិនដល់៥០គីឡូវ៉ាត់ម៉ោងនោះទេ ក្នុងមួយខែ។ក៏ប៉ុន្តែចំពោះតម្លៃប្រាក់កក់នេះ នៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយ។
តាមយន្តការការងារតភ្ជាប់បណ្តាញដល់បន្ទប់ជួលកម្មករនេះ EDC តម្រូវឲ្យកម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើននាក់ នៅក្នុងបន្ទប់ជួលរួមមួយដែលមានឯកសារច្បាស់លាស់ ជាតំណាង បំពេញបែបបទជាមួយ EDC។ នៅពេលដែលកម្មករឈប់ជួល ពួកគេអាចដកប្រាក់កក់ដែលរៃអង្គាសគ្នានោះបានវិញក្នុងរយៈពេលពីរថ្ងៃ នេះបើតាមអ្នកសហជីព។
ជាមួយគ្នានេះអាជ្ញាធររាជធានីក៏មានគំរោងឆាប់ៗផងដែរ ជួបប្រជុំជាមួយម្ចាស់ផ្ទះជួលទាំងអស់ ទាក់ទងទៅនឹងចំណាត់ការរបស់ EDC ។ តាមខ្លឹមសារនៃកិច្ចប្រជុំដដែល អាជ្ញាធរ អគ្គិសនីកម្ពុជា ដោយសហការជាមួយសាលារាជធានីភ្នំពេញ នឹងធ្វើការផ្តាច់ចរន្កចំពោះផ្ចាស់ផ្ទះជួលណា ដែលមិនគោរពតាមគោលការណ៍ថ្មីនេះ ដោយសារតម្លៃអគ្គិសនីមិនមែនម្ចាស់ផ្ទះជួលជាអ្នកដាក់ទេ គឺមានតែអគ្គីសនីកម្ពុជាតែមួយគត់ជាអ្នកកំណត់តម្លៃទូទៅ។
សូមបញ្ជាក់ថា តម្លៃភ្លើងសម្រាប់កម្មករដែលម្ចាស់ផ្ទះជួលបច្ចុប្បន្ន គិតតម្លៃពីកម្មករជួលបន្ទប់ស្នាក់នៅពី១៥០០រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង៕
Bagikan
សហជីពចូលរួម សហការជាមួយ EDC ក្នុងការរៀបចំភ្ជាប់បណ្តាញអគ្គិសនីថ្មីដល់ផ្ទះជួល
4/
5
Oleh
Unknown