សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលទើបយាងត្រឡប់ ទៅធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ បានបង្ហាញការខកព្រះទ័យនូវអ្វីដែលព្រះអង្គយល់ថា លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន មេដឹកនាំប្រទេសមួយនេះ គ្មានឆន្ទៈចង់ឲ្យបង្កើតក្រសួងអន្តោប្រវេសន៍ ដើម្បីគ្រប់គ្រងលំហូរចូលជនបរទេស ។ក្នុងកម្មវិធីសួរដេញដោលរបស់ទូរទស្សន៍ក្នុងស្រុកមួយ នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះមានបន្ទូលថា ព្រះអង្គបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតក្រសួងអន្តោប្រវេសន៍ តាំងពីឆ្នាំ១៩៩៣មក ប៉ុន្តែព្រះអង្គបញ្ជាក់ថា មកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីមិនទាន់បានបង្កើតក្រសួងនេះ តាមការស្នើសុំនៅឡើយទេ ។
សម្តេចក្រុមព្រះបន្តថា នៅអាណត្តិនេះគោលការណ៍ដឹកនាំរបស់ហ្វ៊ុនស៊ិនប៉ិច នៅតែបន្តចងសម្ព័ន្ធភាព ជាមួយបក្សកាន់អំណាចនេះដដែល ដើម្បីជំរុញឲ្យបង្កើតបាននូវក្រសួងអន្តោប្រវេសន៍នេះ «តែនិយាយទៅសម្តេចនាយករដ្ឋមន្ត្រី គាត់ថាទៀតហើយ បញ្ហាក្រសួងអន្តោប្រវេសន៍ លោកអត់រវល់ទេក្រសួងអន្តោរប្រវេសន៍ហ្នឹង តាំងពីខ្ញុំស្នើមក ស្នើហើយ ស្នើទៀតអត់ដែរបានទេ បានត្រឹមនាយកដ្ឋាន ឥឡូវប្រហែលជាបាន គឺបានក្រសួងអន្តោប្រវេសន៍ ។ ក្រសួងបរិស្ថានអ្នកណា ជាអ្នកបង្កើត មិននរោត្តម រណឫទ្ធិ ក្រសួងកិច្ចការនារីអ្នកណាបង្កើត មិននរោត្តម រណឫទ្ធិ ក្រសួងអភិវឌ្ឍន៍ជនបទ ទឹកស្អាត ផ្លូវលំ -ល- មិននរោត្តម រណឫទ្ធិ ក្រសួងការងារ មិននរោត្តម រណឫទ្ធិ CDC មិននរោត្តម រណឫទ្ធិ យើងចាប់ដៃគ្នាផ្តល់នូវស្ថិរភាពនយោបាយជូនជាតិ ចាប់ដៃគ្នាបន្តទៀតនូវអ្វីដែលខ្ញុំបានស្នើនៅឆ្នាំ១៩៩៣ ហើយពុំទាន់បានសម្រេច» ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះការបោះឆ្នោតនៅឆ្នាំ១៩៩៣ ប៉ុន្តែមិនអាចជំរុញឲ្យគណបក្សប្រជាជនកម្ពុជាចុះចេញពីតំណែងទេ ដោយសារគណបក្សចាញ់ឆ្នោតមួយនេះ ប្រកាសធ្វើអប្បគមន៍លើខេត្តមួយចំនួនជាប់ព្រំដែនវៀតណាម ។
ប៉ុន្តែគម្រោងបែងចែកប្រទេសជាពីរដោយសារប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិហៅ(UNTAC) ត្រូវបានលុបចោលវិញ បន្ទាប់ពីសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គទ្រង់ បង្កើតឲ្យមាននាយករដ្ឋមន្ត្រីពីរ ដឹកនាំប្រទេសតែមួយ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ ។
មន្ត្រីអង្គភាពប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត្យ សុធា អះអាងថា ទិសដៅរបស់រាជរដ្ឋាភិបាល រាល់ការសម្រេចឲ្យបង្កើតក្រសួង ឬនាយកដ្ឋានណាមួយ មិនចេះតែធ្វើតាមការនឹកឃើញទេ ពោលគឺមានទិសដៅជាយុទ្ធសាស្ត្រវែងឆ្ងាយ ពិសេសស្របតាមគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាល ។ លោកថា «អ្វីដែលជាការសម្រេចរបស់រដ្ឋាភិបាល គឺយើងបន្តមើលជំហាននៃការកែទម្រង់ និងការឆ្លើយតបមកវិញជាបន្តបន្ទាប់ទៀត»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច លើកឡើងថាការជំរុញឲ្យបង្កើតក្រសួងបន្ថែមនេះ មិនជា ការចាប់បាច់ទេ សម្រាប់ប្រទេសដែលមានការអនុវត្តច្បាប់មិនរឹងមាំបែបនេះ ។ លោកយល់ថា បញ្ហាចម្បង រដ្ឋាភិបាលត្រូវពង្រឹងធនធានមនុស្សក្នុងស្ថាប័នដែលមានស្រាប់ ដើម្បីធ្វើឲ្យប្រាកដថាលំហូរចូលជនអន្តោប្រវេសន៍ ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌច្បាប់ដោយតម្លាភាព ។ លោកថ្លែងថា «យើងមានហើយក្រសួងទេសចរណ៍ តែយើងគ្រប់គ្រងទេសចរអត់បាន ។ ឥឡូវអន្តោប្រវេសន៍មកច្រើន យើងចង់បង្កើតអន្តោប្រវេសន៍មួយទៀត ចុះបើក្នុងករណីទៅថ្ងៃអនាគតត្រីច្រើន ត្រូវបង្កើតក្រសួងមួយទៀតដើម្បីគ្រប់គ្រងត្រី ហើយបើគ្រប់គ្រងមិនបាន ត្រូវបង្កើតក្រសួងមួយទៀត នេះហើយដែលយើងត្រូវយកមកពិចារណា» ។
យ៉ាងនេះក្តីក្រៅពីរិះគន់រដ្ឋាភិបាល ដែលមិនបង្ហាញភ្លើងខៀវឲ្យបង្កើតក្រសួងអន្តោប្រវេសន៍នេះ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានសរសើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរថាជាអ្នកនាំមកវិញនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដល់ព្រះរាជាណាកច្រកម្ពុជារហូតបច្ចុប្បន្ននេះ ៕
Bagikan
សម្តេចក្រុមព្រះរិះគន់ លោក ហ៊ុន សែន ថាមិនចង់ឲ្យបង្កើតក្រសួងអន្តោប្រវេសន៍
4/
5
Oleh
Unknown