សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកជា មុនី នៅថ្ងៃព្រហស្បតិ៍ទី២២មករា ស្អែកនេះ នឹងរៀបចំធ្វើពិធីគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករខួបលើកទី១១ឆ្នាំនៅសួនច្បាររូបសំណាករបស់លោកជា វិជ្ជា ខាងលិចវិមានឯករាជ្យ។
តាមកិច្ចព្រមព្រៀងដែលសហជីពសេរីកម្មករបានធ្វើជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញកាលពី
ថ្ងៃម្សិលមិញ លោកម៉ាន់ សេងហាក់ អគ្គលេខាធិការសហជីពសេរីកម្មរ បានបញ្ជាក់ថាកម្មវិធីនេះត្រូវគ្រោងធ្វើនៅព្រឹកថ្ងៃទី២២មករា ដោយមានមនុស្សចូលរួមនិងជួបជុំគ្នាដាក់កម្រងផ្កាចំនួន១០០នាក់ នៅកន្លែងតម្កល់រូបសំណាកលោកជា វិជ្ជា ផ្ទាល់តែម្តង។ កម្មវិធីរំឮកវិញ្ញាណក្ខន្ធនេះក៏មានការអំពាវនាវឲ្យមានការចូលរួមពីអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលផងដែរ។
ដោយមានការហាមប្រាមឆ្លៀតឱកាសយកពិធីនោះ វាយប្រហាររដ្ឋាភិបាលនិងឥស្សរជននយោបាយ សារសម្រាប់ប្រកាសជាសាធារណៈនៅក្នុងឱកាសនោះគឺមិនខុសគ្នាទៅនឹងការអនុវត្តកាលពីឆ្នាំកន្លមកនោះទេ គឺការអំពាវនាវឲ្យតុលាការស្វែងរកជនល្មើស ពិតប្រាកដ
យកមកដាក់ទោសតាមច្បាប់។
ជាមួយគ្នានេះសាលារាជធានីភ្នំពេញ តំណាងដោយលោកឃួង ស្រេង អភិបាលរងបានបញ្ជាក់ពីការមិនអនុញ្ញាតឲ្យមានការហែក្បួននាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការទទួលខុសត្រូវរបស់អ្នករៀបចំកម្មវិធី នៅពេលមានការវាយប្រហារដោយពាក្យសម្តីណាមួយពីអ្នកនយោបាយចូលរួម។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២០មករា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកស្រីថា លោកសម រង្សី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិព្រមទាំងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើនទៀតនឹងទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា ផងដែរ។ លើសពីនេះលោកស្រី មួរ សុខហួរ បញ្ជាក់ថានៅថ្ងៃ២២ដដែល នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក៏មានបញ្ចាំងកុនរឿង «នរណាសម្លាប់ជា វិជ្ជា» នៅពេលល្ងាចម៉ោង៥ ទៀតផង។
សូមរំលឹកថា លោកជា វិជ្ជា ដែលកម្មករឲ្យឈ្មោះថា ជាវីរជនរបស់ពួកគេនោះ ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤ នៅមុខតូបលក់កាសែតមួយក្បែរវត្តលង្ការ។
សំណុំរឿងនេះ ធ្វើឲ្យមនុស្ស២នាក់គឺប៊ន សំណាង និង សុខ សំអឿន រងការចោទប្រកាន់និង ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ហើយត្រូវដោះលែងដោយតុលាការកំពូលកាលពីឆ្នាំ២០១៣ ដោយសំអាងថា អ្នកទាំងពីរមិនមែនជាឃាតករពិតដែលបាញ់សម្លាប់លោក ជា វិជា្ជនោះទេ៕
Bagikan
១១ឆ្នាំកន្លងទៅនៅតែអំពាវនាវឲ្យស្វែងរកឃាតករពិតសម្លាប់ ជា វិជ្ជា
4/
5
Oleh
Unknown