ក្រសួងកសិកម្មបានប្រកាសថា ខ្លួនបាននិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន៨ និងបានកែសម្រួលផ្ទៃដីក្រុមហ៊ុនចំនួន៤ នៅក្នុងអាណត្តិទី៥នេះ។ ក្នុងនោះក្រុមហ៊ុនចំនួន៥ ត្រូវបានរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មធ្វើការនិរាករណ៍នាពេលកន្លងមក និងក្រុមហ៊ុនចំនួន៣ទៀតត្រូវបានក្រសួងប្រកាសនិរាកណ៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ។
លោកអ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននោះថា ក្រុមហ៊ុនទាំង៨នោះ គឺស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង បើតាមលោកអ៊ាង សុផល្លែត គឺជាចំណុចចាប់ផ្តើមដំបូងរបស់ក្រសួងកសិកម្មក្នុងការធ្វើបច្ចប្បន្នភាព និងដកហូតដីសម្បាទានសេដ្ឋកិច្ចពីបណ្តាក្រុមហ៊ុននានាសម្រាប់អាណត្តិទី៥នេះ។ លោកអ៊ាង សុផល្លែត បានបញ្ជាក់ថា មូលហេតុដែលក្រសួងកសិកម្មធ្វើការដកហូត និងកែសម្រួលផ្ទៃដីទាំងនោះ គឺដោយសារតែក្រុមហ៊ុនទាំងនោះ បានរំលោភលើកិច្ចសន្យាជាមួយក្រសួងកសិកម្ម មិនគោរពតាមច្បាប់ភូមិបាល និង មានការប៉ះពាល់ជាមួយដីរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បានដកហូតដីសម្បទានពីក្រុមហ៊ុនចំនួន៧១ ក្រុមហ៊ុន និងបានកែសម្រួលផ្ទៃដីចំនួន៤ ក្រុមហ៊ុន ដែលគិតជាផ្ទៃដីចំនួន៦៥ម៉ឺន៧ពាន់ហិកតាហិកតា។ ក្នុងនោះ កាលពីអាណត្តិមុន បានដកហូតពីក្រុមហ៊ុនចំនួន៦៣ ក្រុមហ៊ុន គិតជាផ្ទៃដីប្រមាណ៥១ម៉ឺន៣ពាន់ហិកតា និងនៅក្នុងអាណត្តិនេះ បានចាប់ផ្តើមដកហូតពីក្រុមហ៊ុនចំនួន៨ និង បានកែសម្រួលផ្ទៃដីចំនួន៤ ក្រុមហ៊ុនទៀត ដែលជាគិតជាផ្ទៃដីចំនួន១៤ម៉ឺន៣ពាន់ហិកតា(១៤,៣៣៨០ហិកតា)។
ដោយឡែកចំពោះក្រសួងបរិស្ថានដែលមានដែនសមត្ថកិច្ចក្នុងការធ្វើបច្ចប្បន្នភាព និងដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនវិនិយោគដែរនោះ ក៏បានធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនមួយចំនួនផងដែរ។ បើតាមលោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៥នេះ ក្រសួងបរិស្ថានបានដកហូតដីសម្បទានពីក្រុមហ៊ុនចំនួន២៣ បានកែសម្រួលផ្ទៃដីចំនួន២ក្រុមហ៊ុន និងក្រុមហ៊ុនចំនួន៣ បានស្ម័គ្រចិត្តប្រគល់ដីសម្បទានដល់ក្រសួងបរិស្ថានវិញ។
និយាយដោយឡែក ក្រៅតែពីដកហូត និងកែសម្រួលផ្ទៃដីក្រុមហ៊ុនទាំងនោះ ក្រសួងកសិកម្មក៏គ្រោងនឹងចុះទៅធ្វើការពិនិត្យ និងវាយតម្លៃក្រុមហ៊ុនចំនួន១១៥ ទៀត ដែលគិតជាពីទំហំផ្ទៃដីប្រមាណចន្លោះពី១លាន១សែនហិកតា ទៅ១លាន២សែនហិកតា ដែលបានចុះកិច្ចសន្យារួចរាល់ហើយជាមួយក្រសួងកសិកម្ម។ នេះបើការបញ្ជាក់បន្ថែមពីលោកអ៊ាង សុផល្លែត៕
Bagikan
ក្រសួងកសិកម្មប្រកាសដកហូតដីសម្បទានជាង១៤ម៉ឺនហិកតាពីក្រុមហ៊ុន ៨
4/
5
Oleh
Unknown