សាលាដំបូងរាជធានីភ្នំពេញ។ ជាមួយនឹងការថ្លែងដដែលៗថា មិនមានភស្ដុតាងដាក់បន្ទុកទៅលើកូនក្ដីរបស់ពួកគេពីការជាប់ទាក់ទងទៅនឹងហេតុការណ៍រំដោះទីលានប្រជាធិបតេយ្យនោះ ក្រុមមេធាវីក៏ត្រៀមដាក់ពាក្យសុំឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំមួយទៀត ទៅកាន់តុលាការកំពូលក្នុងពេលឆាប់ៗនេះ។
លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយគណបក្សសង្គ្រោះជាតិ នឹងត្រូវឡើងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី២៥ធ្នូខាងមុខ បន្ទាប់ពីត្រូវចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១១ខែវិច្ឆិកាកន្លងទៅ ពីបទថាបានដឹកនាំធ្វើកុប្បកម្មញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស នៅក្នុងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥កក្កដា។
លោកចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង៣រូប ដែលការពារក្ដីឲ្យលោកមាជ សុវណ្ណារ៉ា បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃចន្ទទី២២ធ្នូនេះថា ពួកលោកកំពុងជំនុំគ្នា ពិនិត្យមើលផ្លូវច្បាប់ ព្រមទាំងចាក់ខ្សែអាត់វីដេអូពីដើមដល់ចប់ឡើងវិញ ទាក់ទងនឹងសកម្មភាពចូលរួមរបស់លោកមាជ សុវណ្ណារ៉ា កាលពីខែកក្កដាកន្លងទៅ។
លោកមេធាវីបញ្ជាក់ជាថ្មីថា មិនមានភស្ដុតាងណាមួយបង្ហាញថា កូនក្ដីរបស់លោកមានជាប់ពាក់ព័ន្ធដូចជាការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះទេ ក្រៅពីការទៅចូលរួមធម្មតា។ ផ្ទុយទៅវិញ មានតែការអំពាវនាវឲ្យមហាជនចេះរួបរួមគ្នា ចៀសវាងការប្រើអំពើហិង្សា។
ជាមួយគ្នានេះ ក្រុមមេធាវីលោកមាជ សុវណ្ណារ៉ា ក៏បានត្រៀមពាក្យស្នើសុំនៅក្រៅឃុំតំណាលគ្នានេះដែរ ដើម្បីដាក់ទៅកាន់តុលាការកំពូលឆាប់ៗខាងមុខនេះ។ កាលពីថ្ងៃទី១២ធ្នូ ការសុំនៅក្រៅឃុំរបស់មេធាវីការពារជនជាប់ចោទត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍។
ទាក់ទងទៅនឹងស្ថានភាពសុខភាពលោក មាជ សុវណ្ណារ៉ា វិញ លោកមេធាវី ចាន់ ចេន បង្ហើបថា រាងកាយរបស់គាត់ស្គមស្គាំងជាងមុន បន្ទាប់ពីគាត់ធ្វើកូដកម្មបង្អត់អាហាររយៈពេល៤ថ្ងៃកាលពីដើមខែនេះ។ លើសពីនេះ បន្ទប់ស្នាក់នៅរបស់លោក មាជ សុវណ្ណារ៉ា ក៏មានសភាពចង្អៀតជាងមុនដែរ ដោយសារមានការបន្ថែមចំនួនអ្នកទោស ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ផងដែរ ក៏ប៉ុន្តែមិនប៉ះពាល់ដល់ឆន្ទៈនោះទេ។ នេះបើតាមមេធាវី៕
Bagikan
លោកមាជ សុវណ្ណារ៉ា ដែលរាងកាយចុះស្គម នឹងមិនរារែកសវនាការដំបូងនៅថ្ងៃព្រហស្បតិ៍
4/
5
Oleh
Unknown