ជួបពិភាក្សាជាមួយសមាជិកសភាកម្ពុជា នៅវិមានរដ្ឋសភាជាតិកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្របរទេសមកកម្ពុជាលើកនេះ គឺផ្តោតសំខាន់លើកការចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា។
ជាលើកទី១ហើយដែលក្រុមតំណាងរាស្ត្រប៊ែលហ្ស៊ិកមកបំពេញទស្សនកិច្ចនៅស្រុកខ្មែរ ដើម្បីស្វែងយល់ពីវិស័យអប់រំ និងចូលរួមចំណែកអភិវឌ្ឍវិស័យនេះ។ អង្គការភ្លែនកម្ពុជា (Plan Cambodia) គឺជាអ្នកសម្របសម្រួលឲ្យមានដំណើរទស្សនកិច្ច របស់តំណាងរាស្ត្រប៊ែលហ្ស៊ិក នៅលើកនេះ។
លោក កេត ចាន់តូ ជាអ្នកជំនាញឯកទេសអប់រំ របស់អង្គការភ្លែនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ ថា ក្រុមតំណាងរាស្ត្រទាំង៥រូប ដែលមានបុរសម្នាក់និងស្ត្រី៤នាក់ នឹងជួបជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ និងនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃចន្ទ ទី១៩មករា។
លោក កេត ចាន់តូ បញ្ជាក់ថា តំណាងរាស្ត្រទាំងនោះចង់ស្វែងយល់ពីការវិវត្តទូទៅររបស់វិស័យអប់រំនៅកម្ពុជា និងចង់ដឹងពីបញ្ហាប្រឈមនានាៗរបស់វិស័យនេះ។
គំនិតផ្តួចផ្តើមចម្បងដែលនាំឲ្យមានទស្សនកិច្ចរបស់សមាជិករដ្ឋសភាបរទេស ក្នុងគ្រានេះ គឺដើម្បីឲ្យតំណាងរាស្ត្រទាំងនោះជួយជំរុញដល់ការអនុម័តគម្រោងថវិកា ស្តីពី ជំនួយរបស់ប្រទេសប៊ែលហ្ស៊ិកមកដល់កម្ពុជា ឲ្យកាន់តែកើនឡើង។ អង្គការភ្លែនកម្ពុជា មានសេចក្តីរំពឹង ថា បន្ទាប់ពីបំពេញទស្សនកិច្ចសិក្សានៅលើកនេះ ប្រទេសប៊ែលហ្ស៊ិកនឹងបង្កើនជំនួយថវិកាលើវិស័យអប់រំច្រើនជាងមុន ដល់កម្ពុជា ហើយជំនួយទាំងនោះ នឹងអាចជួយចូលរួមពង្រីងគុណភាពអប់រំនៅកម្ពុជា។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់វិទ្យុ RFI ថា ប្រទេសប៊ែលហ្ស៊ិក បានចូលរួមផ្តល់ជំនួយដល់វិស័យអប់រំកម្ពុជាជាច្រើន រាប់តាំងពីការកសាងសាលារៀន និងបណ្តុះបណ្តាលគ្រូបង្រៀន។ ចាប់ពី២០០៣ដល់២០១១ ប្រទេសប៊ែលហ្ស៊ិក បានអនុវត្តគម្រោងអប់រំមូលដ្ឋាននិងបណ្តុះបណ្តាលគ្រូបង្រៀន នៅក្នុងខេត្តសៀមរាម ឧត្តរមានជ័យ និងកំពង់ចាម ដែលមានទឹកប្រាក់សរុបជាង១៣លានដុល្លារសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រទេសប៊ែលហ្ស៊ិក ក៏បានសហការជាមួយសហភាពអឺរ៉ុប មូលនិធិសកល និងអង្គការដៃគូអភិវឌ្ឍនានា ដើម្បីជួយដល់កម្ពុជា។ ចំពោះជំនួយ១៤០លានដុល្លារសហរដ្ឋអាមេរិក របស់សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០១៤ដល់២០២០ ក៏មានថវិការបស់ប្រទេសប៊ែលហ្ស៊ិកផងដែរ។
លើកពីនេះ ប៊ែលហ្ស៊ិក ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឲ្យទៅរៀនបន្តនៅប្រទេសរបស់ខ្លួនដែរ ដូចជាផ្នែកបច្ចេកទេស ផ្នែកព័ត៌មានវិទ្យា និងច្បាប់ ព្រមទាំងកម្មវិធីផ្លាស់ប្តូរនិស្សិតជាដើម។
តាមអ្នកនាំពាក្យក្រសួងអប់រំ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ តំណាងរាស្ត្រប៊ែលហ្ស៊ិក ក៏នឹងជួបក្នុងពេលព្រមគ្នាជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ ដូចជា នាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រិតការ និងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា។
តាមការគ្រោងទុក ក្រៅពីការជួបជាមួយក្រសួងអប់រំ ក្រុមតំណាងរាស្ត្របរទេសទាំងនោះក៏នឹងជួបជាមួយអង្គការដៃគូពាក់ព័ន្ធនានា ដែលធ្វើការលើវិស័យអប់រំ ដូចជា ធនាគារពិភពលោក អង្គការយូនីសែហ្វ អង្គការយូណេស្កូ ជាដើម។ ហើយនៅរសៀលថ្ងៃអង្គារ៍ទី២០មករា សមាជិករដ្ឋសភាប៊ែលហ្ស៊ិកទាំង៥នឹងចូលជួបពិភាក្សាជាមួយសមាជិកតំណាងរាស្ត្រកម្ពុជាបន្តទៀត នៅឯវិមានរដ្ឋសភាជាតិកម្ពុជា៕
Bagikan
តំណាងរាស្ត្រប៊ែលហ្ស៊ិកនឹងមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា
4/
5
Oleh
Unknown