ក្រោយពីទីស្នាក់ការរបស់ទស្សនាវដ្តីបារំាងមួយនេះបានរងការវាយប្រហារពីពួកភេរវជនបារំាងដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១២នាក់ ក្នុងនោះមានអ្នកកាសែត Charlie Hebdo ចំនួន ៨នាក់។ រូបត្លុកកំប្លែងថ្មីរបស់ Charlie Hebdo ដែលពិភពអារ៉ាប់យល់ឃើញថា មានលក្ខណៈប្រមាជមើលងាយសាសនាអ៊ីស្លាម។
រូបត្លុកកំប្លែងថ្មីដែលទស្សនាវដ្តី Charlie Hebdo បានយកមកដាក់នៅទំព័រមុខ និងដែលបានធ្វើឲ្យពិភពអារ៉ាប់បន្តក្តៅក្រហាយមកដល់ពេលនេះ គឺរូបព្យាការីម៉ាហូម៉េតដែលកំពុងអង្គុយសម្រកទឹកភ្នែកដៃកាន់បដាសរសេរថា ខ្ញុំជា Charlie។ គួរជម្រាបជូនថា ប៉ាគីស្ថានដែលមានប្រជាជនរស់នៅជិត ២០០លាននាក់ គឺជាប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅច្រើនជាងគេលំដាប់ទី២ ក្នុងលោក។ រដ្ឋអំណាចប៉ាគីស្ថានក៏បានថ្កោលទោសជាផ្លូវការលើទង្វើវាយប្រហារលើទីស្នាក់ការរបស់ទស្សនាវដ្តី Charlie Hebdo ក្នុងប្រទេសបារំាងកាលពីថ្ងៃទី៧ មករាកន្លងទៅដែរ។ តែនៅពេលនេះ ពោលតំាងពី Charlie Hebdo បានចេញផ្សាយលេខថ្មីរបស់ខ្លួនមក សភាប៉ាគីស្ថានបានធ្វើការផ្តន្ទាទោស និងបរិហារយ៉ាងចាស់ដៃលើ Charlie Hebdo ក៏ដូចជាកាសែតបរទេសផ្សេងទៀតដែលបានយករូបភាពរបស់ Charlie Hebdo ទៅចុះផ្សាយបន្ត។
សភាប៉ាគីស្ថានបានយល់ឃើញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមិនមែនមានន័យថា គេត្រូវតែនិយាយប្រមាជ ដៀមដាមជាសាធារណៈដែលនំាឲ្យប៉ះពាល់អារម្មណ៍លើអ្នកដទៃ និងអ្នកមានជំនឿសាសនានោះទេ។ សម្រាប់សភាប៉ាគីស្ថាន ការដែល Charlie Hebdo បានយករូបព្យាការីម៉ាហូម៉េតអ៊ីស្លាមមកចុះផ្សាយលេងសើចរបៀបនេះ គឺជាទង្វើប្រកបដោយទោសៈ ការគិតទុកជាមុន និងជាទង្វើតាមព្យាបាទ។ លោករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាបានថ្លែងច្បាស់ៗថា គេគួរតែហាមឃាត់រាល់កាសែតទំាងអស់កុំឲ្យចុះផ្សាយរូបភាពនោះ និងថា គេត្រូវតែរឹបអូស និងដុតចោលនូវរូបភាពណាដែលមានលក្ខណៈប្រមាជសាសនាអ៊ីស្លាម។ បន្ទាប់ពីការបរិហារជាឯកច្ឆន្ទមក ក្រុមអ្នកតំណាងរាស្រ្តក៏បាននំាគ្នាធ្វើកូដកម្មដើរតមាផ្លូវកាត់តាមវិមានរដ្ឋាភិបាល និងស្ថានទូតបារំាង។
ក្រៅពីរដ្ឋអំណាចថ្នាក់កំពូល រូបភាពចុះផ្សាយដោយ Charlie Hebdo ក៏បានបញ្ចេះកំហឹងរបស់មធ្យោបាយឃោសនាមហាជនក្នុងស្រុកដែរ។ កាសែតសរសេរជាភាសាជាតិបានបរិហារ Charlie Hebdo ពីការប្រមាជមើលងាយព្យាការីម៉ាហូម៉េតដែលជាបទឧក្រិដ្ឋត្រូវទទួលទោសប្រហារជីវិតនៅប៉ាគីស្ថាន។ ទន្ទឹមគ្នានេះ ក្បួនបាតុកម្មរបស់មហាជនប៉ាគិស្ថានប្រឆំាងនឹង Charlie Hebdo ក៏បានរៀបចំនៅតាមទីក្រុងសំខាន់ៗ។ គួររម្លឹកជូនថាក្នុងឆ្នំា ២០១២ ប៉ាគីស្ថានធ្លាប់បានស្គាល់មហាបាតុកម្មយ៉ាងបង្ហូរឈាមប្រឆំាងនឹងការចុះផ្សាយរូបត្លុកកំប្លែងព្យាការីម៉ាហូម៉េតដូចគ្នា ព្រមទំាងប្រឆំាងនឹងកុនអាមេរិកំាងមួយដែលមានលក្ខណៈប្រឆំាងអ៊ីស្លាម៕
Bagikan
ប៉ាគីស្ថាន៖សភាបានបរិហាររូបត្លុកកំប្លែងថ្មីរបស់ទស្សនាវដ្តីបារំាង Charlie Hebdo
4/
5
Oleh
Unknown