ការចាត់វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងការបរទេសកម្ពុជា តបតាមកំណត់ទូតស្ថានទូតបារាំង កាលពីថ្ងៃ៨មករាកន្លងទៅនេះ។ការស្នើសុំការពារសន្តិសុខនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារទីស្នាក់ការកាសែតបារាំង Charlie Hebdo កាលពីថ្ងៃទី៧មករា នៅទីក្រុងបារីស។
ឆ្លើយតបទៅនឹងការស្នើសុំ របស់ក្រសួងការបរទេសកម្ពុជា ដែលបានស្នើចាត់វិធានការពង្រឹងសន្តិសុខជុំវិញស្ថានទូតបារាំងនៅភ្នំពេញ និងគ្រឹះស្ថានសាធារណៈបារាំង នៅកម្ពុជា សាលារាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការរក្សាសន្តិសុខនេះ តាមរយៈសមត្ថកិច្ចរបស់ខ្លួន។ ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីមានកំណត់ទូតរបស់ស្ថានទូតបារាំង នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៨មករា មួយថ្ងៃបន្ទាប់ពីមានការវាយប្រហារទៅលើទីស្នាក់ការទស្សនាវដ្តីបារាំង Charlie Hebdo នៅទីក្រុងបារីស។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃសុក្រនេះថា ដោយសារស្ថានទូត និងគ្រឹះស្ថានបារាំងនានា ស្ថិតនៅក្នុងខណ្ឌដូនពេញតែមួយ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំទៅសាលាខណ្ឌដូនពេញ ឲ្យមានការល្បាតកំលាំងសមត្ថកិច្ចជាទៀងទាត់ ដើម្បីពង្រឹងសន្តិសុខជុំវិញតំបន់គោលដៅ។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញក៏បានណែនាំទៅស្នងការប៉ូលីស និងកងរាជអាវុធហត្ថរាជធានី ឲ្យចូលរួមលើការងារនេះដែរ ប្រសិនបើមានហេតុការណ៍ចាំបាច់ជាក់ស្តែងអាជ្ញាធររាជធានី នឹងពង្រាយកំលាំងការពារតែម្តង។
សូមបញ្ជាក់ថា នៅក្នុងលិខិត របស់ក្រសួងការបរទេសកម្ពុជា ដែលចុះហត្ថលេខាដោយលោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេស កាលពីថ្ងៃទី១០ខែមករា ហើយបានដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ បានលើកឡើងថា បន្ទាប់ពីមានអំពើភេរវកម្មវាយប្រហារប្រឆាំង ទៅនឹងទីស្នាក់ការទស្សនាវដ្តី Charlie Hebdo នៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៧ មករា ឆ្នាំ២០១៥ ស្ថានទូតបារាំងស្នើកម្ពុជាបង្កើនការពង្រឹងសន្តិសុខនៅជុំវិញស្ថានទូត និងនៅតាមគ្រប់គ្រឹះស្ថានសាធារណៈបារាំងសំខាន់ៗនៅកម្ពុជា ដូចជា សាលាបារាំង Lyceé René Descartes, Institut Francais du Cambodge និង Agence Fracaise de Developpement (AFD)។
សូមរំលឹកដែរថា កាលពីថ្ងៃទី៧មករា ឆ្នាំ ២០១៥កន្លងទៅនេះ ទីស្នាក់ការទស្សនាវដ្តីបារាំង Charlie Hebdo រងការវាយប្រហារពីក្រុមភេរកម្ម និងជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ ក្នុងនោះ ៨នាក់ ជាបុគ្គលិក ស្ថាប័នព័ត៌មាន រូបថ្លុកCharlie Hebdo៕
Bagikan
ស្ថានទូតបារាំងនៅកម្ពុជា ស្នើសុំពង្រឹងសន្តិសុខបន្ទាប់ពីភេរវកម្មលើ Charlie Hebdo
4/
5
Oleh
Unknown