និងកំពុងបន្តធ្វើយ៉ាងសកម្ម។ ប្រតិបត្តិការតាមប្រម៉ាញ់ត្រូវបានពង្រឹងតំាងពីថ្ងៃព្រហស្បតិ៍ ទី៨ មករារហូតមកដល់ថ្ងៃសុក្រ ទី៩ មករានេះ។
តំាងពីព្រឹកថ្ងៃសុក្រ ទី៩ មករានេះ មានកម្លំាងប៉ូលីស និងប៉េអឹមរាប់រយនាក់ ដោយមានជំនួយពីកម្លំាងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងផងបានធ្វើការឡោមព័ទ្ធរោងពុម្ពតូចមួយស្ថិតក្នុងភូមិ Dammartin-en-Goële នៃតំបន់ Seine et Marne ដែលមានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងប៉ារីស។ គឺនៅក្នុងរោងពុម្ពតូចនោះហើយដែលគេសង្ស័យថា ជនសង្ស័យទំាងពីរនាក់ គឺ សេរីហ្វ គួស៊ី និងសេដ គួស៊ីដែលជាបងប្អូនប្រុសបង្កើតកំពុងលាក់ខ្លួនដោយចាប់បុគ្គលិកក្នុងរោងពុម្ពនោះធ្វើជាចំណាប់ខ្មំាង។ ខណៈនេះ ភូមិ Dammartin-en-Goële និងតំបន់ក្បែរខាងទំាងមូលបានក្លាយជាតំបន់សង្រ្គាមមួយដែលឡោមព័ទ្ធដោយកម្លំាងប៉ូលីស និងប៉េអឹម ព្រមទំាងមានរថយន្តពេទ្យសង្រ្គោះបន្ទាន់ និងឡានពន្លត់អគ្គីភ័យជាច្រើនគ្រឿងផងដែរ។
សូមជម្រាបជូនថា ពេញមួយថ្ងៃ និងមួយយប់មិញ កម្លំាងប៉ូលិស និងប៉េអឹមបានធ្វើប្រតិបត្តិការតាមរកជនសង្ស័យទំាងពីរនៅតំបន់ Picardie។ គឺទើបតែនៅព្រឹកមិញនេះទេដែលគេបានបង្វែរប្រតិបត្តិការតាមប្រម៉ាញ់នៅតំបន់ Seine et Marne វិញ នេះក៏ដោយសារថា ជនសង្ស័យទំាងពីរបានគំរាមយកឡានពីស្រ្តីម្នាក់នៅម៉ោង ៨ និង ៤០នាទីព្រឹកមិញ រួចបើកចេញពីតំបន់ Picardie ទៅកាន់តំបន់ Seine et Marne។ ភ្លាមៗនោះ ស្រ្តីម្ចាស់រថយន្តបានស្គាល់ជនសង្ស័យទំាងពីរដែលកំពុងមានអាវុធក្នុងដៃក៏បានទូរស័ព្ទទៅឲ្យប៉ូលិស។ ភ្លាមៗនោះដែរ ប៉ូលិស និងប៉េអឹមដែលកំពុងស្ថិតក្បែរតំបន់ស្រាប់ក៏បានចេញឡានប្រដេញតាមប្រម៉ាញ់ភ្លាមៗ ហើយនៅពេលនោះ ក៏មានការបាញ់អាវុធតគ្នាក្បែរភូមិ Dammartin-en-Goële។
រដ្ឋាភិបាលបារំាងបានដាក់ពង្រាយកម្លំាងប្រដាប់អាវុធជាង ៨៨ ០០០នាក់នៅទូទំាងប្រទេស
ទន្ទឹមនឹងការតាមប្រម៉ាញ់ជនសង្ស័យទំាងពីរដែលបានបាញ់ប្រហារលើទីស្នាក់ការរបស់ទស្សនាវដ្តី Charlie Hebdo កម្លំាងប៉ូលិស និងប៉េអឹមក៏កំពុងតាមចាប់ជនខ្មាន់កំាភ្លើងម្នាក់ទៀតដែលបានបាញ់សម្លាប់ប៉ូលិសស្រ្តីម្នាក់នៅថ្ងៃព្រហស្បតិ៍ ទី៨ មករា។ មកដល់ថ្ងៃនេះ កម្លំាងប៉ូលិសនៅមិនមានតម្រុយណាមួយដែលបញ្ចាក់ពីទីកន្លែងដែលជនខ្មាន់កំាភ្លើងបាញ់សម្លាប់ប៉ូលិសស្រ្តីកំពុងលាក់ខ្លួនឡើយ។ រីឯលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានប្រកាសឲ្យដឹងថា ករណីបាញ់ប្រហារនៅទីស្នាក់ការរបស់ទស្សនាវដ្តី Charlie Hebdo និងការបាញ់សម្លាប់ប៉ូលិសស្រ្តីម្នាក់មិនមានចំណងទាក់ទងគ្នាទេ ពោលជាព្រឹត្តិការណ៍មួយដាច់ដោយឡែក។ គួរជម្រាបជូនថា ករណីបាញ់សម្លាប់ប៉ូលិសស្រ្តីម្នាក់បានកើតមានឡើង នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលប៉ូលិសស្រ្តីរូបនោះបានចូលខ្លួនធ្វើអន្តរាគមន៍ តែត្រូវបានយុវជនម្នាក់ចេញពីរថយន្ត រួចដកកំាភ្លើងបាញ់ចំកណ្តាលខ្នង។
ប្រឈមនឹងព្រឹត្តិការណ៍ដ៏សោកសៅពេលនេះ ដ្ឋាភិបាលបារំាងបានដាក់ពង្រាយកម្លំាងប្រដាប់អាវុធជាង ៨៨ ០០០នាក់ ក្នុងនោះ មានកម្លំាងប៉ូលិស ៥០ ០០០នាក់ និងកម្លំាងប៉េអឹម ៣២ ០០០នាក់។ កម្លំាងប៉ូលិស និងប៉េអឹមត្រូវបានគេដាក់ពង្រាយនៅទូទំាងប្រទេសបារំាង ពិសេសក្នុងទីក្រុងប៉ារីស និងជាយក្រុងប៉ារីស ព្រមទំាងនៅតាមក្រសួងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈផ្សេងៗ។ រីឯការប្រកាសអាសន្នក្នុងកម្រិតភេរវកម្មក្នុងស្រុកបារំាងនៅបន្តរក្សាទុកដដែល។
ក្រោយភេរវកម្ម Charlie Hebdo៖ អាមេរិក និងបារំាងកំពុងធ្វើការរួម
ចំពេលដែលប្រតិបត្តិការតាមប្រម៉ាញ់ជនសង្ស័យទំាងពីរនាក់ គឺសេរីហ្វ គួស៊ី និងសេដ គួស៊ីកំពុងបន្តមានយ៉ាងសកម្ម បារំាងក៏កំពុងបន្តទទួលសារគំាទ្រ និងរំលែកទុក្ខពីគ្រប់ជ្រុងជ្រោយនៅទូទំាងពិភពលោកដែរ ពិសេសពីលោកប្រធានាធិបតីអាមេរិកអូបាម៉ា។ លោកអូបាម៉ាដែលបានធ្វើដំណើរទៅកាន់ស្ថានទូតបារំាងប្រចំាទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្តែងសាមគ្គីភាព និងរំលែកទុក្ខជាមួយពលរដ្ឋបារំាង។ លោកអូបាម៉ាបានសរសេរសារនៅក្នុងសៀវភៅចូលរួមរំលែកទុក្ខនៅស្ថានទូតបារំាង និងបញ្ចប់ដោយឃ្លាថា « ជយោ ! ប្រទេសបារំាង »។ នេះពិតជាកាយវិការមួយដ៏កម្រ និងបង្កប់ដោយអត្ថន័យជ្រាលជ្រៅបំផុត ព្រោះលោកអាមេរិកបានចាត់ទុកភេរវកម្មក្នុងប្រទេសបារំាងដូចជានៅអាមេរិកដែរ។ មុនលោកអូបាម៉ា លោករដ្ឋមន្រ្តីការបរទេសអាមេរិកចន ឃែរីក៏បានថ្លែងចូលរួមរំលែកទុក្ខជាមួយពលរដ្ឋបារំាង និងបានបញ្ជាក់ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មាន មានតម្លៃជាសារវន្ត និងជាសកលដែលគ្មាននរណាម្នាក់អាចបំផ្លាញឲ្យរលាយសាបសូន្យបានឡើយ។
ខណៈនេះ ក្រសួងស៊ើបការសម្ងាត់បារំាង និងអាមេរិកកំពុងធ្វើការរួមគ្នា ហើយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសន្តិសុខផ្ទៃក្នុងអាមេរិកនឹងធ្វើដំណើរមកកាន់ប្រទេសបារំាងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ដោយឡែក លោកប្រធានគណៈកម្មការស៊ើបការសម្ងាត់អាមេរិកំាងបានប្រាប់ឲ្យដឹងនៅថ្ងៃម្សិលមិញថា ជនសង្ស័យម្នាក់ គឺសេដ គួស៊ីបានហ្វឹកហ្វឺនដោយពួកអាល់កៃដានៅក្នុងប្រទេសយេម៉ែន និងថា បងប្អូនប្រុសបង្កើតទំាងពីរ គឺសេរីហ្វ គួស៊ី និងសេដ គួស៊ីបានស្ថិតក្នុងបញ្ជីខ្មៅអាមេរិកអស់ជាច្រើនឆ្នំាមកហើយ៕
Bagikan
ភេរវកម្មលើ Charlie Hebdo៖ប៉ូលិស និងប៉េអឹមកំពុងឡោមព័ទ្ធកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ
4/
5
Oleh
Unknown