អ្នកទទួលខុសត្រូវរបស់អង្គការសុខភាពពិភពលោកបានអះអាងប្រាប់អ្នកកាសែតថា វ៉ាក់សាំងចំនួនពីរ នឹងត្រូវគេប្រើសាកល្បង ចាក់ ទៅលើក្រុមមនុស្សដែលគ្មានជម្ងឺ នៅក្នុងបណ្តាប្រទេសដែលមានឆ្លងរាតត្បាតមេរោគអេបូឡា។ សេចក្តីសម្រេចចិត្តនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមអ៊ីនធ័រនែតមួយរបស់អ្នកជំនាញ សុខភាព និងអង្គការសុខភាពពិភពលោក។
វ៉ាក់សាំងទាំងពីរដែលផលិត ដោយមន្ទីរពិសោធន៍អាមេរិកាំង កាណាដា និងអង់គ្លេស ធ្លាប់ត្រូវបានគេតេស្ត សាកល្បងដោយជោគជ័យ រួចមកហើយ នៅមន្ទីរពិសោធន៍ និងនៅក្នុងចំណោមមនុស្សស្ម័គ្រចិត្ត ក្នុងបណ្តាប្រទេសផ្សេងៗកន្លងមក។ ពោល គឺលទ្ធផលអាចទទួលយកបាន និងគ្មានប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដែលបានទទួលសាកល្បង ចាក់វ៉ាក់សាំង។
តាមនាយិការរងរបស់អង្គការសុខភាពពិភពលោក តេស្តសាកល្បងនឹងចាប់ផ្តើមដំបូងនៅចុងខែមករា ក្នុងប្រទេសលីបេរីយ៉ា ដែលមានករណីឆ្លងមេរោគអេបូឡាខ្លាំងជាងគេ។ បន្ទាប់មក ប្រតិបត្តិការតេស្តសាកល្បងវ៉ាក់សំាងនឹងបន្តធ្វើ នៅខែកុម្ភៈ ក្នុងប្រទេសហ្គីណេ និងសៀរ៉ាឡេអូន។ ក្រុមមនុស្ស៤៥០០នាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងសាកល្បង ក្នុងដំណាក់កាលទីមួយ។ បន្ទាប់ពីរង់ចាំលទ្ធផលវ៉ាក់សាំង ពី២ ទៅ៤សប្តាហ៍ គេនឹងអាចចាប់ផ្តើមដំណាក់កាលសាកល្បង ទី២ ទៅលើមនុស្ស៤៥០០នាក់ផ្សេងទៀត។
តាមអង្គការសុខភាពពិភពលោក តាមរយៈតេស្តសាកល្បង ក្រុមម្ចាស់ផលិតវ៉ាក់សាំងចង់ស្វែងដឹងពីកម្រិតចំនួនវ៉ាក់សាំង ដែលគេចាក់ទៅ ហើយ មានប្រសិទ្ធិភាព។ ម្យ៉ាងទៀត បើសិនជាគេធ្វើតេស្តសាកល្បងលើកទីបីបានទទួល ជោគជ័យ នោះអង្គការសុខភាពពិភពលោក នឹងអាចសម្រេច អនុម័ត ឲ្យគេប្រើវ៉ាក់សំាង ដើម្បីចាក់ការពារ ជាទូទៅ កុំឲ្យឆ្លងមេរោគអេបូឡា៕
Bagikan
អង្គការសុខភាពពិភពលោក៖ តេស្តសាកល្បងវ៉ាក់សំាងប្រឆាំងមេរោគអេបូឡានឹងធ្វើនៅ ចុងខែមករា
4/
5
Oleh
Unknown