គណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការ។ ការដើរចេញនេះ គឺដោយសារពួកគេមិនសប្បាយនឹងក្រុមប្រឹក្សាជំនុំជម្រះដែលសម្រេចសុំឲ្យតំណាងរាស្ត្របក្សប្រឆាំងចាកចេញពីបន្ទប់សវនាការមិនឲ្យស្ដាប់ការសាកសួរលើជនជាប់ចោទ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្អាកសវនាការលើសកម្មជនគណបក្សសង្គ្រោះជាតិភ្លាមៗដោយគ្មានកាលកំណត់ដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទចំនួន៩ នាក់ បានសម្រេចដើរចេញបន្ទប់សវនាការ។
ដើមហេតុដែលក្រុមមេធាវីទាំងនោះដើរចេញពីបន្ទប់សវនាការដែលធ្វើឲ្យសវនាការផ្អាកបែបនេះ គឺដោយសារក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសុំឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចាកចេញពីបន្ទប់សវនាការតាមការស្នើសុំរបស់ក្រុមមេធាវីការពារដើមបណ្តឹង។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកហេតុផលថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៧រូបមិនអាចចូលរួមស្ដាប់ដំណើរការសាកសួរលើជនជាប់ចោទបាននោះទេ ដោយសារតំណាងរាស្ត្រទាំងនោះបានជាប់ពាក់ព័ន្ធនឹងសំណុំរឿងដែលតុលាការកំពុងដំណើរការនីតិវិធីនេះ។ ជាសំណុំរឿងពាក់ព័ន្ធនឹងការកើតមានអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៤។
ពោះហេតុផលនេះ ក្រុមមេធាវីការពារក្តីជនជាប់ចោទ បានលើកឡើងថា មិនអាចទទួលយកបាននោះទេ ព្រោះថា ការសម្រេចនេះខុសនឹងនីតិវិធីច្បាប់។ ខុសព្រោះថា សំណុំរឿងថ្ងៃនេះ គឺធ្វើឡើងលើសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១ នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងតំណាងរាស្ត្រទាំងអស់នោះឡើយ។ ក្រុមមេធាវីថែមទាំងស្នើក្រុមប្រឹក្សាជំនុំជម្រះ កុំឲ្យពង្រីកសំណុំរឿងនេះថែមទៀតដែលអាចធ្វើគាំងដល់នីតិវិធីសវនាការ។
ទោះបីមានការតវ៉ាបកស្រាយពីក្រុមមេធាវីការពារក្តីយ៉ាងណាក៏ដោយ ប៉ុន្តែបន្ទាប់ពីសុំពេលពិចារណាប្រមាណ២០ នាទី ក្រុមប្រឹក្សាជំនុំជម្រះនៅតែសម្រេចឲ្យតំណាងរាស្ត្រដែលកំពុងមានវត្តមាននៅក្នុងបន្ទប់សវនាការ ចាកចេញដដែល។ តំណាងរាស្ត្រដែលបានចូលរួមស្ដាប់ក្នុងសវនាការនៅថ្ងៃនេះ រួមមានលោកស្រីហួរ សុខហួរ លោកហូរ វ៉ាន់ និងឡុង រី ដែលបានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ តាមចោទប្រកាន់របស់អាជ្ញាធរ។
ប្រឈមនឹងការសម្រេចនេះ ក្រុមមេធាវីការពារក្តីជនជាប់ចោទ បានព្រមាននៅចំពោះមុខអង្គសវនាការថា បើល្គឹកណាមិនមានតំណាងរាស្ត្រទាំងនោះចូលរួមស្ដាប់សវនាការនោះទេ ក្រុមមេធាវីនឹងមិនចូលរួមក្នុងសវនាការនោះដែរ។ ចំពោះការព្រមាននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះធ្វើការស្នើសុំទៅកាន់គណៈមេធាវីកម្ពុជាដើម្បីស្វែងរកមេធាវីមកជំនួសនៅពេលបើកសវនាការនៅពេលក្រោយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់បន្តពីសវនាការកាលពីថ្ងៃ២៥ ធ្នូ ឆ្នាំ២០១៤។ តុលាការបានចោទប្រកាន់សកម្មជនទាំងនោះពីបទចោទ ដឹកនាំកុបកម្ម និង អំពើចូលរួមក្នុងចលនាកុបកម្ម ដែលបង្កឲ្យកើតមានអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ កន្លងទៅ៕
Bagikan
សវនាការបានផ្អាក ក្រោយមេធាវីការពារក្តីសកម្មជនបក្សប្រឆាំងដើរចេញពីបន្ទប់សវនាការ
4/
5
Oleh
Unknown