បើទោះបីសម្ដេចក្រុមព្រះបដិសេធថា គណបក្សប្រជាជនកម្ពុជា មិននៅពីក្រោយការសម្រេចចិត្តនេះក៏ដោយ ប៉ុន្តែព្រះអង្គអះអាងថា ព្រះអង្គទ្រង់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើការនឹងគណបក្សប្រជាជនកម្ពុជា តាមបណ្តាំរបស់អតីតព្រះមហាក្សត្រ។
ថ្វីត្បិតតែសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បន្តរិះគន់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា ខ្វះសមត្ថភាពមិនអាចជួយអោយពលរដ្ឋ ១៤លាននាក់ មានជីវភាពរស់នៅសមរម្យ ព្រមទាំងបង្កបញ្ហារំលោភទន្ទ្រានយកផ្ទះសម្បែង និងដីធ្លីពលរដ្ឋក្រីក្រក៏ដោយ ក៏ព្រះអង្គបញ្ជាក់ថា គណបក្សរបស់ព្រះអង្គនឹងបន្តសហការជាមួយគណបក្សប្រជាជនកម្ពុជា។
ព្រះអង្គបន្តថា ការយាងចូលឆាកនយោបាយនៅពេលនេះ ដោយសារព្រះអង្គមិនអាចបន្តបិទភ្នែកធ្វើព្រងើយកន្តើយចំពោះទុក្ខវេទនាពលរដ្ឋឡើយ៖ «ខ្ញុំគ្រាន់តែសួរមួយយ៉ាងខ្លីបំផុត ស្រុកខ្មែរមានណាស់ មិនមែនក្រទេណាស់! ស្រុកខ្មែរប៉ុណ្ណឹងចិញ្ចឹមមនុស្ស ១៤លាននាក់អត់បាន»។
ព្រះអង្គស្តីបន្ទោសថា សែរាជវង្សានុវង្សមួយចំនួនមិនបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឡើយ។ សម្ដេចក្រុមព្រះបញ្ជាក់ថា សែរាជវង្សានុវង្សខ្លះបានទទួលប្រាក់ប្រចាំខែពីរដ្ឋាភិបាលដើម្បីបំបិទមាត់មិនឲ្យនិយាយពីរឿងនយោបាយ៖ «ស្តេចដូចមិនសូវរវល់រឿងជាតិទេ។ លោកមានបានឃើញឪពុកខ្ញុំពាក់ផ្កាយពីរដេញយួន មើលជុំវិញមានស្តេចប៉ុន្មាន? ឥឡូវនេះក៏មិនចាញ់គ្នាប៉ុន្មានដែរ អ្នកខ្លះថាគេបានមួយខែ ៦ពាន់ អ្នកខ្លះបាន ៣៤០ (ដុល្លារ) ក្នុងឋានៈ ក ខ គ។ អ្នកខ្លះគេអួតថា ខ្ញុំគេទិញ គេឲ្យលុយខ្ញុំ»។
ទោះបីជាមានគំនាបពីគណបក្សប្រជាជនកម្ពុជា ក៏ដោយ ព្រះអង្គអះអាងថា មានតែលោក ហ៊ុន សែន និងព្រះអង្គទេអាចការពាររបបរាជានិយមនៅកម្ពុជា។
ការយាងចូលប្រឡូកនយោបាយឡើងវិញរបស់សម្តេចពក្រុមព្រះនេះ លោក ហ៊ុន សែន ក៏បានស្វាគមន៍ដែរ ទោះបីកន្លងមកលោកគំរាមចង់បង្កើតច្បាប់ហាមឃាត់សែរាជវង្សានុវង្សមិនឲ្យធ្វើនយោបាយក៏ដោយ។
លោក ហ៊ុន សែន ធ្លាប់រិះគន់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ កាលពីឆ្នាំ២០១៣ ថា ការយាងចូលធ្វើនយោបាយរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងគណបក្សសង្គ្រោះជាតិ ធ្វើឲ្យប៉ះពាល់ដល់បណ្តាំអតីតព្រះមហាក្សត្រ ដែលបានផ្ដាំមិនឲ្យសមាជិករាជវង្សានុវង្សធ្វើនយោបាយ។ ក្រោយពីការរិះគន់របស់លោក ហ៊ុន សែន ព្រះអង្គ ស៊ីសុវត្ថិ ធម្មិកោ ក៏បានបាត់បង់តួនាទីក្នុងព្រះបរមរាជវាំង។
សែរាជវង្សានុវង្សដែលធ្លាប់មានតួនាទីសំខាន់ៗ ក្នុងរដ្ឋាភិបាលអាណត្តិទី១ រួមមានព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ និងព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ បានឈប់ធ្វើនយោបាយ។ ព្រះអង្គម្ចាស់ទាំងពីរ បច្ចុប្បន្នបានក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
ចំណែកអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បច្ចុប្បន្នមិនមានតួនាទីអ្វីទេក្នុងជួររាជរដ្ឋាភិបាល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន កាលពីថ្ងៃទី៧ មករា បញ្ជាក់ថា សែរាជវង្សលែងមានតួនាទីក្នុងរដ្ឋាភិបាលហើយ។ ព្រះអង្គបន្តថា ព្រះអង្គមានតួនាទីជាទីប្រឹក្សាព្រះបរមរាជវាំង និងជាសមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច។ ព្រះអង្គទទួលបានប្រាក់ខែ ៥០០ដុល្លារ សម្រាប់ជីវភាពប្រចាំថ្ងៃពីព្រះបរមរាជវាំង៖ «យើងមិនដែលតិះទៀនរដ្ឋាភិបាល។ អ្វីធ្វើមិនល្អយើងអត់និយាយ។ យើងមិននិយាយគណបក្សហ្វ៊ុនស៊ិនប៉ិច មិនដែលនិយាយអ្វី គេធ្វើមិនល្អ មិនដែលនិយាយ»។
ព្រះអង្គបញ្ជាក់ថា ប្រាក់ខែនោះមិនមែនសម្រាប់បំបិទមាត់ព្រះអង្គមិនឲ្យរិះគន់រដ្ឋាភិបាលទេ ប៉ុន្តែព្រះអង្គមិនហ៊ានបញ្ចេញមតិផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល។ សែរាជវង្សជាច្រើនត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បន្ថែមទៀតថា ការវិលត្រឡប់របស់សម្តេចក្រុមព្រះមកគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនអាចជួយឲ្យគណបក្សនេះកែប្រែមុខមាត់ប៉ុន្មានទេ ពីព្រោះគណបក្សនេះបន្តមានការជ្រៀតជ្រែកពីខាងក្រៅមកដដែល។
អ្នកវិភាគឯករាជ្យបណ្ឌិត កែម ឡី កាលពីថ្ងៃទី៧ មករា មានប្រសាសន៍ថា លោក ហ៊ុន សែន គាំទ្រសម្ដេចក្រុមព្រះឲ្យដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញនោះ ដោយសង្ឃឹមថា គណបក្សនេះអាចបំផ្លាញ និងបំបែកសំឡេងឆ្នោតរបស់គណបក្សប្រឆាំង ប៉ុន្តែក្តីសង្ឃឹមនេះមិនអាចក្លាយជាការពិតបានទេ ដោយសារពលរដ្ឋហាក់បាត់ជំនឿលើគណបក្សរាជានិយមហើយ៖ «ការគិតគណបក្សប្រជាជនកម្ពុជា ខ្ញុំគិតថា អត់ត្រូវទេ ការលើកទឹកចិត្តឲ្យធ្វើនយោបាយនេះ ការគិតនេះ អត់ទាន់សម័យ ពលរដ្ឋភ្លេចទៅហើយពីប្រជាប្រិយភាពរាជវង្សានុវង្ស»។
លោក កែម ឡី បន្តថា កន្លងមក លោក ហ៊ុន សែន ចង់ហាមឃាត់រាជវង្សមិនឲ្យធ្វើនយោបាយដោយសារតែលោកភ័យខ្លាចពីប្រជាប្រិយភាពរបស់អតីតព្រះមហាក្សត្រ ហើយខ្លាចសែរាជវង្សចូលរួមនឹងគណបក្សប្រឆាំង។
ពាក់ព័ន្ធនឹងការចូលរួមនយោបាយរបស់សម្ដេចក្រុមព្រះឡើងវិញនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលកាលពីថ្ងៃទី៦ មករា ថា យុទ្ធសាស្ត្ររុញសម្ដេចក្រុមព្រះចូលធ្វើនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ នឹងគ្មានប្រសិទ្ធភាព ពីព្រោះសម្ដេចក្រុមព្រះមិនអាចបំបែកសំឡេងគណបក្សប្រឆាំងបានឡើយ៖ «សម្តេចក្រុមព្រះគិតថា អូសទាញសំឡេងគណបក្សសង្គ្រោះជាតិ បានខុសហើយ! មកពីអ្វី? ព្រោះអ្នកធ្លាប់បោះឆ្នោតឲ្យហ្វ៊ុនស៊ិនប៉ិច បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ៩០ភាគរយ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បន្តទៀតថា គណបក្សប្រជាជនកម្ពុជា ពិតជាប្រើប្រាស់យុទ្ធសាស្ត្រដើម្បីគាបសង្កត់សែរាជវង្សានុវង្សមួយចំនួនមិនឲ្យធ្វើនយោបាយ ប៉ុន្តែមិនមានប្រសិទ្ធភាពទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នឹងយាងទៅប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក នៅខែមករានេះ ដើម្បីជួបសមាជិកគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរ-អាមេរិកាំង ពន្យល់ពីយុទ្ធសាស្ត្រគណបក្ស។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គយាងទៅជួបសកម្មជនគណបក្សក្នុងនាមជាអ្នកនយោបាយ មិនមែនជាសែរាជវង្សឡើយ៕
Bagikan
ក្រុមគ្រួសាររាជវង្សទទួលប្រាក់ជាថ្នូរមិនធ្វើនយោបាយ
4/
5
Oleh
Unknown