ខេត្តនានា។ នៅថ្ងៃសៅរ៍នេះ មេដឹកនាំ គណបក្សមូលដ្ឋាន កំពុងមានវត្តមាននៅខេត្តព្រៃវែង ដែលនេះជាលើកទីពីរហើយបន្ទាប់ពីការចុះទៅកាន់ខេត្តកំពតកាលពីសប្តាហ៍មុនក្រោយជំនួបមេបណ្តាញប្រហែល២០០នាក់នៅទីក្រុងភ្នំពេញ។ក្រុមការងារគណបក្សថ្មីនេះសង្ឃឹមថា ពួកគេនឹងអាចពង្រីកការបង្រៀនមេរៀនប្រជាធិបតេយ្យនេះ បានប្រហែល២០០ឃុំនៅឆ្នាំ ២០១៥ ហើយឈានទៅ១ពាន់ឃុំ នៅឆ្នាំ២០១៦។
ក្រុមបញ្ញវន្ត ដែលដឹកនាំដោយលោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត យង់ សាំងកុមារ នៅថ្ងៃសៅរ៍នេះ បានចុះទៅកាន់ខេត្តព្រៃវែង ដើម្បីរៀបចំបង្កើតគណបក្សមូលដ្ឋានតាមរបៀបមេរៀនប្រជាធិបតេយ្យ។
ការចុះទៅកាន់ខេត្តភាគខាងកើតនៅថ្ងៃសៅរ៍នេះ គឺជាលើកទីពីរហើយដែលក្រុមបណ្ឌិត មានប្រភពចេញពីអង្គការក្រៅរដ្ឋាភិបាលនានា និង កុងស៊ុលតង់ និងអ្នកវិភាគសង្គម បានចុះទៅមូលដ្ឋានបន្ទាប់ពីចុះជាលើកដំបូងទៅកាន់ឃុំមួយនៅខេត្តកំពតកាលពីសប្តាហ៍មុន។
ក្រោយពីសំរាកពីអង្គប្រជុំជាមួយនឹងតំណាងមកពីស្រុកចំនួន៥ និងឃុំចំនួន៨ ហើយមានមនុស្សចូលរួមប្រមាណជាង៤០នាក់ លោកកែម ឡី អ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតគណបក្សមូលដ្ឋាន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា រយៈពេលពីរថ្ងៃគឺថ្ងៃនេះនិងថ្ងៃស្អែក ក្រុមលោកនឹងបង្រៀនប្រជាពលរដ្ឋ ឲ្យចេះរៀបចំ សមាសភាពបោះឆ្នោតក្រុមប្រឹក្សាឃុំ រៀបចំគោលនយោបាយ និងរៀបចំលក្ខន្តិកៈគណបក្ស រួមទាំងនីតិវិធីក្នុងការផ្ញើរទៅក្រសួងមហាផ្ទៃ។ សរុបមកការជ្រើសរើស និងការទំលាក់ចេញអ្នកដែលមានកំហុស ខុសពីគោលការណ៍បក្ស នឹងត្រូវធ្វើឡើងតាមការបោះឆ្នោតទាំងអស់។
ការបង្កើតគណបក្សមូលដ្ឋានរបស់ក្រុមបណ្ឌិត កន្លងមកទទួលរងការអំពាវនាវឲ្យរួបរួមគ្នាផង និង ការរិះគន់ពីការបំបែកសម្លេងគាំទ្រផងពីគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែមិនមានអត្ថាធិប្បាយផ្លូវការណាមួយនៅឡើយ ទេទាក់ទងទៅនឹងគណបក្សមូលដ្ឋានថ្មីមួយដែលអាចជាដៃគូប្រកួតប្រជែងនយោបាយថ្មីមួយទៀតនៅចន្លោះគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ទាំងពីរ។
សូមបញ្ជាក់ថារយៈពេលមួយខែនេះ តាមគំរោងនឹង រៀបចំសកម្មជនថ្នាក់ជាតិចំនួន ១៥ក្រុមដើម្បីឲ្យពួកគេ ចុះបង្រៀនបន្ថែម។ សម្រាប់គម្រោងសាកល្បង៣ខែ លោក កែម ឡី បញ្ជាក់ថានឹងធ្វើឡើងតែ២៧ឃុំ ហើយសង្ឃឹមថា មានជោគជ័យចំនួន ១០ឃុំ។ លើសពីនេះ គណបក្សមូលដ្ឋានរបស់លោក កែម ឡី នឹងចំណាយពេលយ៉ាងហោចមួយឆ្នាំឬលើសពីនេះ ដោយទុកឲ្យតំណាងតាមមូលដ្ឋាន បោះឆ្នោតដើម្បីរកឈ្មោះ និងឡូហ្គូផ្លូវការ ដើម្បីជាស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕
Bagikan
មេដឹកនាំចេញពីអង្គការសង្គមស៊ីវិលចុះបង្កើតគណបក្សមូលដ្ឋានលើកទី២នៅខេត្តព្រៃវែង បន្ទាប់ពីខេត្តកំពត
4/
5
Oleh
Unknown