សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកដៃសំពះ អង្វរករដល់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច តាមមូលដ្ឋាន កុំឲ្យយកហ្វ៊ុនស៊ិនប៉ិច ទៅតថ្លៃ ទោះជាអំណាចក្តី ទោះជាលុយកាក់ក្តី ជាមួយគណបក្សប្រជាជនកម្ពុជា ដូចគ្រាមុនទៀត។
ក្នុងពេលជួបមុខអតីតអ្នកដង្ហែតាមព្រះអង្គជាថ្មីឡើងវិញ ពេលនេះ សម្តេចក្រុមព្រះ ក៏បានឲ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ចុះមូលដ្ឋាន ប្រមែប្រមូលអ្នករាជានិយមឲ្យបោះឆ្នោតគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីការពារកេរ្តិ៍ដំណែលសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ។
ក្នុងពេលជួបមុខថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាតំណាងតាមបណ្តាខេត្តរាជធានី ថ្នាក់ស្រុកខណ្ឌក្រុងនៅទូទាំងប្រទេស នាព្រឹកថ្ងៃសៅរ៍ ទី១០មករានេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកដៃសំពះ អង្វរករដល់សមាជិក ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច កុំយកហ្វ៊ុនស៊ិនប៉ិច ទៅតថ្លៃ ទោះជាដើម្បីអំណាច ឬក៏ដើម្បីលុយកាក់ជាមួយគណបក្សប្រជាជនកម្ពុជា ដូចពេលមុនទៀត។
ចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលរួមមាន លោកញឹក ប៊ុនឆៃ លោកឈឹម សៀកឡេង លោកកែវ ពុទ្ធរស្មី លោកយូ ហុកគ្រី ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាខេត្តរាជធានី ក្រុងស្រុកខណ្ឌ សរុបជាង ៣០០ នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានលើកបទពិសោធន៍របស់ហ្វ៊ុនស៊ិនប៉ិច ក្នុងរយៈកាលកន្លងមក។ ជាបទពិសោធន៍ រវាងហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលព្រះអង្គ បានចាត់ទុកដូចសម្លរម្ជូរស្លឹកអំពិល ដែលសមាជិកថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច បានភ្លក់រួចហើយ ដោយអ្នកខ្លះ យល់ថា មានរសជាតិសាប ប្រៃ ជូរ និងផ្អែម ជាដើម។ ប៉ុន្តែសម្រាប់ព្រះអង្គ រស់ជាតិសម្លរម្ជូរស្លឹកអំពិលនោះ មិនត្រូវបានព្រះអង្គ លើកឡើងទេ។
ក្នុងឱកាសជួបថ្នាក់ដឹកនាំតាមបណ្តាខេត្តរាជធានី ក្រុងស្រុកខណ្ឌទាំងនោះ សម្តេចក្រុមព្រះ ក៏បានស្នើឲ្យថ្នាក់ដឹកនាំចុះមូលដ្ឋានប្រមែប្រមូលអ្នករាជានិយម ឲ្យបោះឆ្នោតគាំទ្រហ្វ៊ុនស៊ិនប៉ិច ដើម្បីការពារកេរ្តិ៍តំណែលសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលជាព្រះបិតា។
នៅព្រឹកមិញ សម្តេចក្រុមព្រះ ក៏បានឆ្លើយតបនឹងការរិះគន់ព្រះអង្គ តាមហ្វេសប៊ុក ក្នុងពេលព្រះអង្គយាងមកដឹកនាំហ្វ៊ុនស៊ិនប៉ិចឡើងវិញ នៅពេលនេះ ព្រមទាំងតបនឹងការលើកឡើងរបស់លោកសមរង្ស៊ី អតីតជាសហការីរបស់ព្រះអង្គ។ តាមសម្តេចក្រុមព្រះ លោកសមរង្ស៊ី ក៏អាចយកព្រះនាមព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ឬក៏ឈ្មោះឪពុកលោកសមរង្ស៊ី គឺលោកសមសារី ទៅប្រើ ដើម្បីឃោសនារកសំឡេងឆ្នោត ដូចការរិះគន់របស់លោកសមរង្ស៊ី លើព្រះអង្គថា យកតែឈ្មោះឪពុកមកប្រើ។
មុននឹងដើរចេញពីសាលប្រជុំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានផ្តាំទៅលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមករួបរួមជាមួយព្រះអង្គ ព្រោះថា តាមសម្តេចក្រុមព្រះ ទាំងលោកសមរង្ស៊ី និងទាំងលោកកឹម សុខា ធ្លាប់ត្រូវបានព្រះអង្គជួយទំនុកបំរុងក្នុងជីវិតនយោបាយផងដែរ៕
Bagikan
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លើកដៃសំពះអង្វរករសមាជិក កុំយកហ្វ៊ុនស៊ិនប៉ិច ទៅតថ្លៃដូចមុន
4/
5
Oleh
Unknown