បើកធ្វើបានតែ ១០ ប៉ុណ្ណោះក៏ត្រូវបានចៅក្រមប្រកាសបិទនៅវិញពីព្រោះតែលោក ខៀវ សំផន មិនអាចចេញពីមន្ទីរពេទ្យបាន។
សវនាការលើសំណុំរឿង ០០២ វគ្គ២ ដែលជាកាត់ទោសលើអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចាស់ជរាពីររូប គឺខៀវ សំផន និងនួន ជា ត្រូវបានផ្អាកជាថ្មី បន្ទាប់ពីលោកខៀវ សំផន មានបញ្ហាសុខភាព ឡើងសម្ពាធឈាមខ្ពស់។
កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបង្ហាញវត្តមាននៅក្នុងសវការពេញមួយព្រឹករួចមក ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា លោកខៀវ សំផនមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ រួចបានបញ្ជូនជនជាប់ចោទរូបនេះទៅកាន់មន្ទីរពេទ្យមិត្តិភាពខ្មែរសូវៀតជាបន្ទាន់។ លោកចៅក្រម និល ណុនក៏បានប្រកាសផ្អាកសវនាការនៅម៉ោង ជិត២រសៀល។ នៅព្រឹកថ្ងៃសុក្រនេះ សវនាការក៏បានបន្តបើកជាថ្មី ដោយសង្ឃឹមថា លោកខៀវ សំផន អាចចេញពីមន្ទីរពេទ្យវិញ ប៉ុន្តែ គ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យចេញនៅឡើយទេ។
ដោយឡែកជនជាប់ចោទនួន ជា ពុំមានបញ្ហាសុខភាពនោះទេ ដោយលោកបានបង្ហាញវត្តមាននៅក្នុងបន្ទប់សវនាការទាំងនៅព្រឹកថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ រហូតមកទល់នឹងពេលនេះ លោកខៀវ សំផន មានអាយុ ៨៤ឆ្នាំហើយ ហើយលោកនួន ជា មានអាយុ ៨៨ឆ្នាំ។
លោកនេត្រ ភ័ក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ចៅក្រមនៃសាលាក្តីខ្មែរក្រហមបានប្រកាសតែងតាំងក្រុមគ្រូពេទ្យវេជ្ជសាស្ត្រពីរនាក់ដើម្បីពិនិត្យសុខភាព បញ្ញាស្មារតី និងកាយសម្បទា របស់ជនជាប់ចោទទាំងពីរសារឡើងវិញ ហើយលទ្ធផលសម្រេចនឹងចេញនៅចុងខែមករានេះ។ ការពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាតើ ជនជាប់ចោទទាំងពីរ អាចមានសុខភាពល្អប្រក្រតី ដើម្បីបង្ហាញវត្តមាន នៅពេលបើកសវនាការដែរឬទេ។
សូមបញ្ជាក់ថា នៅក្នុងសំណុំរឿង០០២ វគ្គ២នេះ ខៀវ សំផន និងនួន ជាត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ កន្លងមកសវនាការនេះ ត្រូវបានផ្អាកជាបន្តបន្ទាប់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៤មក ដោយសារតែមេធាវីការពារក្តី ខៀវសំផន មិនចូលរួមសវនាការ ព្រោះជាប់រវល់នឹងសារណា លើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង០០២ វគ្គ១៕
Bagikan
សវនាការលើសំណុំរឿង ០០២វគ្គ២ ត្រូវបានផ្អាកជាថ្មីដោយសារខៀវ សំផន ចូលពេទ្យ
4/
5
Oleh
Unknown