រឿងរ៉ាវបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ម្ល៉េះ ពេលសារព័ត៌មានប្រចាំថ្ងៃទំនើបនិយមមួយ ឈ្មោះ
ម៉ាកដុំ អេ អំរូ (Mardom-é-Emrouz) បានបោះពុម្ពរូបថតតួកុនអាមេរិកម្នាក់ឈ្មោះ ចច ឃ្លូន្នី (George Clooney) ស្ទើរពេញទំព័រមុខ និងបានលេងចំណងជើងថា«ខ្ញុំជាសាកលី (Je Suis Charlie)»។
តារាសម្ដែងអាមេរិក ដែលមានប្រជាប្រិយខ្លាំងនៅអ៊ីរ៉ង់នោះ បានបង្ហើរពាក្យស្លោកមួយឃ្លានេះនៅក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្ត ហ្គោលឌិន គ្លូប (Golden Globes)។ ប៉ុន្តែការបង្ហាញរូបថត និងពាក្យស្លោកបែបនេះនៅពេលនោះ បានកើតឡើងតែ១ថ្ងៃក្រោយការផ្សាយទស្សនាវដ្ដី សាកលី អិបដូ (Charlie Hebdo) ដែលមានរូបត្លុកព្យាការីមូហាម៉េតថ្មី។ ការណ៍នេះធ្វើឱ្យសារព័ត៌មានអភិរក្សនិយមជាច្រើន បានទៅប្តឹងតុលាការប្រឆាំងនឹងកាសែត ម៉ាកដុំ អេ អំរូ ទំនើបនិយមនោះតែម្តង។
តាមពិត ប្រទេសអ៊ីរ៉ង់បានថ្កោលទោសភេរវកម្មនៅប្រទេសបារាំង ជាពិសេស ការវាយប្រហារទៅលើទស្សនាវដ្ដី សាកលី អិបដូ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អាជ្ញាធរអ៊ីរ៉ង់ក៏បានរិះគន់ការបោះពុម្ពផ្សាយរូបត្លុកថ្មីរបស់ព្យាការី មូហាម៉េត ដោយសារតែសាសនិកឥស្លាមចាត់ទុកថា វាជាការបង្ករឿង។ កាលពីថ្ងៃសុក្រ មេបុព្វជិតនៅតាមព្រះវិហារឥស្លាមទូទាំងប្រទេសអ៊ីរ៉ងបានបរិហាររូបត្លុកថ្មីនោះ។ នៅថ្ងៃចន្ទ បើតាមគម្រោង បាតុកម្មមួយនឹងត្រូវគេរៀបចំឡើងខាងមុខស្ថានទូតបារាំងក្នុងរដ្ឋធានីតេអេរ៉ង់។
ទើបចេញផ្សាយបានតែ៣សប្ដាហ៍ សារព័ត៌មាន ម៉ាកដុំ អេ អំរូ មាននិន្នាការគាំទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតីនិយមកណ្តាល ហាស្សាន រ៉ូហានី (Hassan Rohani) ដែលប្រាថ្នាសេរីភាពវប្បធម៌ និងនយោបាយកាន់តែច្រើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់៕
Bagikan
តុលាការអ៊ីរ៉ង់បិទសារព័ត៌មានប្រចាំថ្ងៃមួយព្រោះតែចំណងជើង«ខ្ញុំជាសាកលី
4/
5
Oleh
Unknown