នាក់នៅក្នុងហេតុការណ៍ចាប់ចំណាប់ខ្មាំងនៅក្នុងហាងទំនិញជាយក្រុងប៉ារីស។ តាមតុល្យការចុងក្រោយ ផ្តល់ដោយនាយករដ្ឋមន្រ្តីបារាំង លោក Manuel Valls នៅក្នុងរយៈពេលបីថ្ងៃជាប់គ្នា មនុស្ស១៧នាក់ ត្រូវបានក្រុមភេរវជនបាញ់សម្លាប់។
ក្នុងរយៈពេលតែបីថ្ងៃ បារាំងបានជួបហេតុការណ៍ដ៏តក់ស្លុត មិនធ្លាប់ជួបក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ ថ្ងៃពុធ ភេរវជនពីររូបបានចូលបាញ់សម្លាប់អ្នកកាសែត និងអ្នកគូររូបត្លុក៨នាក់របស់ទស្សនាវដ្តីCharlie Hebdo។ ថ្ងៃព្រហស្បតិ៍ នៅពេលដែលប៉ូលិសកំពុងស្វែងតាមចាប់ភេរវជន ពីរនាក់បងប្អូនសេរីហ្វហ និងសេដ គួស៊ី ដែលគេសង្ស័យថា ជាអ្នកបាញ់សម្លាប់អ្នកកាសែតរបស់Charlie Hebdo បុរសបិទមុខម្នាក់ បានបាញ់សម្លាប់ប៉ូលិសស្រី នៅភាគខាងត្បូងក្រុងប៉ារីស មុននឹងរត់គេចខ្លួនបាត់ស្រមោលក្នុងក្រុងប៉ារីស។ ចូលដល់ ថ្ងៃទីបី ថ្ងៃសុក្រ ម្សិលមិញ តាំងពីព្រឹកព្រលឹម ប៉ូលិសបើកប្រតិបត្តិការឡោមព័ទ្ធរោងបោះពុម្ពមួយ ដែលភេរវជនពីរនាក់បងប្អូនបានចូលលាក់ខ្លួន។ ស្រាប់តែនៅម៉ោង១រសៀល បុរស បំពាក់ដោយអាវុធពេញដៃបានចូលបាញ់ប្រហារ និងចាប់មនុស្សជាចំណាប់ខ្មាំង នៅក្នុងហាងលក់ទំនិញជ្វីហ្វមួយ នៅPorte de Vincennes ភាគខាងកើតប៉ារីស។
នៅម៉ោង ៥ល្ងាច ប៉ូលិសបារាំងបានបើកការវាយលុកទៅលើក្រុមភេរវជន ទាំងពីរកន្លែង។ រដ្ឋអាជ្ញាបារាំង លោកFrançois Molins ដែលទើបបិទបញ្ចប់សន្និសីទកាសែត កាលពី២ម៉ោងមុននេះ បាននិយាយថា ភេរវជនពីរនាក់បងប្អូន គូស៊ីត្រូវប៉ូលិសបាញ់សម្លាប់ នៅDammartin en Goël ចំណែកភេរវជនម្នាក់ទៀត នៅPorte de Vincennes ក៏ ត្រូវប៉ូលិសបាញ់សម្លាប់ដែរ បន្ទាប់ពីបានរត់ចេញមកក្រៅអគារ និងបាញ់រះលើប៉ូលិស។ នៅPorte de Vincennes មានប៉ូលិសរបួស៤នាក់ ចំណែកចំណាប់ខ្មាំង៤នាក់ត្រូវរដ្ឋអាជ្ញាអះអាងថា ត្រូវបានភេរវជនបាញ់សម្លាប់ នៅមុនការវាយសម្រុកចូលរបស់ប៉ូលិសទៅទៀត។
តាមរដ្ឋអាជ្ញាបារាំង បុរសដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំង នៅPorte de Vincennes មានឈ្មោះថា អាម៉ាឌី គូលីបាលី ជាបុរសស្បែកខ្មៅ ដែលបានបាញ់សម្លាប់ប៉ូលិស នៅMontrougeភាគខាងត្បូងក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។ ហើយការស៊ើបអង្កេតបានបង្ហាញថា អាម៉ាឌី គូលីបាលីមានទំនាក់ទំនងយ៉ាងជិតស្និទ និងបានរៀបចំគម្រោងធ្វើភេរវកម្ម ជាមួយបងប្អូនគូស៊ី ពោលគឺបងប្អូនគូស៊ីវាយប្រហារលើCharlie Hebdo ចំណែកគូលីបាលីមានគោលដៅបាញ់សម្លាប់ប៉ូលិស។
រដ្ឋអាជ្ញាបារាំងនៅបាននិយាយថា សេរីហ្វហ គូស៊ី ធ្លាប់បានធ្វើដំណើរទៅប្រទេសយេម៉ែននៅឆ្នាំ ២០១១។ នៅក្នុងបទសម្ភាសន៍ខ្លី តាមទូរស័ព្ទ ជាមួយទូរទស្សន៍BFM tv ពីកន្លែង ដែលខ្លួនត្រូវប៉ូលិសឡោមព័ទ្ធ កាលពីថ្ងៃសុក្រ បងប្អូនគូស៊ីបាននិយាយប្រាប់អ្នកកាសែតថា គេធ្វើការឲ្យបណ្តាញអាល់កៃដា នៅក្នុងប្រទេសយេម៉ែន។ ចំណែកគូលីបាលី ត្រូវបានរដ្ឋអាជ្ញាបារាំងរៀបរាប់ថា ធ្វើសកម្មភាពភេរវកម្មដើម្បីសងសឹកឲ្យអ្នកដែលត្រូវគេរំលោភបំពាន ជាពិសេសគឺប៉ាឡេស្ទីន៕
Bagikan
វិបត្តិចំណាប់ខ្មាំងនៅប៉ារីសត្រូវបិទបញ្ចប់ ភេរវជនបីនាក់ស្លាប់
4/
5
Oleh
Unknown