ខណៈពេលដែលអ្នកគាំទ្រជនជាប់ចោទទាំងបីនាក់បានប្រមូលផ្តុំគ្នានៅក្រៅតុលាការ។ ការប្តឹងបន្តទៅតុលាការកំពូលជាជម្រើសរបស់ជនជាប់ចោទនិងមេធាវីរបស់អង្គការលីកាដូ។
ជនជាប់ចោទ៣នាក់ ដែលជាអតីតព្រះសង្ឃ ត្រូវបានដឹកបញ្ជូនទៅពន្ធនាគារម១ នៅព្រៃសវិញ បន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ពួកគេ នៅក្នុងសវនាការ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមករា។
បុរសឈ្មោះ ឃីត វណ្ណៈ និងឈ្មោះ សាង កុសល ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលអតីតព្រះសង្ឃទាំងពីរអង្គដឹកជញ្ជូនដំបងដែលមានទង់ជាតិនិងទង់សាសនា ទៅតវ៉ាគាំទ្រអ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ។ អ្នកទាំងពីបានសុំនៅក្រៅឃុំបណ្តោះអាសន្ន កាលពីខែធ្នូ ពេលសាលាដំបូងចោទប្រកាន់ពីបទ«ចូលរួមក្នុងសមាគមទុច្ចរិត»។
មេធាវី សាម សុគន្ធា ដែលការពារក្តីឱ្យជនជាប់ចោទ ឃីត វណ្ណៈ និងជនជាប់ចោទ សាង កុសល បានឱ្យដឹងថា «តុលាការថាដោយសាររឿងស្ថិតក្នុងការស៊ើបអង្កេត»នៅឡើយ ហើយថា ការរក្សាជនជាប់ចោទ ឱ្យនៅក្នុងឃុំគឺ«ដើម្បីងាយស្រួលដល់ការស៊ើបអង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញ»។
ទន្ទឹមនឹងនេះដែរ មេធាវី ជិន លីដា ដែលការពារក្តីឱ្យជនជាប់ចោទឈ្មោះ សឺន ហាយ ក៏បានប្រាប់ផងដែរថា ការបដិសេធរបស់សាលាឧទ្ធរណ៍ចំពោះសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងសវនាការ នាព្រឹកថ្ងៃសុក្រនោះ គឺអាស្រ័យដោយមូលហេតុស្រដៀងគ្នា។
បុរសឈ្មោះ សឺន ហាយ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលអតីតព្រះសង្ឃអង្គនេះកំពុងតវ៉ាទាមទារឱ្យដោះលែងអ្នកភូមិបឹងកក់៧នាក់ ហើយជាប់ចោទពីបទ«ប្រើប្រាស់ឯកសារសាធារណៈក្លែង [ឆាយាគណៈមហានិកាយក្លែង] និងស្លៀកសំលៀកបំពាក់ព្រះសង្ឃដោយខុសច្បាប់»។
បើតាម មេធាវី ជិន លីដា នេះជាបទចោទប្រកាន់ថ្មី ដែលបែកចេញពីបទល្មើស«រារាំងមន្ត្រីរាជការសាធារណៈ» នៅសាលាដំបូងរាជធានីភ្នំពេញ ហើយតុលាកាជាន់ទាបនេះបានផ្តន្ទារទោសបុរសឈ្មោះ សឺន ហាយ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀលរួចហើយ។ លោក មេធាវីបានឱ្យដឹងថា សវនាការទាក់ទងនឹងបណ្ដឹងសារទុក្ខក្នុងករណីនេះ នឹងត្រូវបើក នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅសាលាឧទ្ធរណ៍ដដែល។
ចំពោះការមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្នរបស់សាលាឧទ្ធរណ៍ មេធាវីអង្គការការពារសិទ្ធិមនុស្សលីកាដូ បានអះអាងថា តាមរយៈការពិភាក្សាជាមួយកូនក្តីរបស់ខ្លួន បណ្ដឹងសារទុក្ខនៅតុលាការកំពូលនឹងត្រូវសម្រេចនៅសប្តាហ៍ក្រោយ៕
Bagikan
សាលាឧទ្ធរណ៍មិនឱ្យជនជាប់ចោទបីនាក់ ដែលជាអតីតព្រះសង្ឃ នៅក្រៅឃុំទេ
4/
5
Oleh
Unknown