ប៉ុន្តែប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមេសាង ថ្លែងថា ការដាក់ពិន្ទុវាយតម្លៃជ្រើសរើសបេក្ខភាពនាយកសាលា គឺធ្វើទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ហើយមានតម្លាភាព។
ក្រុមគ្រូបង្រៀនមួយចំនួននៅក្នុងវិទ្យាល័យ ច័ន្ទ ក្រឹស្នា ក្នុងស្រុកមេសាង ខេត្តព្រៃវែង បានសម្ដែងការខកចិត្ត ក្រោយពេលដែលបង្ហាញលទ្ធផលនៃការជ្រើសរើសបេក្ខភាពនាយកវិទ្យាល័យកាលពីថ្ងៃទី៦ ខែមករា ដោយខុសពីការរំពឹងទុករបស់ពួកគាត់។
លោក ឈួន ទូច គ្រូបង្រៀននៅវិទ្យាល័យ ច័ន្ទ ក្រឹស្នា ថ្លែងថា ភាពមិនប្រក្រតី គឺកើតមានតាំងពីចាប់ផ្ដើមវាយតម្លៃជ្រើសរើសបេក្ខភាព ២នាក់ជានាយក គឺបេក្ខភាពឈ្មោះ ធា រ៉ា និងបេក្ខភាពម្នាក់ទៀតឈ្មោះ យ៉ន ម៉ៅ មកម្ល៉េះ។ លោកបញ្ជាក់ថា បុគ្គលិកថ្មីដែលមិនទាន់ចូលបម្រើការងារផង ក៏មានវត្តមានវាយតម្លៃបេក្ខភាពនាយក និងសន្លឹកក្រដាសវាយតម្លៃដែលកោសលុបនោះក៏ចាត់ទុកជាសន្លឹកបានការ ហាក់លម្អៀងទៅ លោក យ៉ន ម៉ៅ៖ «ចំណុចមិនប្រក្រតីនោះ គឺលោក យ៉ន ម៉ៅ កើតឆ្នាំ១៩៧៨ ហើយចូលបម្រើការងារនៅឆ្នាំ១៩៩០។ អ៊ីចឹងគាត់ទើបតែអាយុ ១២ឆ្នាំចូលធ្វើការងាររដ្ឋ។ ម្យ៉ាងតាំងពីគាត់ចប់ពីសាលាគរុកោសល្យនោះ គឺបានបីខែ មានការតែងតាំងជានាយករងសាលាទៅហើយ ដោយមិនមានការវាយតម្លៃពីក្រុមប្រឹក្សាវិន័យទេ»។
ការប្រជុំដាក់ពិន្ទុវាយតម្លៃជ្រើសរើសនាយកសាលានោះ គឺធ្វើតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ហើយទើបតែបើកលទ្ធផលនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥។ លោកអះអាងទៀតថា សំឡេងគាំទ្រ លោក ធា រ៉ា មាន ៣០នាក់ ហើយសំឡេងគាំទ្រ លោក យ៉ន ម៉ៅ មាន ២៥នាក់ ប៉ុន្តែ លោក យ៉ន ម៉ៅ មានពិន្ទុវាយតម្លៃសរុបច្រើនជាង។
ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមេសាង លោក ផន សារ៉េត មានប្រសាសន៍ថា ការជ្រើសរើសនោះ គឺធ្វើតាមគោលការណ៍ណែនាំដាក់ពិន្ទុរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានលក្ខខណ្ឌចំនួន ៦ចំណុច ដោយបានធ្វើឡើងដោយតម្លាភាព៖ «ជាគោលការណ៍ បេក្ខភាពដែលឈរឈ្មោះនេះ គឺមានលក្ខខណ្ឌអាចជ្រើសរើសជានាយក។ អ្វីដែលបើកលទ្ធផលនេះ គឺត្រឹមត្រូវតាមគោលការណ៍តម្លាភាព ដោយមានអ្នកមើលអង្កេតជាច្រើន»។
ទោះយ៉ាងណា លោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមេសាង បានលើកឡើងដែរថា ចំពោះប្រវត្តិរូបរបស់បេក្ខភាព លោក យ៉ន ម៉ៅ ខាងការិយាល័យអប់រំ ក៏មិនបានពិនិត្យឲ្យបានហ្មត់ចត់នោះទេ។
អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺអ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ថ្នាក់ដឹកនាំស្ថាប័នអប់រំ គួរតែពិចារណាចំពោះការចាត់ចែង ឬជ្រើសរើសអ្នកគ្រប់គ្រងថ្នាក់ក្រោម ជាជាងជ្រើសតាំងបេក្ខភាពដែលមានទំនោរបក្ខពួករួចហើយ ធ្វើឲ្យបុគ្គលិកថ្នាក់ក្រោមមិនពេញចិត្ត ឬបង្កើនការរិះគន់ដែលនាំឲ្យខូចប្រយោជន៍ស្ថាប័នអប់រំទាំងមូល និងខូចគោលនយោបាយកែទម្រង់របស់ថ្នាក់ដឹកនាំក្រសួង។
ទោះយ៉ាងណា ក្រុមគ្រូបង្រៀនមួយចំនួននៅក្នុងវិទ្យាល័យ ច័ន្ទ ក្រឹស្នា ទាមទារឲ្យមានការបោះឆ្នោតដាក់ពិន្ទុឡើងវិញ ដោយធ្វើឡើងនៅនឹងកន្លែង និងមានតម្លាភាព៕
Bagikan
គ្រូបង្រៀនមួយចំនួននៅវិទ្យាល័យក្នុងស្រុកមេសាងរិះគន់ការជ្រើសរើសនាយកសាលា
4/
5
Oleh
Unknown