ជ្រើសរើសជម្រុះចម្រាញ់ស្ទើរតែពេញមួយឆ្នាំចំពោះស្នាដៃបេក្ខជនដែលបានដាក់ទៅប្រលង សមាគមប៊ិចកម្ពុជា បានប្រកាសឈ្មោះយុវជនជាប់ជ័យលាភីប្រចាំឆ្នាំ២០១៤ នៅរសៀលថ្ងៃសៅរ៍ម្សិលមិញ។
គឺជាពិធីប្រគល់រង្វាន់ជ័យលាភីប្រចាំឆ្នាំ២០១៤ លើផ្នែកកំណាព្យ និងរឿងខ្លី និងជាពានរង្វាន់លើកដំបូងដែលសមាគមប៊ិចកម្ពុជា បានរៀបចំឡើងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខាងត្បូងវិមានឯករាជ្យ ក្នុងក្រុងភ្នំពេញ។ ស្នាដៃរឿងខ្លីចំនួនពីរត្រូវបានជាប់លេខ១និងលេខ៣ ហើយកំណាព្យចំនួន៤អត្ថបទ ត្រូវបានជ្រើសរើសថាជាស្នាដៃឆ្នើមប្រចាំឆ្នាំ២០១៤។ អ្នកជាប់ជ័យលាភី៦នាក់បានទទួលបណ្ណកោតសរសើរដែលបញ្ជាក់ពីសមាគម និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។ លើសពីនេះ ស្នាដៃល្អទាំងអស់នោះ នឹងត្រូវរៀបចំបោះពុម្ពផ្សព្វផ្សាយនៅពីរបីខែទៀត ខាងមុខនេះ។
លោក ហង្ស បូរិន្ទ ជាអ្នកនិពន្ធវ័យក្មេង និងជាគណៈកម្មាការរូបមួយ បានបញ្ជាក់នៅក្នុងពិធីប្រគល់រង្វាន់ថា វណ្ណកម្មជាប់ជ័យលាភីទាំងអស់នោះ ត្រូវបានសមាគមប៊ិចកម្ពុជាសម្រេចឲ្យជាប់រង្វាន់ គឺដោយសារតែពិនិត្យឃើញថា ទឹកដៃសរសេរមានទឹកដម ពិរោះ មានភាពឆ្នៃប្រឌិតខ្ពស់ និងឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម ព្រមទាំងម្ចាស់ស្នាដៃទាំងនោះ អាចនឹងមានភាពដុះដាលក្លាយទៅជាកវីនិងអ្នកនិពន្ធល្អទៅថ្ងៃអនាគត។
លោក ហង្ស បូរិន្ទ បន្តថា ធ្វើជាអ្នកនិពន្ធ ទាល់តែរកឲ្យឃើញពីអត្តសញ្ញាណរបស់ខ្លួនមួយច្បាស់លាស់ ហើយនិងប្រកាន់អត្តភាពជាអ្នកនិពន្ធរបស់ខ្លួននោះជាប់រហូត។ ចំពោះលោក ហង្ស បូរិន្ទ អ្នកដែលជាប់ជ័យលាភីនៅពេលនេះ គឺជាម្ចាស់ស្នាដៃដែលភាគច្រើនមានអត្តសញ្ញាណផ្ទាល់ខ្លួនមួយក្នុងភាពជាអ្នកនិពន្ធ និងជាកវី។
ការប្រគល់ពាន់រង្វាន់តែងនិពន្ធរឿងខ្លី និងកំណាព្យរបស់សមាគមប៊ិចកម្ពុជាលើកនេះ គឺស្ថិតនៅក្នុងក្របខណ្ឌអ្នកនិពន្ធនិងកវីវ័យក្មេង ដែលបេក្ខជនគឺជាសិស្សសាលា និងនិស្សិតនៅសាកលវិទ្យាល័យ។ លោក ហេង ស្រ៊ាង ប្រធានសមាគមប៊ិចកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំ២០១៥នេះ សមាគមប៊ិចកម្ពុជា នឹងរៀបចំប្រកាសទទួលស្នាដៃអក្សរសិល្ប៍ប្រកួតប្រជែងជាបន្តទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារតែប្រធានសមាគមរូបនេះយល់ឃើញថា យុវជនខ្មែរមួយចំនួនមិនសូវចូលចិត្តអាន និងនៅមិនទាន់ចូលចិត្តសរសេរស្រាវជ្រាវច្រើននៅឡើយ លោកបានបង្កើតវគ្គបង្រៀនតែងនិពន្ធ និងបង្កើតកម្មវិធីប្រលងជ្រើសស្នាដៃតែងនិពន្ធ គឺដើម្បីលើកទឹកចិត្តឲ្យពួកគេចេះចង់អាននិងសរសេរ។ ចំពោះលោក ហេង ស្រ៊ាង ដើម្បីបណ្តុះនិងពង្រីកវប្បធម៌អាននិងសរសេរ គឺត្រូវចាប់ផ្តើមពីក្មេងៗនិងយុវជនឡើងទៅ។
សមាគមប៊ិចកម្ពុជា បានបង្កើតនៅឆ្នាំ២០១០ ហើយបានចូលជាសមាជិកអង្គការប៊ិចអន្តរជាតិ (Pen International) ដែលបច្ចុប្បន្នមានសមាជិក១៤៦ប្រទេស។ កន្លងទៅ សមាគមនេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធនិងកវីវ័យក្មេងនៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញផងដែរ។ លោក ហេង ស្រ៊ាង បានបញ្ជាក់ថា សមាគមនេះកំពុងជំរុញសកម្មភាពដើម្បីឲ្យអ្នកនិពន្ធវ័យក្មេងឈានទៅដល់លំដាប់ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕
Bagikan
សមាគមប៊ិចកម្ពុជា ប្រកាសពានរង្វាន់អក្សរសិល្ប៍ប្រចាំឆ្នាំលើកទី១
4/
5
Oleh
Unknown