មេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន នៅក្នុងសំណុំរឿង ០០២ វគ្គ ២ គឺលោក គង់ សំអុន ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី១១ មករាថា ស្ថានភាពសុខភាពរបស់កូនក្ដីលោក បានគ្រាន់បើជាងមុន ទោះជាត្រូវនៅបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ៖ «ជាទូទៅបានប្រសើរហើយមកដល់ពេលនេះ ប៉ុន្តែការព្យាបាលនៅតែមានធ្វើបន្ត។ អ៊ីចឹងលោកមិនបានចាកចេញទេ»។
រហូតមកដល់ល្ងាចថ្ងៃអាទិត្យ ទី១១ មករា ដដែល អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ស្ថានភាពសុខភាពជនជាប់ចោទ ខៀវ សំផន នៅថេរ ហើយការបន្តសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយនេះ គឺដើម្បីទុកពេលឱ្យក្រុមគ្រូពេទ្យតាមដាន និងព្យាបាលជំងឺរបស់គាត់៖ «បានន័យថា ស្ថានភាពសុខភាពរបស់គាត់ស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ ហើយរបាយការណ៍លម្អិតទាក់ទងនឹងស្ថានភាពសុខភាពថា តើមានការវិវឌ្ឍយ៉ាងម៉េច យើងមិនទាន់បានទទួលនៅឡើយទេ ហើយយើងសង្ឃឹមថា នៅដើមសប្ដាហ៍នេះ របាយការណ៍របស់ក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់អង្គជំនុំជម្រះសាលាដំបូង»។
គ្រូពេទ្យប្រចាំសាលាក្ដីខ្មែរក្រហម សម្រេចបញ្ជូនជនជាប់ចោទ ខៀវ សំផន ទៅមន្ទីរពេទ្យភ្លាមៗ កាលពីនៅរសៀលថ្ងៃទី៨ មករា ដោយសារបញ្ហាវិលមុខខ្លាំង និងសម្ពាធឈាមគាត់ឡើងខ្ពស់ ដែលធ្វើឱ្យគាត់មិនអាចចូលរួមសវនាការបាន។
បញ្ហានេះ បណ្ដាលឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ដែលចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញនៅថ្ងៃទី៨ មករា នោះ បង្ខំចិត្តផ្អាកសវនាការរបស់ខ្លួនលើសំណុំរឿង ០០២ វគ្គ ២ នោះ។ អង្គជំនុំជម្រះសាលាដំបូងគ្រោងចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញ នៅថ្ងៃទី១៥ មករា។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែងបន្ថែមថា តាមស្ថានភាពសុខភាពរបស់កូនក្ដីលោកដូចពេលនេះ កូនក្ដីលោកអាចនឹងចូលរួមសវនាការនៅថ្ងៃទី១៥ មករា ខាងមុខបាន៖ «បើសិនជាស្ថានភាពនៅបន្តប្រសើរបែបនេះ អាហ្នឹងប្រហែលជាគាត់អាចចូលបាន លើកលែងតែមានបញ្ហាអីផ្សេងទៀតទាក់ទងសុខភាពរបស់គាត់។ ប៉ុន្តែបើស្ថានភាពបច្ចុប្បន្ននេះ មើលទៅឃើញថា ការព្យាបាលរបស់ពេទ្យមានលក្ខណៈល្អប្រសើរ»។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញ លើសំណុំរឿង ០០២ វគ្គ ២ បន្តទៀត កាលពីនៅព្រឹកថ្ងៃទី៨ មករា ហើយស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ មាស សុខា បានមួយព្រឹក។ សក្ខីកម្មរបស់សាក្សីឈ្មោះ មាស សុខា គឺទាក់ទងទៅនឹងរឿងរ៉ាវនៅសហករណ៍ត្រាំកក់ ការប្រព្រឹត្តទៅលើពុទ្ធសាសនិក និងមន្ទីរសន្តិសុខក្រាំងតាចាន់ នៅខេត្តតាកែវ ដែលជាអង្គហេតុនៅក្នុងសំណុំរឿង ០០២ វគ្គ ២៕
Bagikan
សុខភាពលោក ខៀវ សំផន មានភាពប្រសើរ
4/
5
Oleh
Unknown