នៅក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូក ដែលជាពណ៌តំណាងរាជវង្សថៃ លោកស្រីនាយករដ្ឋមន្រ្តី ដែលត្រូវពួកយោធាបណ្តេញចេញអំណាច កាលពីខែពាក់កណ្តាលឆ្នាំមុន បានឡើងនិយាយការពារខ្លួន នៅមុខ សភាថៃ។ ឡើងឆ្លើយការពារខ្លួន ព្រោះ គណៈកម្មការប្រឆាំងអំពើពុករលួយ ដែលមាននិន្នាការទៅរកព្រះរាជវាំង បានចោទលោកស្រី យីងឡាក់ នៅពេលលោកស្រីកាន់អំណាច ពីបទធ្វេសប្រហែស នៅក្នុងកម្មវិធីឧបត្ថម្ភធនដល់ប្រជាកសិករ ដោយរដ្ឋបានប្រមូលអង្ករទិញ ក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ ដល់ទៅ៥០ភាគរយ។
“ ខ្ញុំបានដឹកនាំរដ្ឋាភិបាល ដោយស្មោះត្រង់ និងគោរពរាល់ច្បាប់ដែលមានចែង។” នេះជាការអះអាងរបស់លោកស្រីយីងឡាក់ នៅមុខក្រុមអ្នកតំណាងរាស្រ្ត។ លោកស្រីយីងឡាក់នៅបាននិយាយការពារកម្មវិធីនយោបាយរបស់លោកស្រីថា បានជួយស្រោចស្រង់ប្រជាកសិករថៃ ប្រមាណ១លាន ៨សែន នាក់ ដែលរងគ្រោះជាប់បំណុល ដោយសារតែតម្លៃស្រូវធ្លាក់ចុះ។
នៅចុងបញ្ចប់នៃបទអន្តរាគមន៍ ដែលមិនធ្លាប់មាន និងដែលគេកំពុងរង់ចាំដ៏យូរមកហើយចាប់តាំងពីររដ្ឋប្រហារយោធាបានទម្លាក់លោកស្រីចេញពីអំណាច លោកស្រីយីងឡាក់ បានសំណូមពរឲ្យសភាសម្រេចចិត្តលើជោគវាសនារបស់លោកស្រី ដោយផ្អែកលើគតិបណ្ឌិត និងគ្មានលំអៀង បក្សពួកនយោបាយ។
តាមគម្រោង រដ្ឋសភាថៃ ដែលបង្កើត ដោយរបបសឹកនោះ ត្រូវបោះឆ្នោត សម្រេចជោគវាសនានយោបាយរបស់លោកស្រីយីងឡាក់ នៅអំឡុងថ្ងៃទី ២២ ឬ ២៣មករា ខាងមុខ។ ដោយហាមលោកស្រីយីងឡាក់ មិនឲ្យធ្វើនយោបាយ របបសឹកទំនងចង់ខ្ចីដៃរដ្ឋសភា ដើម្បីលុបបំបាត់ត្រកូលស៊ីណាវ៉ាត ចេញពីជីវិតនយោបាយថៃ។ នីតិវិធីប្រឆំាងលោកស្រីយីងឡាក់ ពីសំណាក់របបសឹក ពេលនេះ ជាសក្ខីកម្មបន្ថែម ដែលបញ្ជាក់ពី វិបត្តិបែកបាក់គ្នាកាន់តែជ្រៅក្នុងចំណោមប្រជាជនថៃ និងការពុះចែកសង្គមថៃ រវាងក្រុមអ្នកគំាទ្រស៊ីណាវ៉ាត ដែលជាប្រជាជនតាមជនបទ និងក្រុមអ្នកប្រឆំាងនឹងត្រកូលស៊ីណាវ៉ាត់ ដែលជាក្រុមរាជវង្ស និងអ្នកទីក្រុង។ តាមអ្នកជំនាញ របបសឹក អាចមានសមត្ថភាពធ្វើឲ្យត្រកូលស៊ីណាវ៉ាតលែងអាចចូលធ្វើនយោបាយទៀតបាន ប៉ុន្តែ របបយោធាថៃអាចនឹងប្រឈមនឹងការផ្ទុះកំហឹងតវ៉ារបស់ប្រជាជនដែលគាំទ្រត្រកូលរបស់លោកស៊ីន ទៅថ្ងៃអនាគត៕
Bagikan
អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាតចូលនិយាយការពារខ្លួននៅរដ្ឋសភា
4/
5
Oleh
Unknown