សង្ឃឹមជាថ្មីថា នឹងអាចស្វែងយល់ពីហេតុផលដែលធ្វើឲ្យយន្តហោះ AirAsia នេះ ជួបគ្រោះអាក្រក់ធ្លាក់លិចទៅក្នុងបាតសមុទ្រដូច្នេះ។
សញ្ញា Ping នៃប្រអប់ខ្មៅយន្តហោះ AirAsia ទើបតែត្រូវក្រុមអ្នករុករកចាប់បាននៅថ្ងៃសុក្រទី៩មករានេះ។ មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកប្រតិបត្តិការរុករកនិងជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សញ្ញារបស់ប្រអប់ខ្មៅយន្តហោះនោះ ត្រូវគេចាប់បាននៅបាតសមុទ្រ ម្ដុំកន្លែងដែលគេរកឃើញកន្ទុយយន្តហោះ។
គួររំលឹកថា កន្ទុយយន្តហោះដែលជាកន្លែងផ្ទុកប្រអប់ខ្មៅ ត្រូវបានគេរកឃើញកាលពីថ្ងៃពុធ ទី៧មករា នៅក្នុងបាតសមុទ្រដែលមានជម្រៅដល់ទៅ៣០ម៉ែត្រឯណោះ។ តាំងពីថ្ងៃពុធនោះមក ក្រុមអ្នករុករកនិងសង្គ្រោះ បានផ្ដោតការយកចិត្តទុកដាក់ទៅ លើកន្ទុយយន្តហោះដែលរកឃើញនោះ ដោយសង្ឃឹមថា ប្រអប់ខ្មៅអាចស្ថិតនៅក្នុងកន្ទុយយន្តហោះនៅឡើយ។ ក៏ប៉ុន្តែនៅក្នុងកន្ទុយយន្តហោះនោះ គេចាប់មិនបានសញ្ញារបស់ប្រអប់ខ្មៅឡើយ។ ចាប់សញ្ញាមិនបានដូច្នេះ បង្កើតជាសេណារីយ៉ូថ្មីមួយទៀតថា ប្រអប់ខ្មៅប្រហែលជាអាចរបូតពីកន្ទុយយន្តហោះ ជ្រុះទៅកន្លែងណាមួយ ពេលយន្តហោះធ្លាក់បែកបាក់។
សូមជម្រាបថា ថ្ងៃទី៩មករានេះ ត្រូវជាថ្ងៃទី១២ហើយ បន្ទាប់ពីយន្តហោះធ្លាក់លិចទៅក្នុងសមុទ្រ។ ជាទូទៅ ប្រអប់ខ្មៅអាចបញ្ជូនសញ្ញា Ping បានរហូតដល់ទៅ៣០ថ្ងៃ បន្ទាប់ពីយន្តហោះធ្លាក់។ ការវិវត្តន៍ថ្មីនេះ បានធ្វើឲ្យគេមានសង្ឃឹមជាថ្មីថា នឹងអាចស្វែងយល់ពីហេតុផលពិតប្រាកដ ដែលធ្វើឲ្យយន្តហោះ AirAsia ជួបគ្រោះអាក្រក់ដូច្នេះ។
សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា បំណែកយន្តហោះមួយចំនួនដូចជាកៅអី និងបង្អួច ព្រមទាំងសាកសពយ៉ាងហោចណាស់៤៦ ត្រូវបានគេស្រង់ចេញពីទឹក។ ប៉ុន្តែ ប្រតិបត្តិការរុករកនិងសង្គ្រោះ បាននិងកំពុងប្រព្រឹត្តធ្វើទៅដោយលំបាកជាទីបំផុត ដោយសារតែអាកាសធាតុអាក្រក់ មានទាំងរលកធំៗ ព្រមទាំងខ្យល់ខ្លាំងបក់បោកផង៕
Bagikan
ចាប់បានសញ្ញាប្រអប់ខ្មៅយន្តហោះ AirAsia ១២ថ្ងៃបន្ទាប់ពីយន្តហោះធ្លាក់
4/
5
Oleh
Unknown