គណបក្សប្រជាជនកម្ពុជា ឲ្យដោះលែងលោកមាជសុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត ចេញពីពន្ធនាគារ ដើម្បីឲ្យមានវប្បធម៌សន្ទនាពិត និងមានប្រសិទ្ធភាព។ ក៏ប៉ុន្តែលោក ផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោល ហើយថា ចំណាត់ការរបស់តុលាការលើសកម្មជនគណបក្សសង្គ្រោះជាតិ ជាការអនុវត្តនូវនីតិរដ្ឋ ខណៈដែលលោកយល់ថា តុលាការជាស្ថាប័នឯករាជ្យ។
ក្នុងវេទិកា "តំណាងរាស្ដ្រ និងម្ចាស់ឆ្នោត" នៅវត្តឥន្ទនិមិត្ត ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីរសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០១៥ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា បានអំពាវនាវជាថ្មី ឲ្យគណបក្សប្រជាជនកម្ពុជា កុំលេងល្បិចចរចាផង ចាប់ចង។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវបញ្ឈប់ការប្រើប្រាស់យន្ដការតុលាការ ចាប់លោក មាជ សុវណ្ណរ៉ា និងសកម្មជនសង្គ្រោះជាតិ។
តាមលោក កឹមសុខា ដើម្បីឲ្យមានវប្បធម៌សន្ទនាពិត មានប្រសិទ្ធភាព លោកបានអំពាវនាវឲ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពឡើងវិញ ព្រោះលោកកឹមសុខា អះអាងថា អ្នកណាក៏គេដឹងដែរថា នេះជារឿងនយោបាយសុទ្ធសាធ។
លោក កឹម សុខា លើកឡើងថា “ដូច្នេះបើគណបក្សប្រជាជន នៅតែប្រើប្រាស់តុលាការបែបហ្នឹង គឺមានន័យថា គាត់បង្កើតការឈឺចាប់ឲ្យប្រជារាស្ត្រកាន់តែខ្លាំងហើយ គាត់បង្កើតក្តៅក្រហាយខ្លួនគាត់ទេ មិនមែនគណបក្សសង្គ្រោះជាតិ អ្នកបង្កការក្តៅក្រហាយទេ។ គណបក្សសង្គ្រោះជាតិ មេដឹកនាំសង្គ្រោះជាតិ សមរង្ស៊ី កឹមសុខា កំពុងយកទឹក មកស្រោចឲ្យត្រជាក់វិញទេ។ អីចឹងហើយ បានជាយើង សូមអំពាវនាវសាជាថ្មីម្តងទៀត ឲ្យមេដឹកនាំគណបក្សប្រជាជន អ្នកដឹកនាំរដ្ឋាភិបាល ឈប់លេងអាល្បែង ចរចាបណ្តើរ វ៉ៃបណ្តើរ គាបបណ្តើរ ចាប់ដាក់គុកបណ្តើរ។ ខំបង្កើតវប្បធម៌សន្ទនា ជានានឹងគ្នា អង្គុយនិយាយគ្នា។ ឲ្យមេមកអង្គុយនិយាយ ចាប់កូនដាក់គុក! មេឯណាគេនៅសុខ!។
លោក កឹមសុខា បានរម្លឹករឿងនេះ ចំថ្ងៃខួប ដែលលោក ត្រូវបានគេដោះលែងចេញពីពន្ធនាគារព្រៃស ជាមួយលោកម៉មសូណង់ដូ និងសកម្មជនសិទ្ធិមនុស្សជាច្រើនទៀត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦។
ជាប្រតិកម្មឆ្លើយតប លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថា ចំណាត់ការរបស់តុលាការលើសកម្មជនគណបក្សសង្គ្រោះជាតិ ជាការអនុវត្តនូវនីតិរដ្ឋ ខណៈដែលលោកយល់ថា តុលាការ ជាស្ថាប័នឯករាជ្យ។ លោក ផៃស៊ីផាន បញ្ជាក់ថា ការចរចាដោះស្រាយបញ្ហានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការនោះទេ។
លោក ផៃស៊ីផាន មានប្រសាសន៍ថា “បើសិនជាយើងមានភាពសុច្ចរិតនៃការគោរពអំណាចដាច់ដោយឡែកពីគ្នារវាងស្ថាប័ននីមួយៗ ឯកឧត្តមកឹមសុខា គួរតែដើរនាំមុខគេ ដែលចាត់ទុកជា គណបក្សមួយដែលអាងខ្លួនថា ខ្លួនស្អាតស្អំ ខ្លួនសុច្ចរិតជាមួយនីតិរដ្ឋ ខ្លួនសុច្ចរិតនឹងអ្វីដែលយើងយល់ឃើញថា ដែលជាមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ និងការបែងចែកអំណាច។ ដូច្នេះការលើកឡើង គ្រាន់តែជាការបំភ័ន្ត ការលើកឡើងគ្រាន់តែជាការបំភ្លៃ ដែលមិនឆ្លើយតបនឹងនីតិរដ្ឋ និងការទទួលខុសត្រូវ។ ដូច្នេះការកើតឡើងចំពោះសកម្មជននោះ រាប់ទាំងឯកឧត្តម កឹមសុខា ក៏ទទួលខុសត្រូវចំពោះមុខច្បាប់នោះដែរ ក៏ប៉ុន្តែដោយសារការសម្របសម្រួលនៅក្នុងរឿងនយោបាយ ដូច្នេះទុកឲ្យតុលាការ អ្នកចាត់ការ ដើម្បីធ្វើឲ្យអ្នកទាំងអស់នោះ ទទួលខុសត្រូវចំពោះមុខច្បាប់”៕
Bagikan
លោក កឹមសុខា អំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា ចរចាដោយស្មោះត្រង់
4/
5
Oleh
Unknown