បើកផ្លូវអោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទៅដឹកនាំហ្វ៊ុនស៊ិនប៉ិច។ អង្គសមាជបានធ្វើឡើង ដោយគ្មានការព្រាងទុកជាមុននោះ បានអនុម័តសម្រេចរំលាយឈ្មោះគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ដោយសម្លេងគាំទ្រជាឯកច្ឆ័ន្ទ។
អង្គសមាជដែលរៀបចំធ្វើឡើងដោយគ្មានការព្រាងទុក និងដោយតក់ក្រហល់នេះ បានប្រារព្ធធ្វើឡើង កាលពីរសៀលថ្ងៃសៅរិ៍ទី១៧មករា នៅឯទីស្នាក់ការគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានសមាជិក២៥០នាក់ចូលរួម។ អង្គសមាជបានធ្វើឡើង ក្រោមអធិបតីភាពរបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដោយបានអនុម័តសម្រេចរំលាយឈ្មោះគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យជាផ្លូវការ ដោយសម្លេងគាំទ្រជាឯកច្ឆ័ន្ទ។
បើតាមបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅក្នុងអង្គសមាជកាលពីថ្ងៃសៅរិ៍ សម្តេចក្រុមព្រះ ហាក់មិនដាច់ចិត្តរំលាយគណបក្សរបស់ព្រះអង្គដែលទើបតែបង្កើតថ្មីនេះទេ។
សូមបញ្ជាក់ជូនថា អង្គសមាជរំលាយគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យកាលពីថ្ងៃសៅរិ៍ បានធ្វើឡើង មុន១ថ្ងៃ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏គ្រោងនឹងរៀបចំធ្វើសមាជថ្នាក់ជាតិ នៅព្រឹកថ្ងៃចន្ទទី១៩មករា នៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដើម្បីជ្រើសតាំងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ។ ដូច្នេះ មុននឹងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ វិលទៅដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ព្រះអង្គត្រូវតែរំលាយគណបក្សចាស់របស់ព្រះអង្គជាមុនស៊ិន។
បើតាមលោក ទុំ សម្បុរ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច អង្គសមាជរបស់គណបក្ស នឹងចាប់ផ្តើមនៅម៉ោង៨និង៣០នាទីព្រឹកតទៅ ដោយផ្តើមចេញពីការឡើងថ្លែងសុន្ទរកថារបស់ព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីថ្វាយឋានៈសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកក៏មានពិធីថ្វាយត្រានិងទង់គណបក្ស មុនពេលដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានបន្ទូលទៅកាន់អង្គសមាជ ក្នុងនាមព្រះអង្គ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ បើតាមគម្រោង គណបក្សហ្វ៊ុនស៊ិនប៉ិចថ្មីតែអ្នកដឹកនាំចាស់នេះ នឹងមានសម្តេចក្រុមព្រះជាព្រះប្រធាន សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជាអនុប្រធានទី១ និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានទី។ ចំណែកឯថ្នាក់ដឹកនាំផ្សេងៗទៀត នឹងមានការសម្រេចតែងតាំងនៅពេលក្រោយ។
បើតាមការបញ្ជាក់ពី អ្នកម្នាង នរោត្តម ផល្លារណឬទ្ធិ ប្រធានគណៈកម្មាធិការសមាជ អង្គសមាជនៅថ្ងៃចន្ទទី១៩មករា នឹងមានអ្នកចូលរួមប្រមាណជាង២០០០នាក់ ដោយមិនគិតពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកសាព័មាន៕
Bagikan
គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យធ្វើសមាជរំលាយខ្លួន ដើម្បីបើកផ្លូវអោយសម្តេចក្រុមព្រះទៅដឹកនាំហ្វ៊ុនស៊ិនប៉ិច
4/
5
Oleh
Unknown