ស្លាប់យ៉ាងតិច ១៣០នាក់ ក្នុងនោះមានសិស្សសាលាប្រមាណជា ១០០នាក់ និងមានអ្នករងរបួសចំនួន ១២២នាក់ផ្សេងទៀត។ ប៉ូលិសបានប្រកាសឲ្យដឹងពីការស្លាប់ភេរវជនទំាង ៦នាក់។ ចំណែកចលនាឧទ្ទាមតាលីបង់បានបញ្ជាក់ថា ខ្លួនចង់ឲ្យកងទ័ពស្គាល់សេចក្តីឈឺចាប់វិញម្តង។ ដោយឡែក លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានចាត់ទុកព្រឹត្តិការណ៍វាយប្រហារនោះថា ជាសោកនាដកម្មជាតិ។
២៤ម៉ោងក្រោយព្រឹត្តិការណ៍បាញ់ប្រហារនៅក្នុងសាលារៀននោះមក កងទ័ពប៉ាគីស្ថានបានប្រកាសឲ្យដឹងពីការគ្រប់គ្រងស្ថានការណ៍នៅក្នុងទីក្រុងប៉េសាវ៉ាទំាងស្រុង។ មួយវិញទៀត ប្រតិបត្តិការវាយបកវិញរបស់កម្លំាងប៉ូលិសជិត ៧ម៉ោងបានសម្លាប់ភេរវជនទំាង ៦នាក់គ្មានសល់ម្នាក់។ គួររម្លឹកជូនថា នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១៦ ធ្នូ មានពួកឧទ្ទាមតាលីបង់ចំនួន ៦នាក់ដែលបន្លំស្លៀកពាក់ខោអាវទាហានរដ្ឋាភិបាលបាននំាគ្នាចូលទៅក្នុងសាលារៀនមួយដោយឆ្លងកាត់ពីថ្នាក់មួយ ទៅថ្នាក់មួយ រួចក៏បានធ្វើការបាញ់រះលើកូនសិស្ស។ សាលារៀននោះ ជាសាលារៀនសម្រាប់កូនៗរបស់ទាហាន និងដែលក្នុងថ្ងៃកើតរឿងបាញ់ប្រហារនោះ ជាថ្ងៃប្រឡងដោយមានវត្តមានកូនសិស្ស និងគ្រូសរុបប្រមាណជា ៥០០នាក់។
លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលបានទៅដល់ទីកន្លែងកើតហេតុដើម្បីតាមឃ្លំាមើលស្ថានការណ៍ផ្ទាល់បានចាត់ទុកព្រឹត្តិការណ៍វាយប្រហារនោះ ជាសោកនាដកម្មជាតិ និងថា រដ្ឋាភិបាលនឹងបន្តយុទ្ធនាការកំទេចពួកឧទ្ទាមឲ្យដល់ឫសគល់។ ដោយឡែក អភិបាលក្រុងប៉េសាវ៉ាបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ថ្ងៃដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។ ប្រតិកម្មក៏មានដែរពីសហគមន៍អន្តរជាតិ ពិសេសបារំាង និងឥណ្ឌាដែលបានចាត់ទុកទង្វើវាយប្រហាររបស់ពួកភេរវជនថា ជាទង្វើថោបទាប និងគួរឲ្យស្អប់ខ្ពើម។
ចំណែកចលនាតាលីបង់ប៉ាគីស្ថានហៅកាត់ថា TTP (Tehreek-e-Taliban Pakistan) ដែលជាចលនាឧទ្ទាមអ៊ីស្លាមនិយមជ្រុលនៅប៉ាគីស្ថានបានចេញមុខប្រកាសថា ជាស្នាដៃរបស់ខ្លួន និងថា អ្វីដែលខ្លួនបានធ្វើនេះ គឺដើម្បីឲ្យទ័ពរដ្ឋាភិបាលស្គាល់រសជាតិសេចក្តីឈឺចាប់ដូចដែលពួកគេបានធ្វើទៅលើក្រុមគ្រួសាររបស់ពួកតាលីបង់ក្នុងតំបន់វ៉ាហ្ស៊ីរីស្ថានប៉ែកខាងជើងអ៊ីចឹងដែរ។ សូមជម្រាបជូនថា គឺនៅតំបន់វ៉ាហ្ស៊ីរីស្ថានប៉ែកខាងជើងដែលជាមូលដ្ឋានរបស់ពួកតាលីបង់នោះឯងដែលទ័ពរដ្ឋាភិបាលបានបើកការវាយប្រហារតាមផ្លូវអាកាសតំាងពីខែមិថុនាមកដល់សព្វថ្ងៃ ដោយបានផ្តាច់ជីវិតយុទ្ធជនតាលីបង់ជាង ១ ៦០០នាក់៕
Bagikan
តាលីបង់ប៉ាគីស្ថាន៖ព្រឹត្តិការណ៍បាញ់ប្រហារក្នុងសាលារៀន គឺចង់ឲ្យកងទ័ពស្គាល់រសជាតិសេចក្តីឈឺចាប់
4/
5
Oleh
Unknown