ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភេរវនិយម។ ទស្សនកិច្ចរបស់មេទ័ពប៉ាគីស្ថាននៅអាហ្វហ្កានីស្ថានពេលនេះបានកើតមានឡើង បន្ទាប់ពីមានការវាយប្រហារយ៉ាងបង្ហូរឈាមនៅក្នុងសាលារៀនមួយស្ថិតក្នុងទីក្រុងប៉េសាវ៉ា ប្រទេសប៉ាគីស្ថានដោយបានសម្លាប់ជីវិតមនុស្សអស់ ១៤៨នាក់ដែលភាគច្រើនជាក្មេងសិស្សសាលា។
មេទ័ពប៉ាគីស្ថានដ៏មានឥទ្ធិពលម្នាក់ គឺឧត្តមសេនីយរ៉ាហ៊ែល ស្ហារី្វមិនបានទៅអាហ្វហ្កានីស្ថានតែម្នាក់ឯងទេ តែអមដំណើរទៅជាមួយដោយប្រមុខក្រសួងស៊ើបការសម្ងាត់។ នៅក្នុងទីក្រុងកាប៊ូល ឧត្តមសេនីយរ៉ាហ៊ែល ស្ហារី្វត្រូវជួបសន្ទនាជាមួយលោកប្រធានាធិបតីអាហ្វហ្កានីស្ថានហ្គានី និងមេបញ្ជាការកម្លំាងអូតង់លោកកំប៊ែល ហើយប្រធានបទសំខាន់នោះ គឺជជែកពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរក្នុងការប្រយុទ្ធប្រឆំាងនឹងភេរវនិយម។ គួរជម្រាបជូនថា ជារឿយៗ ទីក្រុងកាប៊ូល និងអ៊ីស្លាម៉ាបាតតែងតែចោទគ្នាទៅវិញ ទៅមកថា ជាអ្នកគំាទ្រ ឬមួយក៏អនុញ្ញាតឲ្យក្រុមឧទ្ទាមតាលីបង់ជ្រកកោនក្នុងទឹកដីខ្លួនដើម្បីរៀបចំអំពើភេរវកម្មឆ្លងដែន។ តែតំាងពីលោកហ្គានីបានឡើងកាន់តំណែងប្រធានាធិបតីអាហ្វហ្កានីស្ថានមក ការដំឡើងសម្លេងដាក់គ្នាហាក់ដូចជាបានធ្លាក់ចុះច្រើន និងដែលថ្នាក់ដឹកនំានៃប្រទេសទំាងពីរថែមបានលើកឡើងពីចំណុចចាប់ផ្តើមថ្មីនៅក្នុងទំនាក់ទំនងរវាងគ្នាទៀតផង។
សម្រាប់រដ្ឋអំណាចប៉ាគីស្ថានគឺច្បាស់ណាស់ មានសកម្មជនមួយភាគធំរបស់ចលនាតាលីបង់ប៉ាគីស្ថានហៅកាត់ថា TTP ពិសេសមេកើយរបស់វា គឺម៉ូឡា ហ្វាលូឡាកំពុងភៀសខ្លួនជ្រកកោននៅតំបន់ព្រៃភ្នំក្នុងទឹកដីអាហ្វហ្កានីស្ថាន និងដែលម៉ូឡា ហ្វាលូឡារូបនេះជាអ្នករៀបចំការវាយប្រហារលើសាលារៀនក្នុងទីក្រុងប៉េសាវ៉ានៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី១៦ ធ្នូ និងដែលកំពុងបន្តរៀបចំផែនការវាយប្រហារនៅកន្លែងផ្សេងទៀតក្នុងទឹកដីប៉ាគីស្ថាន។ នេះសំណុំរឿងគន្លឹះដែលឧត្តមសេនីយប៉ាគីស្ថានរ៉ាហ៊ែល ស្ហារី្វត្រូវលើកទៅជជែកជាមួយមេទ័ពអាហ្វហ្កានីស្ថាន។ ទន្ទឹមគ្នានេះ មេទ័ពប៉ាគីស្ថានចង់ឲ្យមានកិច្ចសហប្រតិបត្តិយ៉ាងស្អិតរមួតរវាងកងទ័ព និងក្រសួងស៊ើបការសម្ងាត់នៃប្រទេសជិតខាងទំាងពីរក្នុងការកំទេចរចនាសម្ព័ន្ធតាលីបង់ឲ្យដល់ឫសគល់ ពិសេសចង់ឲ្យរដ្ឋអំណាចក្រុងកាប៊ូលចាប់ខ្លួនរូបម៉ូឡា ហ្វាលូឡា និងសកម្មជនរបស់គេ រួចបញ្ជូនទៅឲ្យរដ្ឋអំណាចអ៊ីស្លាម៉ាបាតដើម្បីកាត់ទោស៕
Bagikan
មេទ័ពប៉ាគីស្ថានទៅអាហ្វហ្កានីស្ថានដើម្បីជជែកពីកិច្ចសហប្រតិបត្តិការប្រឆំាងនឹងភេរវនិយម
4/
5
Oleh
Unknown