យោងតាមគណនេយ្យ Twitter របស់បេសកកម្មអចិន្ត្រៃយ៍នៃប្រទេសបារាំងប្រចាំការនៅអង្គការសហប្រជាជាតិឈ្មោះថា La France à l’ONU បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃចន្ទដើម្បីស្តាប់ការបង្ហាញរបស់លោក Robert Serry អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា និងដើម្បីការពិគ្រោះយោបល់បិទទ្វារមួយស្តីពីដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ជាកិច្ចប្រជុំបិទទ្វារដែលធ្វើឡើង បន្ទាប់ពីមានការប្រកាសពីអាជ្ញាធរប៉ាឡេស្ទីនថា នឹងដាក់ពព្រាងសេចក្តីសម្រេចមួយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីអំពាវនាវឲ្យបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលនៅរវាងខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខលើទឹកដីដែលអ៊ីស្រាអែលបានចូលឈ្លានពានកាន់កាប់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ។
ពព្រាងដំណោះស្រាយនេះនឹងត្រូវដាក់ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅថ្ងៃពុធស្អែក នេះបើតាមមន្ត្រីប៉ាឡេស្ទីនដែលមិនបញ្ចេញឈ្មោះដែលបានប្រាប់ទៅភ្នាក់ងារពត៌មាន Reuters។ ដំណាលពេលគ្នានោះនៅថ្ងៃចន្ទនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុង Rome ប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីសំណើនានារបស់រដ្ឋប៉ាឡេស្ទីនដែលមានក្នុងពព្រាងដំណោះស្រាយនោះ និងដែលលោក Netanyahu បានច្រានចោលដោយដាច់ខាតកាលពីថ្ងៃអាទិត្យទៅហើយនោះ។ បន្ទាប់មក ក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុង Londres លោក John Kerry ក៏នឹងជួបជាមួយប្រធានអ្នកចរចាប៉ាឡេស្ទីន Saeb Erekat និងគណៈប្រតិភូរបស់សម្ព័ន្ធអារ៉ាប់ដែលនឹងស្នើសុំឲ្យសហរដ្ឋអាមេរិកកុំប្រើសិទ្ធិវេតូរបស់ខ្លួន ដើម្បីរារាំងសំណើរបស់ប៉ាឡេស្ទីនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កិច្ចប្រជុំដែលធ្វើឡើងបន្តបន្ទាប់គ្នា និងយ៉ាងប្រញាប់ទាំងនេះ គឺជាការជំរុញឲ្យរដ្ឋាភិបាលអាមេរិកស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីចាត់ចែងលើការផ្តួចផ្តើមរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខដើម្បីរៀបចំពង្រាងដំណោះស្រាយថ្មីមួយ មុនពេលការបោះឆ្នោតសភានៅអ៊ីស្រាអែលដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែមីនាខាងមុខ៕
Bagikan
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាបិទទ្វារដើម្បីដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន
4/
5
Oleh
Unknown