ប្រធានាធិបតីវៀតណាម លោកទ្រឿង តាំងសាង ដែលនឹងមកបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅសប្តាហ៍ក្រោយនៅកម្ពុជា។ លិខិតដែលចេញផ្សាយកាលពីថ្ងៃសុក្រ សហគមន៍ខ្មែរកម្ពុជាក្រោមបានលើកឡើងពីការទទួលស្គាល់បញ្ហាប្រវត្តិសាស្ត្រកម្ពុជាក្រោមរបស់ប្រទេសវៀតណាម ការសុំឲ្យដោះលែងសកម្មជនខ្មែរក្រោម និងសុំឲ្យវៀតណាមគោរពសិទ្ធិមនុស្សឲ្យបានពេញលេញផងដែរ។
សហគមន៍ខ្មែរកម្ពុជាក្រោមកាលពីម្សិលមិញ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនលើកយកបញ្ហាមួយចំនួន ទៅពិភាក្សាជាមួយមេដឹកនាំកំពូលវៀតណាម ខណៈដែលលោកទ្រឿង តឹងសាង ប្រធានាធិបតីវៀតណាមនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃខាងមុខ ដោយចាប់ផ្តើមពីថ្ងៃទី២៣ធ្នូឆ្នាំ២០១៤។
នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ធ្នូ ហើយដែលចុះហត្ថលេខាដោយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានទទូចសុំលោកហ៊ុន សែន លើកយកបញ្ហាចំនួន៥មកនិយាយជាមួយប្រធានាធិបតីវៀតណាម។
បញ្ហាទាំងនោះរួមមានការស្នើឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែសុំទោសប្រជារាស្ត្រខ្មែរជាសាធារណៈនិងទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាលាយលក្ខណ៍អក្សរ។ ទី២គឺសុំឲ្យ វៀតណាមដោះលែងព្រះសង្ឃពីរអង្គនិងពលរដ្ឋខ្មែរក្រោម៦នាក់ដែលអាជ្ញាធរ វៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារពី១០ខែទៅ៦ឆ្នាំ។ ទី៣ ស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ជាពិសេសសិទ្ធិជនជាតិដើមចំពោះខ្មែរក្រោម ក្នុងនោះមានសិទ្ធិក្នុងការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរ សិទ្ធិបង្កើតអង្គការ-សមាគម សិទ្ធិនយោបាយ ។ល។ ទី៤ ស្នើឲ្យពុទ្ធសាសនបណ្ឌិតរងដែលមានទីស្នាក់ការនៅខេត្តឃ្លាំងដំណើរការឡើងវិញ និងទី៥ ស្នើដាក់ពុទ្ធសាសនាខ្មែរនៅ«ឯករាជ្យ»ដូចសម័យកាលគ្រប់របបនយោបាយរបស់ប្រទេសវៀតណាមមុន។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៨ធ្នូឆ្នាំ២០១៤ បង្ហាញថា លោក ទ្រឿង តឹងសាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ព្រះករុណា សីហមុនី នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានៅថ្ងៃទី២៣ និង២៤ ធ្នូ។
តាមគម្រោងលោក ទ្រឿង តឹងសាង នឹងចូលបង្គំគាល់ព្រះករុណា សីហមុនី ជួបជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា នឹងចុងក្រោយចូលថ្វាយបង្គុំសម្តេចសង្ឃកម្ពុជាទាំងពីរគណៈ។
ដោយឡែកចំពោះប្រធានបទដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងជំនួបជាបន្តបន្ទាប់ ជាពិសេសជាមួយប្រមុខរដ្ឋាភិបាលខ្មែរមិនត្រូវបានបង្ហើបឲ្យដឹងនៅឡើយ៕
Bagikan
សហគមន៍ខ្មែរក្រោមស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជាលើក៥ចំណុចទៅជជែកជាមួយវៀតណាម
4/
5
Oleh
Unknown