សាកល្បងចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធបែបទំនើបនេះ នឹងត្រូវខុមហ្វ្រែល អនុវត្តនៅក្នុងឃុំពីរ នៅខេត្តរតនគិរី និងនៅខេត្តកំពង់ចាម នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៥។
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានលើកបង្ហាញពីប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី តាមបែបទំនើប ដោយប្រើកុំព្យូទ័រ មានចេញប័ណ្ណបោះឆ្នោត សម្គាល់អ្នកបោះឆ្នោត ដោយមានបិទរូបថត ព្រមទាំងស្នាមមេដៃអ្នកបោះឆ្នោតថែមទៀត។
ការសាកល្បងចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធបែបទំនើបនេះ ក៏ត្រូវបានបង្ហាញ។ ខុមហ្វ្រែល ក៏នឹងអនុវត្តសាកល្បង លើប្រជាពលរដ្ឋអ្នកបោះឆ្នោត ២៥០ នាក់ នៅឃុំប៉ាតេ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩មករា និងចុះឈ្មោះបោះឆ្នោតសាកល្បង ២៥០ នាក់ទៀត នៅឃុំស្រក ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥។
តាមលោក គល់ បញ្ញា ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដែលដកពិសោធន៍ពីប្រទេសបង់ក្លាដេស និងប្រទេសហ្វីលីពីន នឹងលុបបំបាត់បញ្ហាដែលជួបប្រទះកន្លងមក ដូចជា ឈ្មោះស្ទួន និងកុំឲ្យមានកំហុសនៃការបញ្ចូលទិន្នន័យរបស់អ្នកចុះឈ្មោះបោះឆ្នោត ដើម្បីធានាភាពត្រឹមត្រូវនៃការបោះឆ្នោត។
លោក គល់ បញ្ញា បញ្ជាក់ថា ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី តាមបែបទំនើប ដើម្បីបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មី គឺត្រូវការពេលវេលាប្រហែលជា ៨០ ទៅ ៩០ ថ្ងៃ សម្រាប់ចុះឈ្មោះអ្នកបោះឆ្នោត នៅកម្ពុជា សព្វថ្ងៃ ប្រមាណ ១០ លាននាក់ ហើយចំណាយថវិកាប្រហែល ១៧ លានដុល្លារ ឬស្មើនឹង ១,៧ ដុល្លារ ក្នុងម្នាក់។ ចំណែកឧបករណ៍មួយកំប្លេ រួមមាន៖ កុំព្យូទ័រ ម៉ាស៊ីនថត ឧបករណ៍ផ្តិតមេដៃ និងម៉ាស៊ីនភ្លើងតូចមួយ តម្លៃសរុបក្រោម ១៥០០ ដុល្លារ។
ប្រព័ន្ធនៃការចុះឈ្មោះអ្នកបោះឆ្នោត តាមបែបទំនើបនេះ ត្រូវបានលោក គល់ បញ្ញា អះអាងថា បើសិនជាការសាកល្បង ទទួលជោគជ័យ នោះខុមហ្វ្រែល នឹងដាក់ជូនទៅកាន់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងចរចាគ្នា លើកំណែទម្រង់ការបោះឆ្នោត មុនពេលដែលខុមហ្វ្រែល បញ្ជូនទៅកាន់គជបថ្មី។
ការលើកបង្ហាញពីប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតតាមបែបទំនើបថ្មីនេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនពេលក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃសុក្រ ទី១៩ធ្នូ ត្រូវជួបគ្នា និយាយពីការកែប្រែច្បាប់បោះឆ្នោត ត្រង់ចំណុចចុះឈ្មោះអ្នកបោះឆ្នោត។ ជាគោលការណ៍ គណបក្សទាំងពីរ បានព្រមព្រៀងរួចហើយ ថាត្រូវធ្វើបញ្ជីបោះឆ្នោតថ្មី។
ចូលរួមក្នុងពិធីបង្ហាញប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី១៨ធ្នូ លោក គួយ ប៊ុនរឿន សហប្រធានក្រុមការងារចរចា មកពីគណបក្សសង្គ្រោះជាតិ បានបង្ហាញការចាប់អារម្មណ៍ទៅនឹងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតបែបទំនើប ដោយប្រើកុំព្យូទ័រនេះ។ ប៉ុន្តែលោកគួយ ប៊ុនរឿន អះអាងថា ក្នុងចំណោមប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត ដែលបង្ហាញដោយសហភាពអឺរ៉ុប ជប៉ុន និងអង្គការខុមហ្វ្រែល គឺគណបក្សសង្គ្រោះជាតិ ចាប់អារម្មណ៍ខ្លាំងជាងគេ លើរបៀបចុះឈ្មោះបោះឆ្នោតរបស់ជប៉ុន។ ជប៉ុន ដែលប្រើប្រាស់បញ្ជីអត្រានុកូលដ្ឋាន ឬសំបុត្រកំណើត ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត៕
Bagikan
ខុមហ្វ្រែល បង្ហាញប្រព័ន្ធចុះឈ្មោះបោះឆ្នោតតាមបែបទំនើប
4/
5
Oleh
Unknown