ទន្ទឹមគ្នានេះ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ក្បាលឆាយ បានស្នើដល់អាជ្ញាធរខេត្ត មុននឹងឲ្យពួកគាត់រុះរើលំនៅឋានចេញពីទីតាំងចាស់ ត្រូវអភិវឌ្ឍទីតាំងត្រូវផ្តល់ជូនពួកគាត់នោះឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាមុន ទើបព្រមចាកចេញពីតំបន់ក្បាលឆាយ។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ថា ប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលរស់នៅតំបន់រដ្ឋហាមឃាត់ក្បាលឆាយ មានទីតាំងនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវប្ដូរទៅកាន់ទីតាំងថ្មីនៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ជំនួសវិញ។ លោកបន្តថា ក្នុងមួយគ្រួសារៗប្រជាពលរដ្ឋត្រូវទទួលបានដីសម្បទានសង្គមកិច្ច សម្រាប់សង់លំនៅឋានចំនួនកន្លះហិកតារ៖ «ដីនេះបើខ្ញុំគិតនៅទូទាំងប្រទេស គិតពីមធ្យមភាគប្រជាជន គឺនៅទីនេះពលរដ្ឋទទួលបានចំណែកដីធំណាស់រហូតដល់កន្លះហិកតារ ឬស្មើនឹង ៥០អា។ ហើយបើធៀបនឹងតំបន់ផ្សេង ទទួលបានតែត្រឹម ១០អាទេក្នុងមួយគ្រួសារៗ»។
លោក ឈិត សុខុន បន្ថែមថា បច្ចុប្បន្នដីសម្បទានសង្គមកិច្ចដែលត្រៀមបែងចែកជូនពលរដ្ឋ ត្រូវចាកចេញពីតំបន់ក្បាលឆាយ អាជ្ញាធរកំពុងប្រើគ្រឿងចក្រឈូសឆាយផ្លូវ និងកាត់ជាឡូមានទំហំកន្លះហិកតារជាស្រេច មុននឹងឲ្យពលរដ្ឋចាប់ឆ្នោតយកចំណែកដីទាំងនេះ។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋរស់នៅតំបន់ក្បាលឆាយដែលបានចុះពិនិត្យដល់ទីតាំងដីសង្គមកិច្ច ដែលអាជ្ញាធរត្រូវផ្តល់ជូន បង្ហាញអារម្មណ៍រារែកក្នុងការរុះរើលំនៅឋានចេញពីតំបន់ក្បាលឆាយ មកកាន់ទីតាំងថ្មីឆ្ងាយពីទីប្រជុំជនខេត្តព្រះសីហនុ រាប់សិបគីឡូម៉ែត្រ។
ក្រុមប្រជាពលរដ្ឋ ឲ្យដឹងទៀតថា ដរាបណាអាជ្ញាធរមិនទាន់បង្កើតឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន មណ្ឌលសុខភាព ឬប្រព័ន្ធទឹកភ្លើង ជាដើម នៅក្នុងមូលដ្ឋានត្រូវចែកដីជូនពលរដ្ឋជាមុនទេ ពួកគាត់មិនព្រមចាកចេញពីតំបន់ក្បាលឆាយទេ។
ជាងនេះ ប្រជាពលរដ្ឋក៏ស្នើសុំផ្តល់ថវិកាសម្រាប់ថ្លៃរុះរើលំនៅឋាន និងការដឹកជញ្ជូនសម្ភារៈផ្សេងៗចេញពីទីតាំងចាស់ទៅកាន់ទីតាំងថ្មីក្នុងមួយគ្រួសារៗចំនួន ១ពាន់ដុល្លារសហរដ្ឋអាមេរិកថែមទៀត៖ «មុននឹងអាជ្ញាធរជំរុញឲ្យពលរដ្ឋពួកខ្ញុំមករស់នៅទីនេះ ខ្ញុំទាមទារឲ្យមានផ្លូវស្អាត មានទឹក មានភ្លើង មានមណ្ឌលសុខភាព មានសាលារៀន ដើម្បីឲ្យកូនៗបានចូលរៀន និងសំណូមពរឲ្យអាជ្ញាធរផ្តល់ថវិកាសម្រាប់ការរុះរើផ្ទះ ការដឹកជញ្ជូន និងការសាងសង់ផ្ទះឡើងវិញ ជាដើម»។
ឆ្លើយតបបញ្ហានេះ លោក ឈិត សុខុន បញ្ជាក់ថា ទីតាំងដីសង្គមកិច្ចដែលត្រូវចែកជូនប្រជាពលរដ្ឋនាពេលខាងមុខ អាជ្ញាធរនឹងបង្កើតឲ្យមានមណ្ឌលសុខភាព សាលារៀន ប្រព័ន្ធទឹកភ្លើង ផ្លូវធ្វើដំណើរ និងផ្សារ ជាដើម។ លោកថា ទីតាំងដីត្រូវចែកជូនដល់ពលរដ្ឋនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ គឺអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយតំបន់នោះជាប់នឹងដៃសមុទ្រ៖ «ឲ្យពលរដ្ឋមកដល់ទីតាំងផ្តល់ដីជូនពលរដ្ឋពេលនេះ គឺចង់ឲ្យគាត់ឃើញទីតាំងដីត្រូវផ្តល់ជូនពលរដ្ឋ ដែលត្រូវជម្លៀសពីតំបន់ក្បាលឆាយ ថាតើគាត់ពេញចិត្តពេញថ្លើមកម្រិតណា? ហើយហេដ្ឋារចនាសម្ព័ន្ធទាំងឡាយក្រោយពីរៀបចំផ្លូវរួចហើយ គឺយើងត្រូវសង់មណ្ឌលសុខភាព សាលារៀន និងមានទីផ្សារជាដើម សម្រាប់ផ្តល់ជូនពលរដ្ឋ»។
បន្ថែមលើនេះ លោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ មានប្រសាសន៍ថា ដីធ្លីដែលត្រូវផ្តល់ជូនពលរដ្ឋនេះជាទីតាំងត្រជាក់ត្រជុំ និងដីមានហាងឆេង។ ហើយថា ទៅថ្ងៃអនាគត ដីតំបន់នេះនឹងមានក្រុមហ៊ុន ឬរោងចក្រជាដើម មកវិនិយោគក្នុងមូលដ្ឋាននេះ៖ «តំបន់នេះថ្ងៃក្រោយទៅ គឺជាតំបន់ឧស្សាហកម្ម ដោយសារតែប្លង់គោលខេត្តព្រះសីហនុ បង្កើតឡើងនាតំបន់ស្ទឹងហាវ នេះ ជាតំបន់ឧស្សាហកម្ម ឬជាទីក្រុងរណបរបស់ខេត្តព្រះសីហនុ។ ដូច្នេះតទៅថ្ងៃអនាគត តំបន់នេះជាទីក្រុងឧស្សាហកម្ម និងមានប្រយោជន៍ដល់ប្រជាពលរដ្ឋមករស់នៅទីតាំងនេះ»។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ក្បាលឆាយ ដែលអាជ្ញាធរត្រៀមជម្លៀសចេញពីទីតាំងចាស់ទៅកាន់ទីតាំងថ្មីនាស្រុកស្ទឹងហាវ មានការព្រួយបារម្ភខ្លាចអាជ្ញាធរដឹកពួកគេយកទៅចាក់ចោលដូចសំរាម ហើយអាជ្ញាធរមិនបានអភិវឌ្ឍតំបន់នោះឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធដូចពាក្យសន្យា។ ហេតុដូច្នេះហើយ ទើបពួកគេទាមទារឲ្យស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ចេញជារូបរាងជាមុនសិន ទើបពួកគាត់ព្រមចាកចេញជាក្រោយ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងការបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដែលត្រូវរុះរើលំនៅឋានចាកចេញពីតំបន់រក្សាប្រភពទឹកក្បាលឆាយពេលនេះ។ ប៉ុន្តែលោកថា អាជ្ញាធរខេត្តព្រះសីហនុ ត្រូវបង្កើតឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធទឹកភ្លើង សាលារៀន មណ្ឌលសុខភាព និងទីផ្សារ ជាដើម ទើបអាចឲ្យពលរដ្ឋរស់នៅមានភាពសុខសាន្ត៖ «ខ្ញុំត្រេកអរណាស់ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ហើយទំហំចំនួនកន្លះហិកតារ មានក្បាល ៥០ គុណនឹង ១០០ម៉ែត្រ។ ដូច្នេះ ទំហំនេះគួរតែប្រជាពលរដ្ឋអាចទទួលយកបាន ហើយអាចប្រកបរបរអាជីវកម្មនៅលើដីនេះបាន។ ការដោះស្រាយនេះជាគំរូល្អមួយ សម្រាប់អាជ្ញាធរដោះស្រាយនៅតំបន់ផ្សេងៗទៀតនាថ្ងៃអនាគត»។
យ៉ាងណាក៏ដោយ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុអាស៊ីសេរី ថា បន្ទាប់ពីដោះស្រាយបែងចែកដីសង្គមកិច្ចជូនពលរដ្ឋ ដែលត្រូវចាកចេញពីតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយជាស្ថាពរហើយ អាជ្ញាធរខេត្តនឹងបន្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី ឬគ្មានដីសង់លំនៅឋានពិតប្រាកដនៅតាមសហគមន៍មានទំនាស់ដីធ្លីផ្សេងទៀត ចាប់ពីដើមឆ្នាំ២០១៥ តទៅ៕
Bagikan
អាជ្ញាធរខេត្តព្រះសីហនុរៀបចំដីទីតាំងថ្មីសម្រាប់អ្នករស់នៅតំបន់រក្សាទឹកក្បាលឆាយ
4/
5
Oleh
Unknown