អ្នកភូមិបញ្ជាក់ថា បន្ទាប់ពីជោះឈាម ហើយរកឃើញមេរោគអេដស៍នេះភ្លាម ធ្វើឲ្យពួកគាត់បាត់បង់កម្លាំងកាយចិត្ត និងមានស្មារតីមិននឹងន ធ្វើអីកើតទៀតឡើយ។ អ្នកភូមិថ្លែងបែបនេះ គឺបន្ទាប់ពីសមាជិកគ្រួសាររបស់គាត់ មានផ្ទុកមេរោគអេដស៍ស្ទើរគ្រប់គ្នា ដោយពុំដឹងមូលហេតុណាមួយពិតប្រាកដនោះទេ។
ក្រុមគ្រួសារដែលធ្វើតេស្ដឈាម ហើយរកឃើញមានផ្ទុកមេរោគអេដស៍ស្ទើរអស់ពីផ្ទះ ភាគច្រើននិយាយរៀបរាប់អំពីប្រវត្តិកើតជំងឺនេះថា ជារឿងមួយគួរឲ្យរន្ធត់បំផុតដែលមិនធ្លាប់ជួបប្រទះក្នុងឆាកជីវិតពីមុនមកនោះទេ។ ពួកគាត់បញ្ជាក់ថា ពីមុនមកមិនធ្លាប់ទៅប៉ះពាល់មនុស្សដែលមានមេរោគអេដស៍នោះទេ ហើយនឹកស្មានមិនដល់ថា ជំងឺដែលសង្គមស្អប់ខ្ពើមនេះកើតមកលើក្រុមគ្រួសាររបស់ខ្លួនឡើយ។
ការពិនិត្យឈាមនៅមណ្ឌលសុខភាពឃុំរកា មានសមាជិកគ្រួសារខ្លះមានផ្ទុកមេរោគអេដស៍ស្ទើរអស់ពីផ្ទះ។
លោក ឯម ស៊ន រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ អង្គុយនៅលើគ្រែខាងមុខផ្ទះ ថ្លែងទាំងទឹកភ្នែកថា គ្រួសាររបស់លោកមានសមាជិកទាំងអស់ចំនួន ៦នាក់ ក្នុងនោះមានមនុស្សចំនួន ៥នាក់ដែលទៅពិនិត្យឈាម ហើយរកឃើញមានមេរោគអេដស៍ គឺសល់តែរូបលោកម្នាក់ប៉ុណ្ណោះដែលគ្មានមេរោគនេះ។ លោកបន្តថា នៅពេលដែលទទួលដំណឹងថា ក្រុមគ្រួសារមានមេរោគអេដស៍ភ្លាម ធ្វើឲ្យលោកបាត់បង់ស្មារតីរកគិតអ្វីមិនត្រូវឡើយ៖ «ខ្ញុំមិនដឹងនិយាយថាម៉េចទេបានសម បើគ្រួសារខ្ញុំកើតជំងឺអេដស៍អ៊ីចឹងទៅហើយនោះ។ បាទ! ជំងឺនេះដំបូងខ្ញុំកូនរបស់ខ្ញុំកើតជំងឺគ្រុនឈាម ហើយទៅហៅពេទ្យឲ្យព្យាបាល ដល់ពេលជាពីជំងឺហ្នឹង ស្រាប់តែផ្ទះរឿងអ្នកភូមិទៅជោះឈាមរកមេរោគអេដស៍ ហើយខ្ញុំក៏នាំគ្នាទៅជោះឈាមដែរ ក៏ឃើញជំងឺនោះតែម្ដងទៅ»។
បុរសវ័យ ៤០ឆ្នាំសម្បុរស្រអែមរូបនេះបន្តទៀតថា លោកព្រួយបារម្ភពីអនាគតរបស់កូនៗយ៉ាងខ្លាំង បន្ទាប់ពីពួកគេមានមេរោគនេះជាប់ខ្លួន ហើយមិនដឹងថាទៅថ្ងៃខាងមុខនោះ ពួកគេទៅជាយ៉ាងណានោះទេ។ លោកថ្លែងទាំងអួលដើមកទៀតថា ពីថ្ងៃនេះតទៅ គឺជីវិតក្រុមគ្រួសាររបស់លោករស់នៅដោយគ្មានន័យអ្វីជាទីពឹងទៀតនោះទេ៖ «តាំងតែពីកើតជំងឺនេះមក ខ្ញុំគ្មានសង្ឃឹមអីទៀត បើទោះជារូបខ្ញុំមិនកើតជំងឺនេះក៏ដោយ ក៏ប៉ុន្តែថ្ងៃក្រោយ គឺជៀសមិនរួចឡើយ។ សព្វថ្ងៃហ្នឹងព្រួយបារម្ភអំពីអនាគតកូនតូចៗ ខ្លាចគេនិយាយថាជាមនុស្សកើតអេដស៍ ទៅធ្វើឲ្យខ្មាសគេ ហើយបោះបង់ការសិក្សាចោលខូចអនាគតទៅ»។
ក្រុមគ្រួសារមួយនេះមានក្មេងអាយុក្រោម ១៦ឆ្នាំចំនួន ៤នាក់ ដែលពិនិត្យឈាមហើយរកឃើញមានមេរោគអេដស៍ ក្នុងនោះក៏មានកូនតូចអាយុប្រមាណ ៨ខែម្នាក់ដែរ ដែលពួកគេទាំងនោះរស់នៅដោយពុំដឹងអ្វីទាល់តែសោះ។
ស្ត្រីជាភរិយារបស់គ្រួសារនេះដែលមានមេរោគអេដស៍ដែរនោះ ដៃបីកូនបំបៅដោះបណ្ដើរ និយាយរៀបរាប់ទាំងទឹកភ្នែកថា ចាប់តាំងពីអ្នកស្រីទទួលដំណឹងថា ខ្លួន និងកូនៗមានមេរោគដែលមើលមិនជានេះភ្លាម នៅពេលត្រឡប់មកផ្ទះវិញ ចេះតែរវើរវាយគេងមិនលក់បក់មិនល្ហើយ គឺគេងយំឱបកូនហូរទឹកភ្នែកជោគខ្នើយជារៀងរាល់យប់៖ «ចំពោះខ្លួនខ្ញុំផ្ទាល់មិនអី តែខ្ញុំអាណិតតែកូនៗទេ គ្នានៅក្មេងមិនដឹងអី គេដៀលថាអ៊ីចេះថាអ៊ីចុះ ទៅធ្វើឲ្យគ្នាមិនហ៊ានទៅណា។ កន្លងមកខ្ញុំមិនដែលប៉ះពាល់អ្នកកើតជំងឺអេដស៍ទេ តែធ្លាប់ចាក់ថ្នាំ ដល់ពេលខ្ញុំទៅជោះឈាម គេថាខ្ញុំមានផ្ទុកមេរោគអេដស៍»។
មិនត្រឹមតែគ្រួសារនេះមួយប៉ុណ្ណោះទេ ដែលបារម្ភអំពីអនាគតរបស់ខ្លួននោះ មានប្រជាពលរដ្ឋជាច្រើនទៀតនិយាយដូចៗគ្នាថា បន្ទាប់ពីដឹងលទ្ធផលតេស្ដឈាមភ្លាម ពួកគាត់មានការភិតភ័យ និងបារម្ភអំពីសុខភាពរបស់ខ្លួន និងកូនៗនៅថ្ងៃខាងមុខយ៉ាងខ្លាំង មិនដឹងថ្ងៃអនាគតនោះទៅជាយ៉ាងណានោះទេ៖ «ខ្ញុំបារម្ភពីអនាគតរបស់កូនខ្ញុំណាស់ ខ្ញុំខ្លាចពេលកូនខ្ញុំលេបថ្នាំពន្យារជំងឺអេដស៍ហ្នឹង ទៅធ្វើឲ្យបាត់បង់ការចងចាំរបស់ក្មេងខូចអនាគតវាទៅ។ ឥឡូវនេះ កូនខ្ញុំពេទ្យខេត្តបាត់ដំបង គេលេបថ្នាំពន្យារ។ ចំពោះខ្ញុំចាស់ហើយ ខ្ញុំមិនគិតអីទេ តែខ្ញុំគិតខ្លាំង គឺកូនរបស់ខ្ញុំតែម្ដង គឺគ្នានៅក្មេងមិនដឹងអី។ ខ្ញុំឆ្លងកាត់ការជោះឈាមចំនួនពីរលើកមក គឺឃើញមានមេរោគអេដស៍ទាំងពីរលើកហ្នឹង ហើយធ្វើឲ្យខ្ញុំរន្ធត់ណាស់»។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល លោក តែង គន្ធី មានប្រសាសន៍បញ្ជាក់កាលពីថ្ងៃទី១៧ ធ្នូ ថា ប្រជាពលរដ្ឋដែលពិនិត្យឈាមមានមេរោគអេដស៍នោះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅភូមិរកា ឃុំរកា ចំណែកពលរដ្ឋនៅភូមិផ្សេងមិនមានជាបញ្ហាចោទនោះទេ។ លោកបន្តថា អ្នកដែលរកឃើញមេរោគទាំងនោះនិយាយថា ពួកគាត់សង្ស័យឆ្លងរោគនេះដោយសារការចាក់ថ្នាំពីគ្រូពេទ្យក្នុងភូមិម្នាក់។ ទោះជាយ៉ាងនេះក្ដី លោកថានេះគ្រាន់តែជាការសង្ស័យនៅឡើយ ចំពោះការពិតយ៉ាងណានោះ ខាងអាជ្ញាធរនឹងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របន្តទៀត៖ «ហើយអ្វីដែលយើងគិតថាហ្នឹងទៅ តាមការយល់ឃើញរបស់ប្រជាពលរដ្ឋទេ។ ក៏ប៉ុន្តែក្រុមការងារបច្ចេកទេសរបស់យើងកំពុងតែញាប់ដៃញាប់ជើងធ្វើការងារហ្នឹង មានន័យថា គឺយើងធ្វើការសិក្សាតាមបែបវិទ្យាសាស្ត្រ គឺពុំមែនគ្រាន់តែជាការសួរឆ្លើយៗទៅលើប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺធ្វើយ៉ាងណា ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ឆែម ជឿន ជាកូនប្រសាប្រុសរបស់គ្រូពេទ្យប្រចាំភូមិរកា ដែលអ្នកភូមិសង្ស័យថាជាអ្នកចម្លងមេរោគនោះ ថ្លែងថា ឪពុកក្មេករបស់លោកប្រកបរបរជាគ្រូពេទ្យតាំងតែត្រឡប់មកពីជំរំភៀសខ្លួននៅព្រំដែនថៃ វិញ គឺប្រមាណជាង ២០ឆ្នាំមកហើយ ពុំដែលបង្កបញ្ហាអ្វីដល់អ្នកភូមិនោះទេ។ លោកថា សោកស្ដាយចំពោះមតិមហាជនដែលសង្ស័យទៅលើឪពុកក្មេករបស់ខ្លួននោះ ហើយសុំឲ្យទាំងអស់គ្នាគួរពិចារណាឲ្យបានវែងឆ្ងាយបន្តិចជាការប្រសើរ៖ «កន្លងមកមិនដែលមានអ្នកណាស្អប់គាត់ទេ បើមានរឿងមិនដែលអ្នកស្រុកនេះហៅគាត់ទៅចាក់ថ្នាំនោះទេ បើបងមិនជឿខ្ញុំទេ បងដើរសួរតែអ្នកភូមិទាំងអស់នេះ គេនឹងនិយាយប្រាប់បងហើយថា គាត់ជាមនុស្សយ៉ាងម៉េចនោះ»។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះទៅផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋនៅភូមិរកា ឲ្យចេះថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ និងលើកទឹកចិត្តឲ្យពួកគាត់ ជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់ខ្មែរឲ្យបានច្រើន៖ «ហើយនៅពេលនេះ យើងខ្ញុំមានក្រុមពេទ្យហ្នឹងចុះស្រាវជ្រាវអង្កេត ទាក់ទិននឹងជំងឺដែលបងប្អូនបានជួបប្រទះ។ បើអ៊ីចឹងទេ សុំឲ្យបងប្អូនសហការជាមួយក្រុមគ្រូពេទ្យរបស់យើង ហើយយើងនឹងបញ្ជូនក្រុមគ្រូពេទ្យមកបន្ថែមទៀត ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានស្រាវជ្រាវលើការងារនេះ»។
ស្របគ្នានេះដែរ នៅព្រឹកថ្ងៃទី១៨ ធ្នូ មន្ត្រីជំនាញខាងស្រាវជ្រាវគីមីសាស្ត្រ នៃស្នងការនគរបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលផង បានចុះស្រាវជ្រាវនៅផ្ទះគ្រូពេទ្យដែលអ្នកភូមិសង្ស័យនោះ ដើម្បីស្វែងរកហេតុផលបញ្ជាក់តាមការសង្ស័យរបស់អ្នកភូមិ។ ទោះជាយ៉ាងនេះក្ដី រហូតមកទល់ពេលនេះ ការស្រាវជ្រាវមិនទាន់ទទួលលទ្ធផលថាយ៉ាងណានៅឡើយទេ។ ចំពោះលទ្ធផលធ្វើតេស្តឈាមគិតត្រឹមថ្ងៃទី១៧ ធ្នូ ប្រជាពលរដ្ឋដែលធ្វើតេស្ដឈាមមានចំនួន ៨៩៥នាក់ ក្នុងនោះរកឃើញប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ចំនួន ១០៦នាក់៕
Bagikan
អ្នកភូមិនៅបាត់ដំបងដែលធ្វើតេស្ដឈាមមានផ្ទុកមេរោគអេដស៍បារម្ភពីអនាគត
4/
5
Oleh
Unknown