គម្រោងចុះបញ្ជីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីការចុះបញ្ជីកាលពីថ្ងៃ១៥ ធ្នូកន្លងទៅមិនទាន់បានសម្រេច។ នេះបើតាមបញ្ជាក់របស់លោកសៀង សុភារក្ស អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់គណបក្សអំណាចខ្មែរថ្មីនេះ។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយកម្ពុជាយល់ថា ការបង្កើតគណបក្សថ្មីនេះ គឺផ្តល់ផលចំណេញដល់បក្សកាន់អំណាច និងអាចបំបែកសំឡេងគាំទ្ររបស់បក្សប្រឆាំង។
នៅពេលនេះ ក្រុមការងារគណបក្សអំណាចខ្មែរ ក្រោមការដឹកនាំរបស់លោកសួន សេរីរដ្ឋា ដែលកំពុងសំងំខ្លួននៅក្រៅប្រទេសនោះ កំពុងធ្វើការកែសម្រួល និង រៀបចំនីតិវិធីមួយចំនួនឡើងវិញ ដើម្បីឈានទៅរកការចុះបញ្ជីជាគណបក្សផ្លូវការនៅក្រសួងមហាផ្ទៃ។ លោកសៀង សុភារក្ស អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សនយោបាយថ្មីនេះ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា បន្ទាប់ពីរៀបចំកែសម្រួលរួច លោកនឹងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃសារជាថ្មីនៅដើមខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។
សូមរម្លឹកជូនថា គណបក្សថ្មីនេះធ្លាប់បានស្នើចុះបញ្ជីម្តងរួចមកហើយកាលពីថ្ងៃទី ១៥ ធ្នូកន្លងទៅ ក៏ប៉ុន្តែដោយសារមិនទាន់ត្រឹមត្រូវតាមនីតិវិធី និងមានចំណុចមួយចំនួនមិនទាន់សមស្របនោះ ក្រសួងមហាផ្ទៃបានតម្រូវឲ្យគណបក្សនេះ ធ្វើការកែសម្រួលឡើងវិញ។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សអំណាចខ្មែរចេញកាលពីថ្ងៃទី ២៦ ធ្នូ លោកសួន សេរីរដ្ឋា ប្រធានស្ថាបនិកគណបក្សបានបញ្ជាក់ថា គណបក្សនេះបានសម្រេចធ្វើការកែសម្រួលឈ្មោះ បាវចនា និងរូបសញ្ញាគណបក្សជាថ្មី។
គួរកត់សម្គាល់ថា ដំណើរការរៀបចំចុះបញ្ជីគណបក្សថ្មីនេះ គឺកំពុងធ្វើឡើងស្របពេលដែលលោកសួន សេរីរដ្ឋាដែលជាអ្នកបង្កើតគណបក្សកំពុងជាប់បណ្តឹងនៅតុលាការ ។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកសួន សេរីរដ្ឋា ពីបទរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយសាលក្រមជំនុំជម្រះលើសំណុំរឿងនេះនឹងប្រកាសនៅអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០១៥ខាងមុខ។ ប៉ុន្តែនៅពេលនេះលោកសួន សេរីរដ្ឋា អាចរៀបចំនីតិវិធីចុះបញ្ជីគណបក្សថ្មីរបស់លោកនៅក្រសួងមហាផ្ទៃបាន ដែលធ្វើសាធារមតិមានការងឿងឆ្ងល់។ ចំពោះបញ្ហានេះ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអាទិត្យនេះ។ លោកសៀង សុភារក្ស បានបញ្ជាក់ថា ទោះបីលោកសួន សេរីរដ្ឋា ជាប់បណ្តឹងនៅតុលាការក៏ពិតមែន ប៉ុន្តែបណ្តឹងនោះក្នុងនាមលោកជាប្រធានចលនាអំណាចពលរដ្ឋខ្មែរនៅក្រៅប្រទេស ហើយតុលាការក៏មិនទាន់សម្រេចថាលោកមានទោសដូចការចោទប្រកាន់នោះនៅឡើយដែរ។ ដូច្នេះវាមិនប៉ះពាល់ដល់ដំណើរការចុះបញ្ជីគណបក្សថ្មីនេះឡើយ។
យ៉ាងណាក៏ដោយ លោកសុខ ទូច អ្នកវិភាគនយោបាយកម្ពុជា លើកឡើងថា ការបង្កើតគណបក្សថ្មីនៅក្នុងកាលៈទេសៈនេះ គឺផ្តល់ផលចំណេញច្រើនដល់គណបក្សកាន់អំណាច ដែលជាហេតុធ្វើឲ្យក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្សថ្មីនេះអាចចុះបញ្ជីបាន។ ជាមួយគ្នានេះ លោកសុខ ទូច បានគូសបញ្ជាក់ថា គណបក្សថ្មីរបស់លោកសួន សេរីរដ្ឋានេះ នឹងចូលរួមបំបែកសំឡេងរបស់គណបក្សសង្គ្រោះជាតិដែលកំពុងទទួលបានការគាំទ្រច្រើននាពេលនេះ៕
Bagikan
គណបក្សថ្មីរបស់លោកសួន សេរីរដ្ឋា នឹងចុះបញ្ជីផ្លូវការនៅដើមខែក្រោយ
4/
5
Oleh
Unknown