វិភាគ និងជជែកលើព័ត៌មាន ដែលប្រមូលបាន ហើយលទ្ធផលនៃការស្រាវជ្រាវលើមូលហេតុ ក្នុងការឆ្លងរាលដាលមេរោគអេដស៍ ដល់អ្នកភូមិទាំងនោះ នឹងត្រូវប្រកាសនៅក្នុងសប្តាហ៍នេះ។ នេះបើតាមលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង។
ក្រុមគ្រូពេទ្យ បានបញ្ចប់ការស្រាវជ្រាវ ប្រមូលព័ត៌មានរួចរាល់ហើយ កាលពីសប្តាហ៍មុន ជុំវិញករណីអ្នកភូមិរកា ខេត្តបាត់ដំបង ឆ្លងរាលដាលមេរោគអេដស៍។ រហូតដល់ថ្ងៃចន្ទនេះ ក្រុមគ្រូពេទ្យ ក្រោមការដឹកនាំរបស់លោក មាន ឈីវវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ កំពុងជជែក សិក្សា និងវិភាគលើព័ត៌មាន ដែលប្រមូលបាន ដើម្បីរកមូលហេតុនៃការឆ្លងរាលដាលមេរោគអេដស៍ ដល់អ្នកភូមិរកា។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានឲ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវរកមូលហេតុនៃការឆ្លងរាលដាលមេរោគអេដស៍ ដល់អ្នកភូមិរកា នឹងត្រូវលោកវេជ្ជបណ្ឌិត មាន ឈីវវុន ប្រកាសក្នុងសន្និសីទកាសែត នៅក្នុងអាទិត្យនេះ។
យ៉ាងណាក៏ដោយ លោកប៊ុនរ៉េត មិនទាន់ហ៊ានអះអាង ដូចការសង្ស័យរបស់អ្នកភូមិ លើគ្រូពេទ្យភូមិ លោក យឹម ជ្រិន ថាជាអ្នកចំលងមេរោគអេដស៍នោះទេ ដោយរង់ចាំលទ្ធផលផ្នែកវិទ្យាសាស្ត្រ។
រហូតដល់ថ្ងៃចន្ទនេះ លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា អ្នកភូមិរកា នៅតែបន្តទៅកាន់មណ្ឌលសុខភាព ឃុំរកា ដើម្បីធ្វើតេស្តឈាម រកមេរោគអេដស៍ ដែលមានចំនួនសរុបជាង ១៦០០ នាក់។ លោកប្រធានមន្ទីរ មិនបានបង្ហាញតួលេខអ្នកភូមិរកា មានផ្ទុកមេរោគអេដស៍ទេ តែគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំរកា និងអាជ្ញាធរឃុំ បានឲ្យដឹងថា អ្នកភូមិរកា មានផ្ទុកមេរោគអេដស៍ បានកើនដល់ ១៩០ នាក់ហើយ។
នៅថ្ងៃចន្ទនេះ កុមារជាង ២០ នាក់ នៅឃុំរកា ត្រូវបានដឹកមកកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីអប់រំ និងទទួលថ្នាំព្យាបាលមេរោគអេដស៍។ ចំណែកមនុស្សពេញវ័យ ត្រូវបានលោក ប៊ុនរ៉េត ឲ្យដឹងថា ក្រុមគ្រូពេទ្យ បានចុះទៅកាន់មណ្ឌលសុខភាពឃុំរកា ដើម្បីអប់រំ ផ្តល់ប្រឹក្សា និងថ្នាំពន្យារជីវិត។ គ្រូពេទ្យបន្តនៅមណ្ឌលសុខភាពនោះ ក្នុងរយៈពេល ៦ ខែ។
ដោយរង់ចាំលទ្ធផលនៃការស្រាវជ្រាវរកមូលហេតុក្នុងការឆ្លងមេរោគអេដស៍ នៅឃុំរកា យូរពេក ក្រុមអ្នកភូមិ ដែលធ្វើតេសឈាម មានផ្ទុកមេរោគអេដស៍ បានព្រមានថា នឹងធ្វើបាតុកម្មតវ៉ា បើសិនជាពួកគេ នៅតែមិនបានដឹងច្បាស់ពីមូលហេតុនៃការឆ្លងមេរោគអេដស៍នោះ។ តែជំទប់ឃុំរកា ដែលឆ្លងមេរោគអេដស៍ អះអាងថា អ្នកភូមិ នៅតែសង្ស័យ លើគ្រូពេទ្យភូមិ យឹម ជ្រិន ថាជាអ្នកចម្លង តាមរយៈការចាក់ថ្នាំព្យាបាល៕
Bagikan
រឿងអេដស៍នៅបាត់ដំបង៖ លទ្ធផលនៃការស្រាវជ្រាវនឹងត្រូវប្រកាស ក្នុងសប្តាហ៍នេះ
4/
5
Oleh
Unknown