គ្រូបង្រៀនមួយរូបនៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី ចោទប្រកាន់នាយកវិទ្យាល័យថាប្រើអំពើហិង្សាគាបសង្កត់ផ្លូវចិត្តគ្រូ ដោយមិនព្រមដោះស្រាយភាពមិនប្រក្រតីជុំវិញការបែងចែកកាលវិភាគបង្រៀន។
គ្រូបង្រៀនកម្រិតឧត្តមបច្ចេកទេសគណិតវិទ្យា លោក ណុប គឹមហាក់ ជាអនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យា នៅថ្ងៃទី២៤ ខែធ្នូ រៀបរាប់ថា ការបែងចែកកាលវិភាគបង្រៀនមុខវិជ្ជាគណិតវិទ្យាសម្រាប់ឆ្នាំសិក្សា២០១៤ និងឆ្នាំ២០១៥ គ្មានតម្លាភាព រើសអើង និងមានចេតនាបន្ទាបបន្ថោកគ្រូបង្រៀន។ លោកកត់សម្គាល់ថា លោកនាយកវិទ្យាល័យគេចវេសមិនអនុវត្តការណែនាំរបស់ប្រធានមន្ទីរអប់រំ ស្ដីពីការប្រជុំក្រុមបច្ចេកទេសគណិតវិទ្យា ដើម្បីដោះស្រាយបញ្ហាដែលកើតមាន៖ «គាត់មិនព្រមដោះស្រាយបញ្ហាកំពុងតែថានឹងឡើងទៅក្រសួង ឲ្យក្រសួងជួយដោះស្រាយឲ្យខ្ញុំ»។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅ លោក ណុប គឹមហាក់ បានធ្វើលិខិតស្នើសុំលោកនាយកវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ពិនិត្យឡើងវិញពីកាលវិភាគបង្រៀនគណិតវិទ្យាសម្រាប់ឆ្នាំសិក្សា២០១៤ និងឆ្នាំ២០១៥ គឺរូបលោកត្រូវចាត់ឲ្យបង្រៀនតែមួយថ្នាក់ ខុសពីបណ្ដាឆ្នាំមុនដែលលោកធ្លាប់បង្រៀនថ្នាក់ទី១២ ចំនួនបីថ្នាក់។ ផ្ទុយទៅវិញ គ្រូមួយចំនួនទៀតដែលមិនមានបទពិសោធន៍ ខ្លះត្រូវបានចាត់ឲ្យបង្រៀនថ្នាក់ទី១២ បីថ្នាក់តែម្នាក់ឯង។ ទន្ទឹមនេះដែរ លោកក៏បានធ្វើលិខិតសុំអន្តរាគមន៍ទៅនាយកមន្ទីរអប់រំ ចំនួនពីរលើកទៀត ឲ្យជួយដោះស្រាយបញ្ហានេះ៖ «ទាស់ចេះតែទាស់ទៅ បង្រៀនចេះតែបង្រៀនទៅ អាហ្នឹងបានយើងបំពេញតួនាទីជាគ្រូទទួលបន្ទុកថ្នាក់។ បើយើងទាស់ ហើយអត់ទៅបង្រៀន គេក៏មិនអាចរង់ចាំយើងបានដែរ»។
ទាក់ទិនការចោទប្រកាន់នេះ នាយកវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ លោក មាស ផានី បដិសេធមិនធ្វើអត្ថាធិប្បាយតបតអ្វីឡើយ។ ចំណែកប្រធានមន្ទីរអប់រំ ខេត្តរតនគិរី លោកស្រី ចាន់ ខាំឃឿ មានប្រសាសន៍បញ្ជាក់ថា លោកស្រីបានធ្វើលិខិតអន្តរាគមន៍ឲ្យនាយកវិទ្យាល័យសម្របសម្រួលបញ្ចប់បញ្ហា និងបានស្នើសុំឲ្យរៀបចំប្រជុំក្រុមបច្ចេកទេសគណិតវិទ្យា សម្របសម្រួលដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា។ លោកស្រីបន្តថា វិវាទនេះបានធ្វើឲ្យខកខានការសិក្សារបស់សិស្សចាប់តាំងពីបើកបវេសនកាលជិតពីរខែកន្លងទៅនេះ៖ «បើគាត់មិនសុខចិត្តទេ ឋានានុក្រមនៃការប្ដឹងតវ៉ាគាត់អាចប្ដឹងទៅក្រសួងបាន។ ទាស់ចេះតែទាស់ បង្រៀនចេះតែបង្រៀនទៅ»។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា គ្រូបង្រៀនផ្នែកគណិតវិទ្យានៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ១៤នាក់ បានផ្ដិតមេដៃលើញត្តិគាំទ្រការតវ៉ារបស់ លោក ណុប គឹមហាក់។ គ្រូបង្រៀនទាំង ១៤នាក់ថ្លែងថា ការដាក់កាលវិភាគចាត់តាំងម៉ោងបង្រៀនផ្នែកគណិតវិទ្យា ត្រូវមានការប្រជុំក្រុមបច្ចេកទេសជាមុន មិនត្រូវប្រើអំពើហិង្សាលើការងារ និងផ្លូវចិត្តគ្រូបង្រៀន និងសូមឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងការគ្រប់គ្រងក្នុងនាមជាអ្នកដឹកនាំ។
ប្រធានក្រុមបច្ចេកទេសគណិតវិទ្យានៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ លោក ម៉េង សុគន្ធ ចាត់ទុកការរៀបចំកាលវិភាគរបស់នាយកសាលា គឺមានចេតនាប្រកាន់បក្ខពួក និងបង្ខូចទឹកចិត្តគ្រូបង្រៀនមានស្នាដៃល្អក្នុងការងារ៖ «ក្នុងន័យដកស្រង់បទពិសោធន៍ គួរតែអ្នកថ្មីបង្រៀនតិចជាងអ្នកចាស់ អាហ្នឹងវាត្រឹមត្រូវ។ គាត់មកជាលក្ខណៈចង់បង្រៀនវិលជុំ បើតាមខ្ញុំដឹងអាហ្នឹងបក្ខពួកនិយម»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍បញ្ជាក់ថា លោក ណុប គឹមហាក់ អាចដាក់ពាក្យតវ៉ា និងឯកសារពាក់ព័ន្ធមកក្រសួងអប់រំ ឬមករូបលោកផ្ទាល់ ដើម្បីចាត់វិធានការស្រាវជ្រាវករណីនេះ។
ទោះជាយ៉ាងនេះក៏ដោយ លោក ណុប គឹមហាក់ បានធ្វើពហិការមិនចូលបង្រៀន តាមរយៈលិខិតជូនដំណឹងជូននាយកវិទ្យាល័យកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ស្ដីពីការផ្អាកមិនចូលបង្រៀន ដោយសារកាលវិភាគលម្អៀង និងមិនយុត្តិធម៌៕
Bagikan
គ្រូបង្រៀនចោទនាយកវិទ្យាល័យនៅរតនគិរីថាបក្ខពួកនិងប្រើហិង្សាគាបសង្កត់
4/
5
Oleh
Unknown