ទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ចប់អំពើឃោរឃៅនេះយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋកម្មនេះនៅតែកើតឡើងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការអន្តរជាតិដើម្បីទប់ទល់ទៅនឹងការសម្លាប់ពលរដ្ឋខ្មែរយ៉ាងឃោរឃៅ និងអមនុស្សធម៌របស់ភាគីថៃ នេះ។
មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា អះអាងថា អាជ្ញាធរថៃ សន្យាថានឹងបើកការស៊ើបអង្កេតករណីទាហានថៃ ដែលបានបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់កាលពីដើមខែធ្នូ នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ឯកអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ក្នុងប្រទេសថៃ លោក នេត សេរី បានទាមទារឲ្យសមត្ថកិច្ចថៃ ស៊ើបអង្កេតជុំវិញករណីឃាតកម្មមួយនេះ។
កាលពីថ្ងៃទី១៨ ខែធ្នូ ក្រសួងការបរទេសខ្មែរ បានផ្ញើលិខិតតវ៉ាការទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃ ប្រចាំនៅកម្ពុជា បង្ហាញពីជំហរប្រឆាំងដាច់ខាតនូវអំពើឃោរឃៅ និងអមនុស្សធម៌របស់ក្រុមទាហានថៃ ដែលបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៩ ខែធ្នូ និងទាមទារឲ្យនាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ស្ត្រីខ្មែររងគ្រោះរូបនោះមានឈ្មោះ ផន ចែម អាយុ ៥៥ឆ្នាំ ត្រូវទាហានថៃ នៃស្រុកកាប់ជើង ខេត្តសុរិន្ទ បាញ់ស្លាប់ នៅពេលដែលគាត់ដើរជីកមើមដំឡូងព្រៃ និងរើសផ្សិតយកមកឲ្យគ្រួសារហូប ព្រមទាំងលក់ដូរខ្លះដើម្បីបានប្រាក់ទិញអង្ករជាដើម ដោយមិនដឹងថាខ្លួនបានឆ្លងខ្សែបន្ទាត់ព្រំដែន។ បួនថ្ងៃក្រោយការបាញ់សម្លាប់នេះ ទាហានការពារព្រំដែនថៃ ខេត្តសុរិន្ទ បានបញ្ជូនសាកសពស្ត្រីខ្មែររងគ្រោះរូបនោះមកឲ្យក្រុមគ្រួសារវិញ នៅក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក៏បានទាមទារឲ្យអាជ្ញាធរថៃ បញ្ឈប់សកម្មភាពព្រៃផ្សៃប្រឆាំងនឹងពលរដ្ឋខ្មែរស្លូតត្រង់ ហើយគោរពកិច្ចព្រមព្រៀងនៃមេដឹកនាំប្រទេសទាំងពីរ ក្នុងការបញ្ឈប់បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់កាលពីពេលថ្មីៗនេះ៖ «យើងបានស្នើឲ្យគេធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីយកជនដៃដល់ទៅផ្ដន្ទាទោស។ ហើយអគ្គកុងស៊ុលយើងធ្វើការងារហ្នឹង ដែលបានសាកសួរទៅអាជ្ញាធរថៃ នៅតំបន់ដែលខ្មែរយើងរងគ្រោះហ្នឹង គឺថាអាជ្ញាធរគេ គេនឹងខិតខំធ្វើយ៉ាងណាស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសបាទ។ ហើយយើងស្នើម្តងហើយម្តងទៀតថា ឲ្យបញ្ឈប់នូវអំពើឃោរឃៅហ្នឹង ហើយឲ្យគោរពទៅតាមការព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទន្ទឹមហ្នឹង ក៏សូមអំពាវនាវឲ្យពលរដ្ឋខ្មែរយើង ធ្វើយ៉ាងណាកុំចូលទៅរកអនុផលព្រៃឈើក្នុងទឹកដីរបស់គេដោយខុសច្បាប់ឲ្យសោះបាទ»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា រូបនេះអះអាងថា ចាប់តាំងពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០១៤ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ៥នាក់ ត្រូវបានក្រុមទាហានការពារព្រំដែនថៃ បាញ់សម្លាប់។ ប៉ុន្តែរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កន្លងមកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ដើមឆ្នាំ២០១៤ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ១២៣នាក់ហើយត្រូវបានក្រុមយោធាថៃ បាញ់ប្រហារ។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញចំណាត់ការណាមួយពីរដ្ឋាភិបាលថៃ ក្នុងការវែកមុខជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ។
វិទ្យុអាស៊ីសេរី នៅមិនទាន់ទទួលការឆ្លើយតបរបស់ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា អំពីមូលហេតុនៃការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលក្នុងទឹកដីថៃ បន្តបន្ទាប់នោះឡើយ។
ប៉ុន្តែ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ (Prayut Chan-O-Cha) អះអាងថា ព័ត៌មានអំពីការបាញ់សម្លាប់ស្ត្រីខ្មែរដែលឆ្លងដែនចូលជីកដំឡូង និងដកផ្សិតនោះ គឺជារឿងមិនពិត។ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃ បានដកស្រង់សម្ដី លោក ប្រាយុទ្ធ ចាន់អូចារ ចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ក្រុមយោធាមិនដែលបាញ់ប្រហារទៅលើជនគ្មានអាវុធនោះទេ។ លោកបន្តថា ការស្លាប់របស់ពលរដ្ឋខ្មែរកន្លងមក គឺដោយសារការប្រយុទ្ធតបតគ្នារវាងទាហានថៃ និងអ្នកលួចឆ្លងដែនទៅចូលកាប់ឈើប៉ុណ្ណោះ។ លោក ប្រាយុទ្ធ ក៏បានច្រានចោលចំពោះគម្រោងការបើកការស៊ើបអង្កេតណាមួយជុំវិញបញ្ហានេះ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា អាជ្ញាធរខេត្តសុរិន្ទ របស់ថៃ ទទួលស្គាល់អំពីការបាញ់សម្លាប់ស្ត្រីខ្មែរនោះ ហើយសន្យាថានឹងចាត់វិធានការស៊ើបអង្កេតលើករណីនេះ៖ «អាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ ក៏គេទទួលស្គាល់ថាមានការបាញ់សម្លាប់អ៊ីចឹងមែន ហើយគេបានសន្យាជាមួយអគ្គកុងស៊ុលយើងទៅទៀតថា គេនឹងជួយរកមុខជនដៃដល់។ ដូច្នេះអារឿងថាអ្នកបាញ់នោះជាទាហាន ឬជាស្អីនោះ យើងនៅមិនទាន់ដឹងទេ គឺវាអាស្រ័យទៅលើការស្រាវជ្រាវបន្ថែម ព្រោះក្នុងហ្នឹងវាអាចមានក្រុមច្រើន វាអាចក្រុមមេព្រៃថៃ វាអាចក្រុមកងកម្លាំងប្រដាប់អាវុធរបស់គេផ្សេងៗជាច្រើនផ្នែកទៀត។ ដូច្នេះហើយ អារឿងគាត់និយាយតែរឿងទាហានមួយមុខ ក៏យើងមិនយល់ថាគាត់និយាយត្រូវ ឬខុសទេ។ ប៉ុន្តែអាជ្ញាធរខេត្តសុរិន្ទ គេទទួលស្គាល់ថា ពិតជាមានការបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់មែន»។
បើទោះជាមានការបាញ់សម្លាប់ពលរដ្ឋកម្ពុជា ដ៏ច្រើនយ៉ាងនេះក៏ដោយ ក៏ភាគីកម្ពុជា បានត្រឹមតែប្ដឹងភាគីថៃ តាមរយៈកំណត់ទូតរបស់ខ្លួនប៉ុណ្ណោះ។ ជាងនេះទៅទៀត ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ កាលពីសប្ដាហ៍មុន ក៏មិនបានលើកយកបញ្ហាទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនោះទៅពិភាក្សារកដំណោះស្រាយដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់ថា ក្រៅពីការចាត់វិធានការប្ដឹងភាគីថៃ តាមរយៈកំណត់ទូត កម្ពុជា នៅមិនទាន់មានស្វែងផ្លូវដើម្បីប្ដឹងភាគីថៃ តាមរយៈយន្តការអន្តរជាតិ ដូចជាការប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយស៊ីស៊ី (ICC) នោះឡើយ៖ «កន្លងមកយើងអត់ដែលបានធ្វើទៅស្ថាប័នណាក្រៅពីផ្នែកកំណត់ទូតតវ៉ារវាងប្រទេស និងប្រទេសហ្នឹងឯងបាទ»។
ប៉ុន្តែ ក្រុមសង្គមស៊ីវិលអះអាងថា កំណត់ទូតរបស់កម្ពុជា គ្មានប្រយោជន៍ ហើយក៏គ្មានអំណាចអាចឲ្យភាគីថៃ គោរពតាមនោះដែរ។
មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដល់ពេលហើយដែលកម្ពុជា ត្រូវប្ដឹងអំពីករណីឧក្រិដ្ឋកម្មក្រៅប្រព័ន្ធតុលាការលើពលរដ្ឋខ្មែរ ទៅស្ថាប័នអាស៊ាន អង្គការសហប្រជាជាតិ និងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ៖ «ជាអាទិភាពទីមួយ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងហើយ ដែលរដ្ឋជាភាគី ហើយយើងមានសិទ្ធិប្ដឹង ពីព្រោះនេះវាជាការសម្លាប់ពលរដ្ឋខ្មែរមួយយ៉ាងឃោរឃៅជាបន្តបន្ទាប់។ អ៊ីចឹងយន្តការនេះវាអាចជួយទប់ស្កាត់ ហើយអាចផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរដែរ ពីព្រោះថៃ ខ្លួនឯងមិនបានធ្វើការស៊ើបអង្កេត មិនបានបញ្ឈប់ទៅលើការសម្លាប់ពលរដ្ឋខ្មែរទេ។ អ៊ីចឹងយើងមានតែតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។ ហើយទីពីរ ដើម្បីកុំឲ្យថៃ រំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ រំលោភសិទ្ធិមនុស្ស ជាពិសេស គឺការប្រហារជីវិតជាបន្តបន្ទាប់ដូច្នេះ គឺយើងមានយន្តការអាស៊ាន គឺមានធម្មនុញ្ញសិទ្ធិមនុស្សអាស៊ាន ធម្មនុញ្ញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីជួយទប់ស្កាត់ផងដែរ។ ហើយបើយើងនៅតែបន្តកំណត់ទូត វាជារឿងមួយអត់ប្រយោជន៍»។
លោក អំ សំអាត មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលកម្ពុជា មិនប្រើយន្តការអន្តរជាតិក្នុងការបង្ខំឲ្យភាគីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះខ្មែរក៏ដោយ តែក្រុមសង្គមស៊ីវិលក្នុងស្រុកនឹងប្ដឹងទៅអង្គការសហប្រជាជាតិ និងអង្គការព្រហ្មទណ្ឌអន្តរជាតិនៅពេលខាងមុខ៕
Bagikan
សង្គមស៊ីវិលជំរុញឲ្យកម្ពុជាប្រើយន្តការអន្តរជាតិករណីទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ
4/
5
Oleh
Unknown