ពួកគេលើកឡើងអំពីសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំចាស់ និងពិភាក្សាដើម្បីដាក់ចេញនូវផែនការអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥។
«ដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម» នឹងក្លាយជាផែនការអាទិភាពបំផុតសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០១៥ ខាងមុខនេះ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ង៉ុកថាច់។ លោកឲ្យដឹងតាមទូរស័ព្ទពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ធ្នូ ថា សមាជិក សមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើនរយនាក់ ដែលមកពីបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក កំពុងជួបប្រជុំគ្នានៅក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា កិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ដំណាច់ឆ្នាំនេះ គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៤ និងផែនការលើកទៅអនុវត្តបន្តក្នុងឆ្នាំបន្ទាប់។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា នៅឆ្នាំ២០១៤ សហព័ន្ធបានដាក់ចេញនូវទិសដៅ ឬផែនការធំៗចំនួន ៣ ក្នុងនោះរួមមាន ដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ការបង្កើនទំនាក់ទំនងរវាងខ្មែរក្រោមនៅគ្រប់ទិសទីលើពិភពលោកឲ្យចងបាច់គ្នាជាធ្លុងមួយ និងការបង្កើនការយល់ដឹងអំពីគោលបំណងពិតប្រាកដរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅដល់សហគមន៍អន្តរជាតិ អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរទូទៅ។
យ៉ាងណាក៏ដោយ លោក ថាច់ ង៉ុកថាច់ ថ្លែងថា សម្រាប់ឆ្នាំ២០១៥ ខាងមុខ «ដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម» នឹងនៅតែជាផែនការអាទិភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ គោលបំណងនៃផែនការនេះ គឺធ្វើយ៉ាងណាជំរុញឲ្យមានពលរដ្ឋខ្មែរ ឬសហគមន៍អន្តរជាតិ ធ្វើដំណើរទៅកាន់ទឹកដីកម្ពុជាក្រោម ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីឲ្យពួកគេបានស្វែងយល់អំពីស្ថានភាពរបស់ខ្មែរក្រោមនៅទីនោះ។
លោកថា ផែនការនេះអាចអនុវត្តទៅបានតាមរយៈការធ្វើបុណ្យទាន ការចូលរួមជួយសង្គ្រោះ ឬតាមរយៈការអំពាវឲ្យតំណាងអង្គការសហប្រជាជាតិ និងតំណាងរដ្ឋាភិបាលបរទេស ទៅជួបព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅពេលពួកគេបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។
ក្រៅពីនេះ លោក ថាច់ ង៉ុកថាច់ ថ្លែងថា សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងបន្តបង្កើនទំនាក់ទំនងឲ្យកាន់តែច្រើនឡើងជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសសមាជិកសមាគមអាស៊ាន និងរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០។ លោកថា គោលបំណងនៃទំនាក់ទំនង គឺដើម្បីធ្វើឲ្យពួកគេស្គាល់ខ្មែរក្រោមជានរណា លើសពីនេះ ក៏ចង់ឲ្យពួកគេចូលរួមជួយខ្មែរក្រោមនៅពេលដែលមានការរំលោភបំពានផ្សេងៗ។
លោក ថាច់ ង៉ុកថាច់ លើកឡើងថា ក្នុងការអនុវត្តផែនការទាំងអស់នេះ វាប្រាកដណាស់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមអាចនឹងជួបប្រទះឧបសគ្គខ្លះៗ។ យ៉ាងណាក៏ដោយ លោកថា ខ្មែរក្រោមក្នុងពេលបច្ចុប្បន្ន ខុសពីខ្មែរក្រោមក្នុងពេលអតីតកាល ដែលនៅពេលនោះពុំសូវមានអ្នកណាស្គាល់ឡើយ។ ប៉ុន្តែលោកថា ក្នុងពេលបច្ចុប្បន្ន អង្គការសហប្រជាជាតិស្គាល់ខ្មែរក្រោម ប្រទេសភាគច្រើនស្គាល់ខ្មែរក្រោម ហើយអ្នកសិក្សាស្រាវជ្រាវមួយចំនួនក៏បានសរសេរសៀវភៅអំពីខ្មែរក្រោមទៀតផង។ ប្រការនេះ លោកថា វារឹតតែធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ពីខ្មែរក្រោមរឹតតែខ្លាំងថែមទៀត។
សហព័ន្ធខ្មែរកម្ពុជាក្រោមដែលតំណាងឲ្យអង្គការសមាគមខ្មែរកម្ពុជា ក្រោមទាំងអស់នៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងប្រទេសកាណាដានៅឆ្នាំ១៩៩៦ ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរ និងសង្គមខ្មែរក្រោមទាំងមូល។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានក្លាយជាសមាជិករបស់អង្គការ យូ.អិន.ភី.អូ (UNPO) នៅក្នុងឆ្នាំ២០០៤ ហើយដែលមានគោលដៅទាមទាមឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម៕
Bagikan
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកជួបពិភាក្សាអំពីផែនការសម្រាប់ឆ្នាំ២០១៥
4/
5
Oleh
Unknown