ជលផលសមុទ្រថយចុះដោយសារការនេសាទខុសច្បាប់ ដូចជាប្រើឧបករណ៍ឆក់ធ្វើឲ្យផុតពូជត្រី។
សហគមន៍ត្រើយកោះស្ថិតលើមាត់ព្រែកដៃសមុទ្រមួយក្បែរក្រុងកំពត ដែលមានប្រជានេសាទប្រមាណ ៥០០គ្រួសារ ភាគច្រើនរស់នៅពឹងផ្អែកលើរបរនេសាទសមុទ្រ។
ជាទម្លាប់ប្រចាំថ្ងៃ ប្រជាសហគមន៍ដែលភាគច្រើនជាជនជាតិចាមមួយនេះ នាំគ្នាបើកទូកចេញពីភូមិមាត់ព្រែក ទៅនេសាទនៅសមុទ្ររាល់ៗល្ងាច ហើយត្រឡប់វិញពេលព្រឹក។ កន្លងមកពួកគាត់តែងដឹកត្រី បង្គា មឹក ដែលនេសាទបានត្រឡប់មកផ្ទះវិញ ឲ្យប្រពន្ធកូនដែលរង់ចាំនៅផ្ទះដើម្បីយកទៅលក់។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់ខ្លះត្រឡប់មកផ្ទះវិញទូកទទេក៏មាន ព្រោះនេសាទមិនបាន។
សំឡេងត្អូញត្អែររួម៖ «អត់មាន ព្រោះពេលហ្នឹងឆក់ច្រើនពេក ពួកខ្ញុំទៅចាប់វាអត់អស់សោះមួយរយៈហ្នឹង។ អត់បានអីផង ចូលផ្ទះមិនបានថ្លៃប្រេងផង។ ពួកខ្ញុំឥឡូវដាច់បាយហើយ ចតទូកចោលមានទៅណា បីបួនថ្ងៃហើយអត់មានអ្នកណាចេញ ចេញអត់រួចថ្លៃប្រេងផង ជំពាក់ថ្លៃប្រេងគេងាប់ហើយ»។
ពួកគាត់ត្អូញត្អែរថា នេសាទមិនបានដូច្នេះ ព្រោះមានអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ច្រើនពេក ដូចជាប្រើប្រដាប់ឆក់ជាដើម ដែលបណ្ដាលឲ្យជលផលសមុទ្រកាន់តែខ្សត់ខ្សោយ។ ពួកគាត់បាននិយាយដោយចំហដោយចោទអ្នកនេសាទនៅភូមិតានេន ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ថាជាអ្នកប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ឆក់ទាំងនោះ។
អ្នកនេសាទ ម៉ាត់ រីម ផ្ទះសង់លើមាត់ព្រែក កំពុងចតទូកនៅក្រោយផ្ទះជាមួយទូកអ្នកនេសាទដទៃទៀតបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ឆក់បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាសហគមន៍នេសាទដែលប្រើឧបករណ៍ជាលក្ខណៈគ្រួសារយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «ប្រើឧបករណ៍ឆក់និងអូសទៅអស់ហើយ មួយមងស្មើខ្ញុំអូសពីរថ្ងៃ។ ខ្ញុំអូសមួយយប់បានបង្គាធំមួយគីឡូ ពីរគីឡូទេ ពួកវាអូសប្រើឧបករណ៍ឆក់ក្នុងមួយយប់មួយមង ៥-៦-៧ គីឡូ ទៅ ១០គីឡូ»។
ចំណែកអ្នកនេសាទម្នាក់ទៀត គឺលោក ឌត ម៉ាត់ បានបន្ទរបែបចំអកដាក់មន្ត្រីជលផល និងអាជ្ញាធរខេត្តថា មិនរវល់បង្ក្រាបបទល្មើសនេសាទទាំងនោះ ដែលបានកើតឡើងដដែលជាដដែលអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
ដែននេសាទរបស់សហគមន៍ត្រើយកោះ មានលើផ្ទៃសមុទ្រក្នុងខេត្តកំពត និងមួយផ្នែកទៀតក្នុងដែនសមុទ្រខេត្តកែប ដែលជាដែននេសាទសាធារណៈ។ ដែនសមុទ្រក្នុងខេត្តកែបនេះហើយដែលពួកគាត់ចោទថា មានបទល្មើសនេសាទច្រើនជាងគេ ហើយអាជ្ញាធរខេត្ត និងមន្ត្រីជលផលមិនចាត់វិធានការបង្ក្រាប។
ក្រៅពីនេះពួកគាត់បានចោទថា អាជ្ញាធរមូលដ្ឋានបានរួមគំនិតទទួលប្រាក់សំណូកពីអ្នកនេសាទខុសច្បាប់ទៀតផង។ ប្រជានេសាទ ឈ្មោះ ព្រំ ឌល់ការីម ឲ្យដឹងថា លោកតែងតែរាយការណ៍ទៅមន្ត្រីជលផលអំពីបទល្មើសនេះ តែលោកមិនឃើញមានការបង្ក្រាបសោះ (សំឡេងរួម)។
ចំណែកលោក កែវ ម៉ាត់ នឹងលោក ឌត ម៉ាត់ ក៏បានអះអាងប្រហាក់ប្រហែលគ្នាដែរ៖ «មានអ្នកនៅពីក្រោយខ្នងបទល្មើសហ្នឹងតែម្ដង ប៉ុន្តែមិនដឹងលោកណា យើងមិនហ៊ានចោទគេ។ ប៉ុន្តែខ្ញុំថាឲ្យអស់តែម្ដង បើអាធំមិនធ្វើ អាតូចមិនដែលហ៊ានធ្វើទេ ខ្ញុំជឿជាក់អ៊ីចឹងតែម្ដង។ តាមខ្ញុំថា ខ្លះគេយកខែ ខ្លះគេយកថ្ងៃ ព្រោះអីមានខ្សែរយៈគេទូរស័ព្ទទៅសួរ គេចង់ដឹង។ … ខ្ញុំដឹងខ្លះថា ក្នុងទូក១ ក្នុង១ថ្ងៃ ២ម៉ឺន ក្នុងជំនាញមួយ មិនដឹងជំនាញណាខ្លះទេ។ ទាំងអស់ព្រែកតានេន បើថាមាន ១០០ទូក ដាក់ឆក់ទាំង ១០០ទូកហ្នឹង...»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងដំណាងអ្នកនេសាទភូមិតានេន ស្ថិតក្នុងខេត្តកែប និងនាយខណ្ឌជលផល ខេត្តកំពត លោក សូ សារិន បាន ដើម្បីសុំការឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ។ ក៏ប៉ុន្តែ មន្ត្រីជលផលខេត្តកែប លោក ចក់ ស៊ីនាថ បានទទួលស្គាល់ថា កន្លងមកប្រជានេសាទនៅ ភូមិតានេន បានប្រព្រឹត្តបទល្មើសនេសាទនេះមែន តែក្រោយមកអាជ្ញាធរខេត្តបានចុះបង្ក្រាប និងបានអប់រំពួកគាត់ឲ្យឈប់នេសាទប្រើឧបករណ៍ឆក់ទៀតហើយ៖ «ពាក់ព័ន្ធជាមួយបញ្ហាហ្នឹងដោយសារខាងយើងបានផ្សព្វផ្សាយច្បាប់ជលផលដល់ពួកគាត់ ហើយក៏យកឧបករណ៍ដុតជានិមិត្តរូប នៅពេលដែលយើងផ្សព្វផ្សាយហើយ អភិបាលខេត្តក៏បានចុះណែនាំច្រើនហើយ អធិការកិច្ចរបស់ខណ្ឌគាត់ចុះរាល់ថ្ងៃ អ៊ីចឹងវាអត់មាននរណាទៅលួចធ្វើអីដាក់ឧបករណ៍ដូចការចោទប្រកាន់ទេ ព្រោះថា ពួកយើងចុះរាល់ថ្ងៃ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា អាជ្ញាធរជលផលឃុបឃិតបទល្មើសជាមួយអ្នកនេសាទខុសច្បាប់នោះ លោក ចក់ ស៊ីនាថ បដិសេធថា នោះជាការយល់ច្រឡំ ព្រោះថា អាជ្ញាធរតែងចុះបង្ក្រាបហើយមិនដែលប្រទះការនេសាទខុសច្បាប់ដូចការចោទប្រកាន់នោះទេ។ ការអះអាងនេះ ត្រូវបានប្រជានេសាទត្រើយកោះ ឆ្លើយតបទៅវិញថា គឺជាការអះអាងមិនទទួលខុសត្រូវ យករួចខ្លួន ហើយបទល្មើសនេសាទកំពុងតែកើតមាននៅពាសពេញសមុទ្រដដែល។
ប្រធានសហគមន៍នេសាទខេត្តកែប លោក ចក់ នី ក៏បញ្ជាក់ដែរថា បទល្មើសនេសាទនៅខេត្តកែប កំពុងកើតមានយ៉ាងអាធិបតេយ្យ តែសហគមន៍លោកមិនហ៊ានចេញបង្ក្រាបដោយសារអាជ្ញាធរបានព្រមានមិនឲ្យមន្ត្រីសហគមន៍លោកចេញមុខធ្វើសកម្មភាព។
ដើម្បីរក្សាការពារធនធានធម្មជាតិនិងជលផលសមុទ្រពីការបំផ្លិចបំផ្លាញ សហគមន៍នេសាទមួយចំនួនត្រូវបានបង្កើតឡើងដោយប្រជាសហគមន៍ នៅក្នុងខេត្តកែប និងខេត្តកំពត។ សហគមន៍ទាំងនោះមានដូចជា សហគមន៍ត្រើយកោះ សហគមន៍ត្រពាំងសង្កែ សហគមន៍ប្រជានេសាទខេត្តកែប ជាដើម។
ដោយឡែកសហគមន៍ត្រើយកោះ បានធ្វើសកម្មភាពចេញមុខចាប់ឃាត់ទូកនេសាទខុសច្បាប់ញឹកញាប់ក្នុងរយៈពេលកន្លងមក ហើយប្រគល់ជនល្មើស និងវត្ថុតាងដូចជាទូកនេសាទឲ្យមន្ត្រីជលផលចាត់ការតាមច្បាប់ តែពួកគាត់បានរអ៊ូរទាំថា មន្ត្រីជលផលបែរជាដោះលែងជនល្មើសទៅវិញ។ ពួកគាត់បន្ថែម ដោយឃើញអាជ្ញាធរខេត្តមិនអើពើបង្ក្រាបបទល្មើសដូច្នេះ ទើបពួកគាត់ចេញមុខបង្ក្រាបបទល្មើសនេសាទរាល់យប់ដោយខ្លួនឯង ក៏ប៉ុន្តែពួកគាត់ត្រូវបានតុលាការកោះហៅទៅសាកសួរកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ហើយបង្គាប់មិនឲ្យចេញមុខបង្ក្រាបបទល្មើសបន្តទៅទៀត ដោយសំអាងថា ពួកគាត់ជាជនស៊ីវិលមិនមានសិទ្ធិបង្ក្រាបបទល្មើស និងឃុំខ្លួនមនុស្សបាន។
សព្វថ្ងៃបើទោះជាមានសហគមន៍ច្រើនយ៉ាងនេះក្ដី ក៏បទល្មើសការកាប់បំផ្លាញព្រៃលិចទឹក ជាពិសេសព្រៃកោងកាង ដែលជាជម្រកមច្ឆជាតិ និងបទល្មើសនេសាទនឹងនៅតែកើតឡើងមិនចេះចប់។ ពួកគាត់បានអំពាវនាវដល់តំណាងរាស្ត្រនិងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចុះមកពិនិត្យមើលស្ថានភាពនេះផ្ទាល់ ដើម្បីលប់បំបាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព បើមិនដូច្នោះទេ ជលផលនេសាទនិងហិនហោចនៅពេលដ៏ខ្លីខាងមុខនេះមិនខាន៕
Bagikan
សហគមន៍នេសាទត្រើយកោះខេត្តកំពតប្រឈមនឹងបញ្ហាខ្វះស្បៀង
4/
5
Oleh
Unknown