Dec 26, 2014

ក្រុម​ការងារ​ចរចា​បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​ត្រង់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បោះ​ឆ្នោត

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០
ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ ខ្វែង​គំនិត​គ្នា​ត្រង់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត។ ទំនាស់​នេះ កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​របស់​ក្រុម​ការងារ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ នៅ​វិមាន​រដ្ឋសភា។
គណបក្ស​ប្រឆាំង ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្រើ​ប័ណ្ណ​បោះ​ឆ្នោត​ដូច​សម័យ​អ៊ុនតាក់ (UNTAC) ខណៈ​ដែល​បក្ស​កាន់​អំណាច មាន​បំណង​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដូច​ការ​បោះ​ឆ្នោត​លើក​មុនៗ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ដំណើរ​ការ​អស់​រយៈពេល​ជាង ១​ម៉ោង​រួច​មក ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ មិន​កៀក​ដៃ​គ្នា​ដើរ​រក​អ្នក​កាសែត​ដូច​ពេល​មុនៗ​ទេ។ ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បន្ត​ជជែក​គ្នា​ជាមួយ​សមាជិក​របស់​ខ្លួន​ពី​រឿងរ៉ាវ​ដែល​កើត​មាន​នៅ​ក្នុង​ពេល​ប្រជុំ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ខ្លះ​ដើរ​ចេញ​ពី​កន្លែង​ប្រជុំ​ទៅ​ផ្ទះ​មុន ហើយ​មាន​តែ លោក គួយ ប៊ុនរឿន ម្នាក់​ប៉ុណ្ណោះ ដែល​ងើប​មក​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត។

ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​ទាំងអស់ អាច​បោះ​ឆ្នោត​បាន​ដោយ​ប្រើ​អត្តសញ្ញាណ​តែ​មួយ ដើម្បី​ទប់ស្កាត់​បញ្ហា​ដែល​កើត​មាន​ឡើង​ដូច​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ការ​ប្រើប្រាស់​ប័ណ្ណ​បោះ​ឆ្នោត​ដោយ​ឡែក នឹង​អាច​ការពារ​បញ្ហា​បាន​ច្រើន ដូចជា​ការ​បាត់​ឈ្មោះ ខុស​ឈ្មោះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​តែ​នឹង​ចិត្ត​នោះ​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​គ្រប់ៗ​គ្នា​មុន​ឆ្នាំ​២០១៧ ដើម្បី​ងាយ​ស្រួល​យក​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ធ្វើ​ប័ណ្ណ​បោះ​ឆ្នោត​នោះ ក៏​នៅ​តែ​មាន​បញ្ហា​ដូច​គ្នា​ដដែល ហើយ​ដំណោះស្រាយ​ចុង​ក្រោយ ក៏​នៅ​តែ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​អ្នក​បោះ​ឆ្នោត​ដោយ​ជៀស​មិន​រួច។

ទោះ​ជា​យ៉ាង​ណា​ក្តី សមាជិក​សម្ព័ន្ធ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អ៊ឺរ៉ា (ERA) លោក យង់ គិមអេង លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​បើក​ចំហ​ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ទើប​ធ្វើ​ឲ្យ​ច្បាប់​ថ្មី​នោះ​អាច​ទទួល​យក​បាន​ពី​គ្រប់​មជ្ឈដ្ឋាន។ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​កំពុង​បិទ​ទ្វារ​ចរចា​រក​ប្រយោជន៍​រៀងៗ​ខ្លួន​ប៉ុណ្ណោះ បើ​ទោះ​ជា​ខ្វែង​គំនិត​គ្នា ឬ​ត្រូវរ៉ូវ​គ្នា​ក៏ដោយ។

ទោះ​យ៉ាង​ណា​ក៏ដោយ បំណង​របស់​បក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្រើ​ប័ណ្ណ​បោះ​ឆ្នោត​ដូច​សម័យ​អ៊ុនតាក់​នោះ ក៏​ដូច​នឹង​សេចក្តី​ព្រាង​ច្បាប់​របស់​សម្ព័ន្ធ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែរ។ មក​ដល់​ពេល​នេះ គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ត្រង់​ជំពូក​ទី​៦ ដែល​និយាយ​ពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូចជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត របៀប​ចុះ​ឈ្មោះ ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ឯកសារ​សម្គាល់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត ជាដើម។

ប្រធាន​ក្រុម​ចរចា​គណបក្ស​ទាំង​ពីរ​សន្យា​ថា នៅ​ពេល​ចរចា​គ្នា​រួច​រាល់ នឹង​ធ្វើ​សិក្ខា​សាលា​មួយ​ផ្សព្វផ្សាយ​ពី​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ ដើម្បី​ស្នើសុំ​យោបល់​ពី​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ។ ភាគី​ទាំង​ពីរ នឹង​បន្ត​ចរចា​គ្នា​ទៀត​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​ក្រោយ៕

Bagikan

Jangan lewatkan

ក្រុម​ការងារ​ចរចា​បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​ត្រង់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បោះ​ឆ្នោត
4/ 5
Oleh

Subscribe via email

Suka dengan artikel di atas? Tambahkan email Anda untuk berlangganan.