សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋរបស់មន្ត្រីដឹកនាំខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន មានប្រសាសន៍ថា នឹងស្វែងរកដីសង្គមកិច្ចសម្រាប់ផ្តល់ជូនពលរដ្ឋក្រីក្រ ឬមានជម្លោះដីធ្លី ហើយត្រូវការដីធ្លីសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផលជាដើម។ លោកថា អាជ្ញាធរខេត្តបានកំណត់ទីតាំងដីសម្បទានសេដ្ឋកិច្ចមួយកន្លែង មានទីតាំងនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបែងចែកជូនពលរដ្ឋខ្វះដីពិតប្រាកដ និងមានជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងទៅ។
លោក ឈិត សុខុន បន្ថែមថា អាជ្ញាធរខេត្តកំពុងចុះស្រង់ស្ថិតិចំនួនពលរដ្ឋរស់នៅតំបន់ក្បាលឆាយ ជិត ២០០គ្រួសារ ដែលត្រូវទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ឬសាលាខេត្តក្នុង ១គ្រួសារៗចំនួនកន្លះហិកតារ ជាថ្នូរឲ្យចាកចេញពីតំបន់ហាមឃាត់ក្បាលឆាយ។
បន្តមកទៀត លោក ឈិត សុខុន បញ្ជាក់ថា អាជ្ញាធរខេត្តក៏នឹងបែងចែកដីធ្លីជូនពលរដ្ឋនៅតំបន់ស្ពានឆេះ ខេត្តព្រះសីហនុ ដែលគ្មានដីសង់លំនៅឋាន និងបង្កបង្កើនផលពិតប្រាកដ៖ «សំឡេង»។
អភិបាលខេត្តព្រះសីហនុ បន្ថែមថា ទំនាស់ដីធ្លីនៅតាមសហគមន៍នានាក្នុងមូលដ្ឋាននេះ អាជ្ញាធរខេត្តនឹងដោះស្រាយជាជំហានៗ ដោយផ្អែកលើស្ថានភាពជាក់ស្តែង។ ការអះអាងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដូច្នេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងមួយចំនួននាមូលដ្ឋានខេត្តជាប់មាត់សមុទ្រមួយនេះ។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ឃុន សាវឿន បានគាំទ្រប្រសាសន៍របស់ លោក ឈិត សុខុន ក្នុងការស្វែងរកយុត្តិធម៌ ឬជួយដោះស្រាយទំនាស់ដីធ្លីនាខេត្តព្រះសីហនុ ឲ្យចប់ជាស្ថាពរ។ លោកបន្តថា បើដូចអ្វីដែលថ្នាក់ដឹកនាំបានសន្យា គឺត្រូវតែជួយដោះស្រាយ និងស្វែងរកដីសង្គមកិច្ចចែកជូនពលរដ្ឋ៖ «សំឡេង»។
បញ្ហានេះដែរ លោក លី ឌី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មកពីគណបក្សសង្គ្រោះជាតិ បានកោតសរសើរការដុតដៃដុតជើង ដើម្បីដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពេលនេះ។ ប៉ុន្តែលោកស្នើដល់អាជ្ញាធរ មុននឹងជម្លៀសពលរដ្ឋចេញពីទីតាំងណាមួយ ត្រូវអភិវឌ្ឍឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទីផ្សារ និងប្រព័ន្ធទឹកភ្លើង ជាដើម៖ «សំឡេង»។
ទាក់ទិនបញ្ហានេះ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា ចាប់ពីដើមឆ្នាំ២០១៥ តទៅ រូបលោកនឹងជំរុញឲ្យគណៈកម្មការជំនាញនៅក្នុងរដ្ឋសភា បើកការស៊ើបអង្កេតជុំវិញទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ១០សហគមន៍នៅខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីធ្ងន់ធ្ងរ។ ជាងនេះ លោកក៏មានគម្រោងកោះហៅអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពរំលោភដីធ្លីប្រជាពលរដ្ឋ ឲ្យមកបំភ្លឺក្នុងរដ្ឋសភានាថ្ងៃអនាគត៕
Bagikan
អភិបាលខេត្តព្រះសីហនុប្ដេជ្ញាស្វែងរកដីសង្គមកិច្ចផ្ដល់ជូនពលរដ្ឋក្រីក្រនិងគ្មានដីធ្លី
4/
5
Oleh
Unknown