ជំនួបកំពូលនោះ ចិន តាមរយៈលោកនាយករដ្ឋមន្រ្តីលី ខឺជំាងបានបង្ហើបឲ្យដឹងពីគម្រោងបង្កើនវិនិយោគនៅក្នុងតំបន់ ដោយផ្តោតពិសេសលើវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។ អ្វីជាការកត់សម្គាល់ គម្រោងបង្កើនវិនិយោគរបស់ចិននៅអឺរ៉ុបកណ្តាល និងខាងកើតពេលនេះបានធ្វើឡើង ចំពេលដែលរុស្ស៊ីបានដាក់ទ័ណ្ឌកម្មតបនឹងអឺរ៉ុបនៅក្នុងវិបត្តិអ៊ុយក្រែន។
វិស័យដឹកជញ្ជូនដោយតភ្ជាប់ពីតំបន់មួយទៅតំបន់មួយត្រូវបានចិនចាត់ទុកជាវិស័យអាទិភាពមួយមិនអាចខ្វះបាន ព្រោះអត្រាដោះដូរពាណិជ្ជកម្មចំនួន ៨០% រវាងចិន និងបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតត្រូវបានធ្វើឡើងតាមផ្លូវសមុទ្រ។ អ៊ីចឹងហើយបានជាលោកនាយករដ្ឋមន្រ្តីចិនលី ខឺជំាងបានបញ្ជាក់ថា ចិននឹងស្នើឲ្យមានការសាងសង់ផ្លូវលឿនមួយដោយតភ្ជាប់ពីផ្លូវរថភ្លើងឆ្លងកាត់រវាងប្រទេសហុងគ្រី និងប្រទេសស៊ែប៊ីទៅនឹងកំពុងផែពីរ៉េក្នុងប្រទេសក្រិក។ កិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាងហុងគ្រី និងស៊ែប៊ីត្រូវចុះហត្ថលេខានាឱកាសជំនួបកំពូលសេដ្ឋកិច្ចប្រចំាឆ្នំាលើកទី៣ រវាងចិន និង១៦ប្រទេសអឺរ៉ុបប៉ែកកណ្តាល និងខាងកើតក្នុងទីក្រុងប៊ែក្រាដ ប្រទេសស៊ែប៊ីពេលនេះ។ គួរជម្រាបជូនថា ចិនដែលកំពុងមានរូបិយវត្ថុបរទេសជាច្រើនក្នុងដៃកំពុងសម្លឹងឃើញលើគម្រោងវិនិយោគនៅបរទេស ពិសេសក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងវិស័យឧស្សាហកម្ម។
រហូតមកដល់ពេលនេះ ទំហំវិនិយោគរបស់ចិននៅក្នុងតំបន់ហាក់ដូចជាមិនទាន់បានឆ្លើយតបនឹងមហិច្ឆតារបស់ចិនដែលបានប្រកាសនាជំនួបកំពូលលើកទី១ កាលពីឆ្នំា ២០១២ ក្នុងប្រទេសប៉ូឡូញ និងលើកទី២ កាលពីឆ្នំា ២០១៣ ក្នុងប្រទេសហុងគ្រីនៅឡើយទេ។ ក្រៅពីប្រទេសហុងគ្រី និងស៊ែប៊ីដែលចិនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនោះ នៅមានប្រទេសខ្លះទៀតដែលទំហំវិនិយោគរបស់ចិននៅស្តួចស្តើង ដូចយ៉ាងឆែក ស្លូវ៉ាគី ស្លូវេនី និងក្រុមប្រទេសបាល់។ ជាក់ស្តែងប៉ូឡូញដែលទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មជាមួយចិនមានមិនដល់ ៣០០លានអឺរ៉ូផងក្នុងឆ្នំា ២០១៣ និងមានប្រទេសខ្លះទៀត ដូចយ៉ាងរូម៉ានីបែរជាធ្លាក់ចុះទៅវិញ។
តែបើពិនិត្យជារួម ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មរវាងចិន និងក្រុមប្រទេសអឺរ៉ុបប៉ែកកណ្តាល និងខាងកើតមានការកើនឡើងចំនួន ៣ ៩០០លានអឺរ៉ូក្នុងឆ្នំា ២០១៤ ពោលមានទឹកប្រាក់សរុប ៤៨ ០០០លានអឺរ៉ូ។ យ៉ាងណាក៏ដោយ មានប្រទេសខ្លះ ដូចយ៉ាងប៉ូឡូញដែលជាសមាជិកសហភាពអឺរ៉ុប និងដែលកំពុងទទួលរងទ័ណ្ឌកម្មពីរុស្ស៊ីទាក់ទងនឹងវិបត្តិអ៊ុយក្រែនសង្ឃឹមថា ខ្លួនអាចនឹងបង្កើនការនំាចេញផលិតផលទៅកាន់ប្រទេសចិន ពិសេសផលិតផលកសិចំណីអាហារ៕
Bagikan
ចិនសន្យាបង្កើនវិនិយោគនៅអឺរ៉ុបកណ្តាល និងខាងកើត ចំពេលដែលរុស្ស៊ីដាក់ទ័ណ្ឌកម្មប្រឆំាងអឺរ៉ុបក្នុងរឿងអ៊ុយក្រែន
4/
5
Oleh
Unknown