ចាប់ខ្លួននោះ អាជ្ញាធរខ្មែររឹបអូសបានរថយន្តត្រើយស្ទូច និងដឹកឈើ ចំនួន ៤គ្រឿង យកមកដាក់នៅតុលាការខេត្តព្រះវិហារផង។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ ឱ្យដឹងថា គេកំពុងតាមឃ្លាំមើលចំណាត់ការតាមផ្លូវច្បាប់របស់តុលាការទៅលើបុរសជនជាតិវៀតណាម ៤នាក់ ដែលលបលួចចូលមកកាប់ឈើខុសច្បាប់ក្នុងទឹកដីខ្មែរដោយប្រើរថយន្តធំៗ។
ការតាមឃ្លាំមើលនេះគឺនៅស្របពេលដែលគេព្រួយបារម្ភថា ស្ថាប័ននេះអាចនឹងមិនហ៊ានអនុវត្តច្បាប់ប្រឆាំងនឹងជនជាតិវៀតណាម ទាំងនោះ ហើយអាចដោះលែងទៅវិញ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ថា កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ គឺមានជនជាតិវៀតណាម ចំនួន ៥នាក់ បានលួចឆ្លងដែនតាមប្រទេសឡាវ ហើយចូលមកកាប់ឈើខុសច្បាប់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក ឡោ ចាន់ បញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចខ្មែរចុះបង្ក្រាបបទល្មើសព្រៃឈើ គឺបានចាប់ខ្លួនបុរសជនជាតិវៀតណាម ចំនួន ៤នាក់ ឯម្នាក់ទៀតបានគេចខ្លួនរួច។
លោក ឡោ ចាន់ ជំរុញឱ្យតុលាការខេត្តព្រះវិហារ ត្រូវតែផ្ដន្ទាទោសទៅលើជនជាតិវៀតណាម ទាំងនោះ ពីព្រោះពួកគេចូលមកកម្ពុជា គ្មានលិខិតឆ្លងដែន ព្រមទាំងបំផ្លាញព្រៃឈើផង៖ «វៀតណាមមកតាមកំពង់ស្រឡៅឆ្លងចូលមកប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាត គ្មានលិខិតឆ្លងដែន។ សមាគមអាដហុក ស្នើសុំឱ្យតុលាការខេត្តព្រះវិហារ មានការដាក់ទោសឱ្យយុត្តិធម៌»។
ទោះយ៉ាងណា មន្ត្រីតុលាការខេត្តព្រះវិហារ បានច្រានចោលព័ត៌មានដែលថា មានការចាប់ខ្លួនជនជាតិវៀតណាម ចូលមកកាប់ឈើខុសច្បាប់គឺជារឿងមិនពិត។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក លី លន់ មានប្រសាសន៍ថា តុលាការបានចោទប្រកាន់បុរស ៤នាក់ ដែលរដ្ឋបាលព្រៃឈើចាប់ខ្លួននោះ ពីបទប្រមូលផលព្រៃឈើដោយប្រើរណាយន្តខុសច្បាប់ ក៏ប៉ុន្តែលោកបដិសេធថា បុរសទាំង ៤ មិនមែនជាជនជាតិវៀតណាម ដែលលួចចូលមកកាប់ឈើក្នុងទឹកដីខ្មែរដូចការអះអាងនោះទេ គឺពួកគេសុទ្ធតែជាជនជាតិខ្មែរ។
លោកព្រះរាជអាជ្ញាបញ្ជាក់ថា បច្ចុប្បន្នជនទាំង ៤នាក់ ត្រូវឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ឯការចោទប្រកាន់ពីបទប្រមូលផលព្រៃឈើដោយប្រើរណារយន្ត គឺបុរសទាំង ៤ អាចប្រឈមមុខនឹងការមានទោស៖ «ប្រមូលទោសវា ២ឆ្នាំ ទៅ ៥ឆ្នាំ»។
ទោះយ៉ាងណា សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ នៅតែអះអាងថា បុរសទាំង៤ គឺពិតជនជាតិវៀតណាម ដែលចូលមកកាប់ឈើខុសច្បាប់ក្នុងទឹកដីខ្មែរ ពីព្រោះប៉ុន្មានថ្ងៃមុនគេដឹងថា នៅពេលតុលាការសាកសួរ គឺជនជាប់ចោទបានទាមទារឱ្យមានអ្នកបកប្រែភាសា។
ចំណែកមន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ក៏អះអាងប្រហាក់ប្រហែលគ្នាដែរ ដោយសារមន្ត្រីតុលាការខ្លះបានប្រាប់លោកថា បុរសទាំង ៤ ដែលចាប់ខ្លួនពីស្រុកជាំក្សាន្ត ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នោះ គឺជនជាតិវៀតណាម សុទ្ធមិនចេះនិយាយភាសាខ្មែរទេ៕
Bagikan
សង្គមស៊ីវិលខេត្តព្រះវិហារឃ្លាំមើលចំណាត់ការរបស់តុលាការលើវៀតណាម៤នាក់
4/
5
Oleh
Unknown