ការអះអាងនេះ ត្រូវបានមន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលឃ្លាំមើលសវនាការអ្នកទាំង១១នាក់ បានឲ្យដឹងថា ការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឡើងតាមការស្នើរបស់មេធាវីការពារក្ដី គឺលោក ជូង ជូងី។
ក្នុងសវនាការដែលដឹកនាំដោយ ប្រធានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ីឡាយ បានប្រកាសបើកសវនាការជំនុំជម្រះ កាលពីព្រឹកមិញ ហើយតុលាការត្រូវការពេលវេលា យ៉ាងហោចណាស់បីថ្ងៃ ដើម្បីបញ្ចប់សំណុំរឿងនេះ។ តែលោកមិនកំណត់ថាធ្វើឡើង នៅថ្ងៃបន្ទាប់ជាក់លាក់នៅឡើយ។
តុលាការបានចោទប្រកាន់ សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នោះ ពីបទធ្វើកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។
ក្នុងចំណោមសកម្មជន១១នាក់ មាន៥នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនរបស់តុលាការ នៅពន្ធនាគារព្រៃស រួមមានបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា សកម្មជនបក្ស លោក អ៊ុក ពេជ្រ សំណាង លោក ទេព ណារិន លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ ចំណែកសកម្មជន៦នាក់ផ្សេងទៀត ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន មានឈ្មោះ សាន គឹមហេង នាង សុឃុន ឃិន ជំរឿន សាន សីហៈ អាន បឋម និងអឿ ណារិទ្ធិ។
កាលពីព្រឹកថ្ងៃទី ២៥ ធ្នូ នេះមានពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ជិត២០០នាក់ និងមន្ត្រីសង្គមស៊ីវិល កំពុងតាមដានសវនាការ នៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ។
សូមរង់ចាំអាន និងស្ដាប់លទ្ធផលសវនាការរបស់តុលាការ ក្នុងកម្មវិធីផ្សាយនៅយប់នេះ ដោយលោក ម៉ម មុនីរតន៍។
Bagikan
សកម្មជនបក្សសង្គ្រោះជាតិចំនួន៥នាក់អាចនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
4/
5
Oleh
Unknown