ប៉ូលិសការពារព្រំដែននៅតំបន់នោះពាក់ព័ន្ធឃុបឃិត។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតករណីកាប់បំផ្លាញព្រៃឈើថ្មីមួយកន្លែងទៀត នៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអង្គការនេះចុះស៊ើបអង្កេតតាមសេចក្តីរាយការណ៍របស់អ្នកភូមិ ដែលបានប្រទះឃើញឈើមូលរាប់រយដើម នៅចំណុចបង្គោលព្រំដែនខ្មែរលេខ២៨ ក្នុងភូមិភិ ឃុំសេសាន ខេត្តរតនគិរី ត្រូវគេកាប់ ហើយដឹកជញ្ជូនតាមរថយន្តចូលទៅប្រទេសវៀតណាម តាំងពីរដូវប្រាំងរហូតបច្ចុប្បន្ន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ក្រុមការងារបានរកឃើញគំនរឈើ ទីតាំងកាប់ឈើ និងផ្លូវដឹកជញ្ជូនឈើចូលទៅប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែធ្នូ។ លោកកត់សម្គាល់ថា នេះគឺជាសកម្មភាពកាប់ឈើអនាធិបតេយ្យទ្រង់ទ្រាយធំមួយថ្មីទៀត ដែលជាប់សង្ស័យពាក់ព័ន្ធមន្ត្រីប៉ូលិសការពារព្រំដែននៅតំបន់នោះ៖ «យើងទៅល្បាតទៅម្តងអត់ជួប ទៅពីរដងអត់ជួប ទៅបីដងឃើញឡានយួនហ្នឹងណាវាយកទៅខ្លះ នៅសល់ខ្លះ វាមិនទាន់មកយក»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋឃុំប៉ក់ញ៉ៃ ឲ្យដឹងដែរថា ពលរដ្ឋវៀតណាម នៅតែបន្តចូលមកដីខ្មែរកាប់ឈើដឹកជញ្ជូនទៅទឹកដីវៀតណាម តាមច្រករបៀងប៉ុស្តិ៍ការពារព្រំដែនខ្មែរ នៅស្រុកអូរយ៉ាដាវ ច្រើនកន្លែង។ កាលពីថ្ងៃទី៩ ខែធ្នូ សហគមន៍ភូមិឡំ ចាប់បានរថយន្តដឹកឈើមួយគ្រឿងរបស់វៀតណាម ចូលមកដឹកឈើក្នុងដីខ្មែរនៅចំណុចប៉ុស្តិ៍ការពារព្រំដែនភូមិឡំ។
ឆ្លើយតបការអំពាវនាវនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក លី វិន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តចាត់ក្រុមការងារចុះអង្កេតករណីនេះហើយ។ លោកអះអាងថា ការស៊ើបអង្កេតកំពុងបន្តធ្វើ មិនទាន់ដឹងពីលទ្ធផលនៅឡើយ។
ថ្លែងស្រដៀងគ្នានេះដែរ ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់ថា នេះជាបទល្មើសប្រមូលផលអនុផលព្រៃឈើខុសច្បាប់ ក៏ប៉ុន្តែលោកថ្លែងបដិសេធមិនអធិប្បាយពីលទ្ធផលនៃការស៊ើបអង្កេតជនពាក់ព័ន្ធនោះទេ៖ «អាហ្នឹងវានៅស៊ើបអង្កេតនៅឡើយ អត់អាចប្រាប់បាន ប៉ុន្តែវាជាករណីប្រមូលផលព្រៃឈើខុសច្បាប់»។
ទាក់ទិនករណីរកឃើញបទល្មើសព្រៃឈើនេះដែរ ប្រជាសហគមន៍ភូមិភិ លោក រចំ ខាំ មានប្រសាសន៍បញ្ជាក់ថា ឈើដែលគេកាប់នៅតំបន់នោះជាប្រភេទឈើមូលលេខ១ ត្រូវគេអារជាឈើជ្រុងកាត់ជាកង់។ ការកាប់យកឈើក្នុងដីខ្មែរនេះជាក្រុមពលរដ្ឋវៀតណាម ក្នុងនោះក៏មានការបើកដៃពីសមត្ថកិច្ចការពារព្រំដែននៅតំបន់នោះដែរ៖ «តំបន់នោះមានកាប់ឈើសន្ធឹកសន្ធាប់ តំបន់បង្គោលឡាក់ឈើផ្លូវ ប៉ុន្តែគំនរឈើធំយើងអត់ឃើញវាដឹកចេញភ្លាម»។
ទោះជាយ៉ាងនេះក្តី មន្ត្រីខេត្តសុំមិនឲ្យបញ្ចេញឈ្មោះមួយរូបឲ្យដឹងថា សកម្មភាពកាប់ឈើនោះឋិតនៅជាប់នឹងតំបន់ស នៃព្រំដែនប្រទេសកម្ពុជា ក្នុងនោះមានជនជាតិវៀតណាម និងមន្ត្រីប៉ូលិសការពារព្រំដែនវរ៦២៣ រួមទាំងប្រជាពលរដ្ឋនៅតំបន់នោះបានទៅកាប់រានព្រៃដើម្បីយកដី៕
Bagikan
ពលរដ្ឋខេត្តរតនគិរីជិតព្រំដែនវៀតណាមអះអាងថាឈើមូលត្រូវគេលួចកាប់សាជាថ្មី
4/
5
Oleh
Unknown