ទប់ស្កាត់ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជា មិនឲ្យចូលរួមបោះឆ្នោត។
ការជំទាស់នេះ ធ្វើឡើងនៅបន្ទាប់ពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ បង្ហាញព្រះទ័យថា នឹងធ្វើសំណើទៅរដ្ឋាភិបាលនៅពេលខាងមុខនេះ ឲ្យរៀបចំតាក់តែងច្បាប់ហាមមិនឲ្យព្រះសង្ឃបោះឆ្នោត ក្រោមហេតុផលដើម្បីសេចក្ដីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា។
សម្ដេចព្រះសង្ឃរាជ ទេព វង្ស ខាងមហានិកាយ និងសម្ដេចព្រះសង្ឃរាជ បួរ គ្រី ខាងធម្មយុត្តិកនិកាយ ប្រកាសជំហរជាធ្លុងមួយថា ច្បាប់ស្ដីពីការមិនអនុញ្ញាតឲ្យបព្វជិតចូលរួមនៅក្នុងសង្គម និងសិទ្ធិបោះឆ្នោត គ្រោងនឹងដាក់សំណើទៅរដ្ឋាភិបាលក្នុងពេលខាងមុខនេះ ប្រឆាំងការចូលរួមសកម្មភាពនានារបស់ព្រះសង្ឃទាំងអស់នៅក្នុងសង្គម ក្នុងន័យដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។
ការប្រកាសនេះ ធ្វើឡើងនៅក្នុងមហាសន្និបាតអនុសំវច្ឆរៈលើកទី២៣ ដែលរៀបចំនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ។
ប្រតិកម្មរឿងនេះ ព្រះសង្ឃដែលចូលរួមយ៉ាងសកម្មជុំវិញការទាមទារសិទ្ធិមនុស្ស និងធ្វើបាតុកម្មក្នុងពេលកន្លងទៅ ចាត់ទុកថា គម្រោងការនេះ គឺជាហេតុផលនយោបាយជាជាងឆន្ទៈដើម្បីលើកស្ទួយព្រះពុទ្ធសាសនា។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ប្រធានសមាគមបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មានថេរដីកាថា ព្រះអង្គជំទាស់នឹងគម្រោងការតាក់តែងច្បាប់ មិនឲ្យអនុញ្ញាតព្រះសង្ឃមានសិទ្ធិចូលរួមបោះឆ្នោតនេះ។ ព្រះអង្គយល់ឃើញថា ការពិតគម្រោងការនេះ គឺជាចេតនានយោបាយសុទ្ធសាធ ពុំមានហេតុផលណាមួយដែលរកឃើញថា ការចូលរួមរបស់ព្រះសង្ឃនៅក្នុងសង្គម ផ្ទុយនឹងច្បាប់រដ្ឋ និងខុសវិន័យរបស់ព្រះពុទ្ធសាសនានោះទេ៖ «សំឡេង»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ មានថេរដីកាទៀតថា រឿងដែលគប្បីត្រូវខ្វល់ខ្វាយនោះ គឺសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គួរស្នើឲ្យមានច្បាប់គ្រប់គ្រងគរុភណ្ឌរបស់វត្ត រួមមានដីវត្ត និងប្រឆាំងការចាប់ព្រះសង្ឃផ្សឹកដោយច្បាប់របស់រដ្ឋ ជាដើម ទើបជាមធ្យោបាយល្អប្រសើរសម្រាប់ជាតិ និងព្រះពុទ្ធសាសនា។ ជាងនេះទៀត គួរជំរុញឲ្យរដ្ឋាភិបាលពង្រឹងច្បាប់អន្តោប្រវេសន៍ឲ្យបានម៉ឺងម៉ាត់ ប្រសើរជាជាងយកច្បាប់ទប់ស្កាត់ព្រះសង្ឃដែលរកផលប្រយោជន៍សម្រាប់សង្គម។
របាយការណ៍របស់ក្រសួងធម្មការ និងសាសនា ដែលចេញផ្សាយនៅក្នុងមហាសន្និបាតអនុសំវច្ឆរៈលើកទី២៣ បញ្ជាក់ថា គិតមកដល់ពេលនេះ ព្រះសង្ឃសរុបនៅក្នុងប្រទេសកម្ពុជា ជិត ៦ម៉ឺនអង្គ (៥៧.៥៧៣នាក់) ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់។ ទន្ទឹមនឹងនោះ មានវត្តសរុបជិត ៥ពាន់វត្ត (៤.៦៧៦នាក់) នាពេលបច្ចុប្បន្ន។
មានថេរដីកានៅក្នុងមហាសន្និបាតអនុសំវច្ឆរៈ នៅថ្ងៃទី១៧ ខែធ្នូ សម្ដេចព្រះសង្ឃរាជទាំងពីរព្រះអង្គ មានថេរដីកាថា ព្រះអង្គនឹងស្នើទៅរដ្ឋាភិបាល ដើម្បីជំរុញឲ្យតាក់តែងច្បាប់ទប់ស្កាត់ព្រះសង្ឃ ក្នុងការចូលរួមបោះឆ្នោតគាំទ្រ ឬថាធ្វើសកម្មភាពប្រឆាំងគណបក្សនយោបាយនានា។ ការធ្វើដូចនេះ គឺដើម្បីឲ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន សម្រាប់ប្រតិបត្តិ និងកសាងជំនឿពីពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនា។
ផ្ទុយពីនេះ ព្រះគ្រូចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា ព្រះអង្គមានថេរដីកាថា ជំហររបស់សម្ដេចព្រះសង្ឃរាជទាំងពីរព្រះអង្គ ដែលចង់ឲ្យមានច្បាប់នេះ ទំនងជាហេតុផលនយោបាយដែលទទួលសម្ពាធពីប្រទេសជិតខាង និងជាឆន្ទៈបម្រើឲ្យគណបក្សនយោបាយកាន់អំណាចច្រើនជាងទៅវិញទេ៖ «សំឡេង»។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) យល់ឃើញថា ប្រសិនបើច្បាប់នេះចេញដូចការគ្រោងទុកមែន លោកចាត់ទុកថា នោះនឹងធ្វើឲ្យខាតបង់សន្លឹកឆ្នោត ជាពិសេសសំឡេងឆ្នោតគណបក្សកាន់អំណាចទៅវិញទេ។ លោកបន្តថា ការពិតការចូលរួមបោះឆ្នោតពីព្រះសង្ឃ គឺគ្រាន់តែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះ ហើយក៏ពុំមែនផ្ទុយពីច្បាប់អ្វីដែរ។ ជាងនេះទៀត លោកអះអាងថា ប្រសិនបើធ្វើដូចនេះមែននោះ គឺជាការរំលោភសិទ្ធិមនុស្សសម្បើមណាស់៖ «សំឡេង»។
ការប្រកាសពីគម្រោងស្នើឲ្យរដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់មិនឲ្យព្រះសង្ឃចូលរួមបោះឆ្នោត និងសកម្មភាពនានាពាក់ព័ន្ធនឹងគណបក្សនយោបាយនេះ គឺស្របពេលព្រះសង្ឃចូលរួមយ៉ាងសកម្ម ទាមទារសិទ្ធិមនុស្ស និងធ្វើយុទ្ធនាការនានាក្នុងពេលកន្លងទៅ។
ទាំងអង្គការសង្គមស៊ីវិល និងព្រះសង្ឃផង យល់ឃើញថា បម្រាមនេះ គឺហាក់ផ្ទុយពីច្បាប់កំពូលរបស់ប្រទេសដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងរដ្ឋធម្មនុញ្ញមាត្រា៣៤ថ្មីចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ជាមួយគ្នានេះ មាត្រា៣៥ ក៏ចែងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
ក៏ប៉ុន្តែ ទាំងសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ កាលពីថ្ងៃទី៥ ខែធ្នូ និងជំហរនៅក្នុងថ្ងៃមហាសន្និបាតនៅពេលនេះ ចាត់ទុកថា សកម្មភាពរបស់ព្រះសង្ឃក្នុងសង្គមដែលចូលរួមយ៉ាងសកម្មនាពេលនេះ គឺផ្ទុយពីគោលការណ៍ព្រះពុទ្ធសាសនាទៅវិញ ហើយថែមទាំងអំពាវនាវឲ្យអាជ្ញាធរចូលរួមទប់ស្កាត់ទៀតផង៕
Bagikan
ព្រះសង្ឃប្រតិកម្មនឹងគម្រោងស្នើឲ្យបង្កើតច្បាប់មិនឲ្យព្រះសង្ឃចូលរួមបោះឆ្នោត
4/
5
Oleh
Unknown