អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០១៥ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយកងទាហាន បានកម្រើកឡើងវិញ។ ទំនាស់នោះ មានទាំងនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។នៅខេត្តព្រះវិហារ ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនៅស្រុកឆែប ត្រូវសមត្ថកិច្ចចាប់
ឃុំខ្លួនជាមួយកូនស្រីតូចអាយុ ៨ខែ បន្ទាប់ពីគាត់ដឹកនាំអ្នកភូមិតវ៉ារឿងដីធ្លីប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយហ្វេង (Ruy Feng) មក។
ប្រជាពលរដ្ឋជិត ១០០នាក់ មកពី ៤សហគមន៍ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន និងឃុំកន្ទួត ស្រុកស្វាយលើ បានលើកគ្នាមកសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមករា ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយកងទាហានជាច្រើនរយហិកតារ។
តំណាងប្រជាពលរដ្ឋមកពីតំបន់អូរផ្អាវ នៃឃុំស្រែណូយ ស្រុកវ៉ារិន គឺលោក ស៊ឹម សុផល។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមករា ថា ជិត ១ឆ្នាំមកហើយ អ្នកភូមិរបស់គាត់ចំនួន ១០៧គ្រួសារ មានទំនាស់ដីធ្លីជាមួយទាហានខ្លះនៃយោធភូមិភាគទី៤។ ប៉ុន្តែក្រោយមកទាហានបានប្រគល់ដីខ្លះមកឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការវិញ គឺនៅសល់ ១០៥ហិកតារទៀតមិនទាន់ប្រគល់នៅឡើយ។
លោក ស៊ឹម សុផល បញ្ជាក់ថា ដីស្រែចម្ការ ១០៥ហិកតារដែលកំពុងមានទំនាស់នោះ គឺជារបស់ប្រជាពលរដ្ឋ ៣៥គ្រួសារ ហើយប្រសិនបើទាហានមិនប្រគល់ឱ្យប្រជាពលរដ្ឋវិញទេ គឺអ្នកភូមិរបស់គាត់នឹងគ្មានដីធ្វើកសិកម្មទេ មានតែចំណាកស្រុក៖ «ខ្ញុំមកបំណងឱ្យអាជ្ញាធរខេត្តហ្នឹងចុះធ្វើអន្តរាគមន៍ ដោះស្រាយដីទំនាស់ពីកងទ័ពហ្នឹង។ កាលពីថ្ងៃទី១៦ (មករា) នេះ ទាហានទៅសង់ផ្ទះលើដីប្រជាពលរដ្ឋ»។
លោក ឆង វី គឺជាតំណាងប្រជាពលរដ្ឋតំបន់អូរកូនតឹង ឃុំស្រែណូយ ដែលបានដឹកនាំអ្នកភូមិមកតវ៉ានៅមុខសាលាខេត្តសៀមរាប ដែរ មានប្រសាសន៍ថា ទាហាននៃកងពលតូចអន្តរាគមន៍លេខ ៥ បានហាមឃាត់អ្នកភូមិមិនឱ្យទៅធ្វើចម្ការលើផ្ទៃដី ៩៦ហិកតារច្រើនឆ្នាំហើយ។ ទំនាស់នេះមិនទាន់មានអាជ្ញាធរថ្នាក់ណាដោះស្រាយនៅឡើយទេ។
លោក ភួង សូរិយា តំណាងប្រជាពលរដ្ឋតំបន់សង្កែធំ នៃឃុំស្រែណូយ ដែរ ឱ្យដឹងថា កន្លងទៅអ្នកភូមិរបស់លោកធ្លាប់មានទំនាស់ដីធ្លីជាមួយទាហាននៃកងពលតូចអន្តរាគមន៍លេខ៥ដែរ ក្រោយមកអាជ្ញាធរខេត្តបានចុះដោះស្រាយហើយប្រគល់ដី ៣៥០ហិកតារមកឱ្យអ្នកភូមិវិញ។ ទោះយ៉ាងដីដែលអាជ្ញាធរប្រគល់ឱ្យអ្នកភូមិវិញនោះ នៅមិនទាន់ធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយទេ។
ចំណែកប្រជាពលរដ្ឋ ១៨នាក់ មកពីភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ក៏លើកគ្នាមកសាលាខេត្តសៀមរាប ដើម្បីឱ្យជួយដោះស្រាយជុំវិញរឿងទាហានយោធភូមិភាគទី៤ បម្រុងសាងសង់ទំនប់ទឹកដែលអាចបង្កឱ្យមានផលប៉ះពាល់ដោយទឹកជំនន់ដែរ។
កាលពីព្រឹកថ្ងៃច័ន្ទ អាជ្ញាធរខេត្តសៀមរាប បានជួបប្រជុំជាមួយប្រជាពលរដ្ឋមកពីតំបន់អូរផ្អាវ តំបន់អូរកូនតឹង និងសង្កែធំ នៃឃុំស្រែណូយ ស្រុកវ៉ារិន ក៏ប៉ុន្តែទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ ដើម្បីបញ្ជាក់អំពីដំណោះស្រាយបានថាយ៉ាងណានៅឡើយ។
នៅខេត្តព្រះវិហារ ឯណោះវិញ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមករា ដែរ គឺប្រជាពលរដ្ឋប្រមាណ ១០០មកពីឃុំម្លូព្រៃ១ នៃស្រុកឆែប និងឃុំប្រមេរ ស្រុកត្បែងមានជ័យ បានលើកគ្នាទៅមុខតុលាការ ហើយទាមទារឱ្យដោះលែងបុរសឈ្មោះ សន វុទ្ធី និងស្ត្រីឈ្មោះ លឹម សុខឃីម ដែលសមត្ថកិច្ចចាប់ខ្លួនដោយសារតែការតវ៉ារឿងដីធ្លីប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយហ្វេង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា ក្រុមអ្នកភូមិទាមទារឱ្យតុលាការដោះលែងប្ដីប្រពន្ធ២នាក់នោះ ដោយគេយល់ថា គឺជារឿងអយុត្តិធម៌បំផុតនៅពេលដែលឪពុកម្ដាយជាប់ឃុំ ហើយក្មេងស្រីតូចម្នាក់អាយុ ៨ខែ មិនមានកំហុសអ្វីសោះ បែរជាត្រូវទៅនៅកន្លែងឃុំឃាំងដែរនោះ៖ «គេយល់ឃើញថា នេះគឺជាការរំលោភសិទ្ធិមនុស្ស ហើយក៏ជាការរំលោភសិទ្ធិកុមារ ពីព្រោះកូនង៉ាអាយុ ៨ខែ មិនអាចត្រូវជាប់ពន្ធនាគារទេ»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងព្រួយបារម្ភចំពោះការកម្រើកឡើងវិញនៃរឿងជម្លោះដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះវិហារ ពីព្រោះគេដឹងថា ជម្លោះដីធ្លីភាគច្រើនគឺអាជ្ញាធរដោះស្រាយមិនបានសមរម្យសម្រាប់ពលរដ្ឋទេ៕
Bagikan
ពលរដ្ឋនៅសៀមរាបនិងព្រះវិហារប្រឈមមុខរឿងដីធ្លីជាមួយទាហាននិងក្រុមហ៊ុនចិន
4/
5
Oleh
Unknown