មកសង្គ្រោះទាន់ពេលវេលា។ ដោយសារឃើញបញ្ហានេះ រដ្ឋាភិបាលចិន ផ្ដល់រថយន្តពេទ្យចំនួន ២០០គ្រឿងដល់កម្ពុជា។ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា សម្រេចប្រគល់រថយន្តពេទ្យចំនួន ២០០គ្រឿងដល់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ មករា ដើម្បីលើកកម្ពស់ការសង្គ្រោះព្យាបាលឲ្យបានល្អប្រសើរ និងទាន់ពេលវេលា។
ក្នុងពិធីប្រគល់ និងទទួល នាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៥ មករា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អ្នកស្រី ពូ ជៀនហ្គ័រ (Bu Jianguo) មានប្រសាសន៍ថា គោលដៅនៃការផ្ដល់រថយន្តសង្គ្រោះទាំងនេះ គឺសម្រាប់ចែកចាយទៅមន្ទីរពេទ្យដែលត្រូវការបំផុតនៅតាមបណ្ដាខេត្តក្រុងទាំង២៥ ទូទាំងប្រទេសកម្ពុជា៖ «ខ្ញុំបានស្វែងយល់ឃើញថា មន្ទីរពេទ្យច្រើននៅកម្ពុជា ជាពិសេសមន្ទីរពេទ្យដែលនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ខ្វះខាតរថយន្តសង្គ្រោះ ដែលត្រូវការដឹកជញ្ជូនអ្នកជំងឺ។ មានអ្នកជំងឺមួយចំនួនដែលត្រូវការសង្គ្រោះបន្ទាន់ បានខកខានរយៈពេលព្យាបាលដោយមានប្រសិទ្ធភាព ព្រោះតែរថយន្តសង្គ្រោះមិនគ្រប់គ្រាន់។ លើកនេះ រថយន្តសង្គ្រោះ ២០០គ្រឿងដែលជាជំនួយរបស់ភាគីចិន សុទ្ធតែមានកម្មសិទ្ធិបញ្ញាម្ចាស់ការរបស់ប្រទេសចិន។ ជារថយន្តមានបច្ចេកទេសពេញលេញ និងគុណភាពល្អ»។
ការប្រគល់រថយន្តសង្គ្រោះចំនួន ២០០គ្រឿងនេះ គឺធ្វើបន្ទាប់ពីការសន្យារបស់រដ្ឋាភិបាលចិន ក្នុងជំនួបរវាងទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតចិន ប្រចាំកម្ពុជា លោក សុង សៀវហ្គ័រ (Song Xiaoguo) និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង កាលពីខែមេសា ឆ្នាំ២០១៤។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីទទួលរថយន្តពេទ្យទាំងនោះថា រថយន្តសង្គ្រោះទាំង ២០០គ្រឿង ដែលមានបំពាក់ឧបករណ៍បរិក្ខារពេទ្យរួចជាស្រេចនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងការជួយអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា៖ «អំណោយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងសំខាន់ទៅនឹងសេចក្ដីត្រូវការចាំបាច់របស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស និងបានបញ្ជាក់ជាថ្មីទៀតនូវការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាល និងប្រជាជនចិន ដល់សុខុមាលប្រជាជនកម្ពុជា ជាពិសេសជួយជំរុញលើកកម្ពស់សុខភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ព្រមទាំងជាសក្ខីភាពនៃការរឹតចំណងមិត្តភាព សាមគ្គីភាពដ៏រឹងមាំ និងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។
កន្លងមក ពលរដ្ឋ និងស្ថាប័នមួយចំនួន ធ្លាប់ត្អូញត្អែរអំពីការខ្វះខាតរថយន្តសង្គ្រោះ និងសេវាសង្គ្រោះបន្ទាន់មិនគ្រប់គ្រាន់ ឬសមស្រប ដែលធ្វើឲ្យអ្នកជំងឺ ឬអ្នករបួសស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជាពិសេសអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ទីប្រឹក្សាឯករាជ្យខាងសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា ឲ្យដឹងថា ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនរងគ្រោះមិនបានទទួលការសង្គ្រោះដោយរថយន្តពេទ្យគ្រប់គ្រាន់ទេ៖ «សេវាសង្គ្រោះបន្ទាន់នៅក្នុងស្រុកខ្មែរយើង ជនរងគ្រោះចំនួនតិចជាង ៥០% ដែលទទួលបានសេវាសង្គ្រោះបន្ទាន់ គឺឡានដឹកជនរងគ្រោះមកមន្ទីរពេទ្យ»។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន អ្នកស្រី ពូ ជៀនហ្គ័រ ថ្លែងថា ក្រៅពីជំនួយរបស់រដ្ឋាភិបាលចិន ជួយកម្ពុជា លើការសាងសង់ស្ពានថ្នល់ ប្រព័ន្ធធារាសាស្ត្រកន្លងមក ចិន នឹងបន្តជួយគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កែលំអជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ហើយពង្រឹងកិច្ចសហប្រតិបត្តិការឲ្យរីកចម្រើនទៅមុខទៀត៕
Bagikan
រដ្ឋាភិបាលចិនប្រគល់រថយន្តពេទ្យ២០០គ្រឿងដល់ក្រសួងសុខាភិបាលកម្ពុជា
4/
5
Oleh
Unknown