អង្គការនេះបង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកដឹកនាំកាន់ដំណែងយូរជាងគេក្នុងពិភពលោក។ អង្គការនេះបានចាត់ទុកលោកថាជាមេដឹកនាំកាន់អំណាចយូរដោយប្រើប្រាស់មធ្យោបាយសំខាន់ៗមួយចំនួន រួមមានការប្រើអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ យ៉ាងណាមន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍នេះ ដោយចាត់ទុកអង្គការនេះថា ព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល។
ក្នុងរបាយការណ៍ដែលមានកម្រាស់ជាង ៧០ទំព័ររបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានរៀបរាប់ពីជីវិតក្នុងឆាកនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចកាន់កាប់អំណាចបានយូរ គឺនឹងចូលដល់ ៣០ឆ្នាំនៅពេលនេះ។
របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥។
របាយការណ៍ដដែលលើកឡើងទៀតថា លោក ហ៊ុន សែន ត្រូវដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេសគឺរដ្ឋាភិបាលទីក្រុងហាណូយ ដែលជ្រើសរើសលោកអោយកាន់តំណែង និងអាចបន្តតំណែងទៅមុខទៀតស្របតាមការអះអាងរបស់ លោក ហ៊ុន សែន នៅពេលកន្លងទៅ។
របាយការណ៍បញ្ជាក់ទៀតថា នៅក្នុងផ្នែកខ្លះ លោក ហ៊ុន សែន បានបង្ហាញអោយឃើញថា បានខិតខំប្រឹងប្រែងក្នុងឋានៈជាអ្នកដឹកនាំវ័យក្មេងក្នុងការនាំប្រទេសត្រឡប់ទៅឆាកអន្តរជាតិ និងបានសម្របសម្រួលអោយមានកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីឆ្នាំ១៩៩១។ ប៉ុន្តែក្នុងស្ថានភាពពិតគឺផ្ទុយគ្នាទៅវិញទេ ដ្បិតក្នុងតួនាទីជានាយករដ្ឋមន្ត្រី ជំនួសអោយការប្រើប្រាស់តួនាទីដើម្បីកែលំអវិស័យសុខាភិបាល ការអប់រំ និងបទដ្ឋានរស់នៅរបស់ពលរដ្ឋ លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅវិញ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំង។
ក្នុងពេលដែលលោក ហ៊ុន សែន កាន់អំណាចមានសកម្មជននយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន មេដឹកនាំសហជីពជាច្រើននាក់ត្រូវបានសម្លាប់ដោយចេតនានយោបាយ។ ករណីខ្លះដែលឃាតកត្រូវគេស្គាល់ ប៉ុន្តែពុំត្រូវស៊ើបអង្កេត ចោទប្រកាន់ ឬដាក់ទោសឡើយ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជារបាយការណ៍បំផ្លើសការពិត ព្យាយាមបំភ្លេចរាល់សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន៖ «សំឡេង»។
ទោះយ៉ាងណារបាយការណ៍នោះបានកត់ត្រាពីបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិចាប់តាំងពីលោកបានកាន់តួនាទីជាមេបញ្ជាការទ័ពខ្មែរក្រហម ក្នុងអំឡុងទសវត្ស៧០ ចំពោះការប្រព្រឹត្តប្រឆាំងជនជាតិចាម។ នៅក្នុងទសវត្ស៨០ ពេលលោកធ្វើជានាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការងារដោយបង្ខំ និងឃុំឃាំងមនុស្សជាប្រព័ន្ធ។ លុះក្នុងទសវត្ស៩០ លោកបានពាក់ព័ន្ធនឹងការកាប់សម្លាប់ក្រៅច្បាប់ក្នុងរដ្ឋប្រហារ ការគប់គ្រាប់បែកលើហ្វូងបាតុករ។ ក្នុងរយៈពេលចុងក្រោយនេះ លោកបានរារាំងដំណើរការរបស់សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម មិនគោរពគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោកហាក់បំភ្លេចចោលអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលរបស់លោកបានផ្ដល់សច្ចាប័ន រួមនឹងការគំរាមកំហែងជាច្រើនទៀតទៅអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល។ ស្របគ្នានេះកម្ពុជា ត្រូវរាយការណ៍ថា ប្រឈមនឹងបញ្ហាពុករលួយធ្ងន់ធ្ងរ រីឯលោក ហ៊ុន សែន មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែក្នុងរយៈពេលដែលលោកលេចមុខក្នុងតួនាទីដឹកនាំគិតពីឆ្នាំ១៩៧៩។
លោក ទិត សុធា បន្តថា របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បង្ហាញថា អង្គការនេះនៅតែបន្តផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រមុខដឹកនាំ និងរដ្ឋាភិបាលកម្ពុជា ក្នុងឆាកអន្តរជាតិ តាមនិន្នាការប្រឆាំង៖ «សំឡេង»។
នៅទំព័រចុងក្រោយរបស់របាយការណ៍បានបញ្ជាក់ថា របាយការណ៍នេះស្រាវជ្រាវនឹងសរសេរដោយនាយកប្រចាំតំបន់អាស៊ី នៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) និងក្រុមការងាររបស់លោក។ ក្នុងរបាយការណ៍ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនទៅសហគមអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសហប្រជាជាតិ ដើម្បីអនុវត្តជំរុញអោយមានការផ្លាស់ប្ដូរគាំទ្រដល់ពលរដ្ឋកម្ពុជា ដែលចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នីតិរដ្ឋបញ្ចប់អំពើពុករលួយ និងការរំលោភដីធ្លី មិនថា ក្នុងការដឹកនាំរបស់លោក ហ៊ុន សែន ឬក្នុងអាណត្តិដឹកនាំរបស់អ្នកផ្សេងឡើយ៕
Bagikan
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល៣០ឆ្នាំ
4/
5
Oleh
Unknown