ការចោទប្រកាន់នេះ លោក ប៉ែន សុវណ្ណ នឹងចូលទៅបំភ្លឺនៅស្ថានទូតអាមេរិកនៅរសៀលថ្ងៃនេះ។
តាម ពិត ទៅ រឿងរ៉ាវនេះ បានកើតឡើងតាំងពី៥ឆ្នាំមុនមកម្លេះ ពោលគឺ តាំងពីពេលដែលលោកប៉ែន សុវណ្ណ នៅជាមន្ត្រីរបស់គណបក្សសិទ្ធិមនុស្ស។ ក្នុងអំឡុងពេលនោះ គឺនៅឆ្នាំ២០១១ លោក ប៉ែន សុវណ្ណ បានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស ជាមួយនឹងជំនួយការរបស់លោកម្នាក់ឈ្មោះ សេង វណ្ណា។ ប៉ុន្តែនៅពេលវិលត្រលប់មកវិញ បុរសជាជំនួយការរបស់លោកប៉ែន សុវណ្ណនោះ មិនបានវិលត្រលប់មកជាមួយលោកវិញនោះទេ ដោយលើកមូលហេតុថា ត្រូវសំរាកព្យាបាលជម្ងឺ។
លោក សេង វណ្ណា បានបន្តរស់នៅ និងធ្វើការនៅលើទឹកដីអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ទើបតែពីរសប្តាហ៍មុននេះ លោកបានធ្វើដំណើរវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ខណៈដែលរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានដាក់ឈ្មោះរបស់លោក ប៉ែន សុវណ្ណ ទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ហាមមិនអោយចូលទឹកដីអាមេរិកតទៅទៀត។ លោក ប៉ែន សុវណ្ណ ត្រូវបានចោទប្រកាន់ថា បានជួញដូរមនុស្ស។
យ៉ាងណាក៍ដោយ ទាំងលោក ប៉ែន សុវណ្ណ និងទាំងលោក សេង វណ្ណា ដែលជាជំនួយការរបស់លោកនៅពេលនោះ នឹងចូលខ្លួនទៅបំភ្លឺនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១២មករានេះ ដើម្បីសុំអោយអាមេរិកដកឈ្មោះរបស់លោកចេញពីបញ្ជីខ្មៅនេះ។
គួរកត់សំគាល់ថា ដំណឹងនៃការដាក់ឈ្មោះរបស់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទស្សវត្សន៍ឆ្នាំ១៩៨១ ហើយដែលបច្ចុប្បន្នគឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ ទៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះ ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចែកផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃចន្ទទី១២មករានេះ។
ក្នុងនោះ ក៏មានភ្ជាប់ឈ្មោះរបស់លោក ថាច់ សេដ្ឋា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមខ្មែរកម្ពុជាក្រោមម្នាក់ទៀតដែរ។ ប៉ុន្តែលោកថាច់ សេដ្ឋា បានបដិសេធ និងថា មិនបានដឹងពីព័ត៌មាននេះទេ។
យោងតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្ស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០១៤ កម្ពុជាស្ថិតនៅលេខរៀងទី២ ជាកន្លែងឆ្លងកាត់ និងជាគោលដៅនៃការជួញដូរមនុស្ស។ ហើយកាលពីឆ្នាំ២០១៣ ក្រសួងការបរទេសអាមេរិក ក៏បានចាត់ទុកប្រទេសកម្ពុជានៅលំដាប់លេខរៀងទី២ ក្នុងការឃ្លាំមើលដូចគ្នានេះផងដែរ៕
Bagikan
អតីតនាយករដ្ឋមន្ត្រីខ្មែរលោក ប៉ែន សុវណ្ណ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក
4/
5
Oleh
Unknown