Dec 22, 2014

គណៈកម្មការ​ទី​២​សភា​រក​ឃើញ​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​អប្សរា

គណៈកម្មការ​ទី​២​សភា អង្គរវត្ត ៦២០
គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា បាន​ជួប​ប្រជុំ​រយៈពេល​ជាង ៤​ម៉ោង​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ទទួល​បន្ទុក​ការពារ ថែរក្សា​ប្រាសាទ​បូរាណ នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ធ្នូ។
​កិច្ច​ប្រជុំ​ដែល​បិទ​ទ្វារ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​និង​ថត​សំឡេង​ទាល់តែសោះ​គឺ​ដេញដោល​អំពី​ចំណូល​ដែល​លក់​សំបុត្រ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ និង​ភាព​មិន​ប្រក្រតី​ខ្លះ​ទៀត ពាក់ព័ន្ធ​នឹង​ការ​ជួល​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​រយៈពេល ៧០​ឆ្នាំ។

​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា គេ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ការ​កេង​បន្លំ​ប្រាក់​ចំណូល​ជាតិ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ជា​ច្រើន​ហិកតារ​ផ្សេង​ទៀត។

អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា គឺ​លោក សុន ឆ័យ។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​អប្សរា​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ធ្នូ ថា នៅ​ក្នុង​កិច្ចប្រជុំ គឺ​អាជ្ញាធរ​អប្សរា​បាន​យក​ឯកសារ​តួលេខ​អ្នក​ទេសចរ​បរទេស​ដែល​មក​ទស្សនា​អង្គរវត្ត ចំនួន ៤​ឆ្នាំ​មក​បង្ហាញ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​អាជ្ញាធរ​អប្សរា​បាន​យក​តួលេខ​អ្នក​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​អង្គរ​រយៈ ១០​ខែ ឆ្នាំ​២០១៤ មក​បង្ហាញ​ថា មាន​ចំនួន​យ៉ាង​ច្រើន ២​លាន​នាក់ ដោយ​ទទួល​បាន​ចំណូល ៥២​លាន​ដុល្លារ​អាមេរិក។

លោក សុន ឆ័យ បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​បាន​ទទួល​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ស្ដីពី​ចំនួន​ទេសចរណ៍​បរទេស​ចូល​ទស្សនា​អង្គរ ក៏ប៉ុន្តែ​លោក​នៅ​តែ​មិន​ជឿ​ចំពោះ​តួលេខ និង​ចំណូល​ទេសចរណ៍​ដែល​អះអាង​ដោយ​អាជ្ញាធរ​អប្សរា​នោះ​ទេ៖ «ចំណុច​ដែល​ត្រូវ​ពិនិត្យ​នោះ គឺ​ចំនួន​ជាក់ស្ដែង ព្រោះ​អ្វី​ដែល​គេ​ផ្ដល់​ឱ្យ​គឺ​មិន​មាន​ភស្តុតាង​បង្ហាញ​ថា ជា​ចំនួន​ពិតប្រាកដ​ទេ គ្រាន់តែ​តួលេខ ហើយ​តម្លៃ​សំបុត្រ​ភាគ​ច្រើន ២០-​៤០​ដុល្លារ​អី​ហ្នឹង​ក៏​សុទ្ធ​តែ​ជា​តួលេខ​ដែរ»។

​លោក សុន ឆ័យ អះអាង​ទៀត​ថា ក្រៅ​ពី​ភាព​មិន​ប្រក្រតី​នៃ​តួលេខ​ភ្ញៀវ​បរទេស​ដែល​ចូល​ទស្សនា​អង្គរ គឺ​នៅ​មាន​ភាព​មិន​ប្រក្រតី​មួយ​ទៀត ដោយសារ​អាជ្ញាធរ​អប្សរា​បាន​ជួល​ដី ២៣​ហិកតារ នៅ​ជិត​អង្គរ​ឃ្យុងយូរ ទៅ​ឱ្យ​ក្រុមហ៊ុន​សូគីម៉ិច សង់​រមណីយដ្ឋាន​ទេសចរណ៍ រយៈពេល ៧០​ឆ្នាំ។ ការ​ជួល​នោះ ក្នុង​តម្លៃ ៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ទើបតែ​បាន​ទទួល​លុយ​ជាង ៤​លាន​ដុល្លារ ហើយ​ប្រគល់​ជូន​រដ្ឋ​បានតែ ២​លាន​ដុល្លារ ចំណែក ២​លាន​ដុល្លារ​ទៀត​មិន​ដឹង​បាត់​ទៅ​ណា?

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​វិញ​ភ្លាមៗ ទៅ​នឹង​ការ​រិះគន់​របស់​សមាជិក​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​មក​ពី​បក្ស​ប្រឆាំង​នេះ។

​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ព្យាយាម​បង្ហាញ​តួលេខ​អ្នក​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរវត្ត​រយៈពេល ៤​ឆ្នាំ ជូន​គណៈកម្មការ​ទី​២​នៃ​រដ្ឋ​សភា​អស់​ហើយ។ លោក ប៊ុន ណារិទ្ធ ផ្ដល់​ឧទាហរណ៍​ថា កាល​ពី​ឆ្នាំ​២០១៣​ កន្លង​ទៅ ចំនួន​អ្នក​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា គឺ​ជាង ៤.២​លាន ក្នុង​នោះ​គឺ​មក​ខេត្ត​សៀមរាប ប្រហែល​ជាង ២​លាន​នាក់ ប៉ុន្តែ​ភ្ញៀវ​ដែល​មក​ទិញ​សំបុត្រ​ទស្សនា​អង្គរវត្ត​មែន​ទែន គឺ​ក្រោម​ចំនួន ២​លាន​នាក់​នោះ​ទៅ​ទៀត ដូច្នេះ​ចំនួន​នេះ​មិន​អាច​គុណ​ឃើញ​ចំណូល ១៦០​លាន​ដូច​ការ​អះអាង​របស់​សមាជិកសភា​នៃ​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក ប៊ុន ណារិទ្ធ ប្រតិកម្ម​ថា បើ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​មិន​ជឿ​លើ​តួលេខ​ដូច​លោក​អះអាង​នេះ គឺ​លោក​គ្មាន​តួលេខ​ណា​ផ្សេង​ទៀត​ទេ៖ «ដែល​លេខ​បំប៉ោង​ហ្នឹង​មក​ពី​យក​ចំនួន ៤​លាន​នាក់​ទៅ​គុណ។ លេខ​របស់​ខ្ញុំ​មិន​ពិត ឬ​ក៏​ពិត​យ៉ាង​ម៉េច អា​ហ្នឹង​ស្រួល​ទេ យក​ទៅ​គុណ​មើល​ទៅ ខ្ញុំ​មិន​មែន​ផលិត​លេខ​ខ្លួន​ឯង​ឯ​ណា គឺ​លេខ​ចេញ​ពី​ក្រសួង​ទេសចរណ៍»។

​ទោះ​យ៉ាង​ណា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ នៅ​តែ​យល់​ថា ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរ និង​ការ​ជួល​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ គឺ​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឱ្យ​បាត់​ចំណូល​ជាតិ​ធ្ងន់ធ្ងរ។

​លោក សុន ឆ័យ មិន​រំពឹង​ថា បញ្ហា​នេះ​អាច​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បាន​ក្នុង​នាម​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​មាន​សមាជិក​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ក៏ប៉ុន្តែ​រូប​លោក​ដែល​ជា​អ្នកតំណាងរាស្ត្រ​១​រូប នឹង​បន្ត​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​ថែម​ទៀត​មុន​នឹង​ទាមទារ​ឱ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ករណី​នេះ៕​

Bagikan

Jangan lewatkan

គណៈកម្មការ​ទី​២​សភា​រក​ឃើញ​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​អប្សរា
4/ 5
Oleh

Subscribe via email

Suka dengan artikel di atas? Tambahkan email Anda untuk berlangganan.